ព័ត៌មាន
អគ្គមេបញ្ជាការវាយតម្លៃខ្ពស់ចំពោះយោធិននារីគ្រប់រូបដែលបានរួមចំណែកក្នុងបុព្វហេតុការពារឯករាជ្យ សន្តិភាព និងបូរណភាពទឹកដី
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានវាយតម្លៃខ្ពស់ចំពោះយោធិននារីគ្រប់រូប ដែលកន្លងមកបានបំពេញបេសកកម្មប្រកបដោយភាពអំណត់ ព្យាយាម ពុះពារគ្រប់ឧបសគ្គ ដើម្បីរួមចំណែកក្នុងបុព្វហេតុការពារឯករាជ្យ សន្តិភាព បូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជន។
ការវាយតម្លៃបែបនេះ របស់ឯកឧត្តម អគ្គមេបញ្ជាការ ធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយយោធិននារី និងគ្រួសារយោធិនពលី មរណៈ យោធិនសោធននិវត្តន៍ ចំណុះអគ្គបញ្ជាការដ្ឋាន នាឱកាសអបអរខួបទី១១៥ ទិវាអន្តរជាតិនារី៨មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រីនិងគ្រួសារ» នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន។
បើតាមការលើកឡើងរបស់ ឯកឧត្តម អគ្គមេបញ្ជាការ កន្លងមកនេះយោធិននារីកម្ពុជា បានចូលរួមបំពេញបេសកកម្មថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ព្រមទាំងចូលរួមក្នុងវិស័យកីឡាទាំងថ្នាក់ជាតិ និងអន្តរជាតិ ការងារមនុស្សធម៌ និងការងារសង្គម សម្រេចបានលទ្ធផលគួរជាទីមោទនៈ។
ឯកឧត្តម អគ្គមេបញ្ជាការ បានកោតសរសើរចំពោះនារីកម្ពុជាទាំងអស់ ដែលបានលះបង់ប្ដីសី កូនចៅ ឱ្យចូលបម្រើក្នុងជួរកងទ័ព ជាពិសេស នារីខ្លួនឯងផ្ទាល់ក៏បានស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ពផងដែរ ដែលនេះសបញ្ជាក់ឲ្យឃើញនូវទឹកចិត្តស្នេហាជាតិ ប្រកបដោយឆន្ទះមោះមុត និងអង់អាចក្លាហាន។
«អតីតកាលឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ បង្រៀនឱ្យកម្ពុជាស្គាល់ពីតម្លៃសន្តិភាព ដែលមិនអាចកាត់ថ្លៃបាន។ សិទ្ធិមនុស្ស និងសិទ្ធស្ត្រីមិនអាចរីកចម្រើនបានឡើយ បើគ្មានសន្តិភាព។ ការអភិវឌ្ឍក៏មិនអាចធ្វើបាន បើគ្មានសន្តិភាព។ សន្តិភាពនៅកម្ពុជា មិនមែនកើតឡើងដោយចៃដន្យនោះទេ »។ នេះជាការលើកឡើងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន។
ឯកឧត្តម បានបន្តទៀតថា សន្តិភាពនៅកម្ពុជាកើតចេញពីនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ហើយរាជរដ្ឋាភិបាលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ ក្នុងនោះ វិស័យកិច្ចការនារីបានយកចិត្តទុកដាក់ខ្ពស់ការបញ្ជ្រាបយេនឌ័រ លុបបំបាត់ការរើសអើងចំពោះនារី សិទ្ធិនារីត្រូវបានលើកកម្ពស់។
ឯកឧត្តម អគ្គមេបញ្ជាការ បានផ្ដាំផ្ញើដល់យោធិននារីគ្រប់រូបបន្តពង្រឹងសាមគ្គីភាព រួមគ្នាថែរក្សាសន្តិភាព និងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួនប្រពៃណីល្អផូផង់របស់នារីខ្មែរ ព្រមទាំងលើកកម្ពស់តម្លៃស្ត្រី ខិតខំរៀនសូត្រលើកម្ពស់សមត្ថភាព ពង្រឹងសីលធម៌រស់នៅឲ្យបានសមស្របតាមការវិវត្តជឿនលឿនរបស់សង្គម៕








-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន5 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន2 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ