ព័ត៌មាន
រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយ និងយន្តការជាច្រើនជួយសម្រួលដល់គ្រួសារយុទ្ធជនពលី
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលី ខណៈថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាទាំងអស់ចងចាំជានិច្ចនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព វីរនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលបានបូជាអាយុជីវិតដើម្បីការពារបូរណភាពទឹកដី និងការពារសេចក្តីសុខជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប។
ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បញ្ជាក់សារជាថ្មីតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះក្រុមគ្រួសាររបសស់យុទ្ធជនពលី និងវីរកងទ័ព វីរនគរបាលជាតិ និងវីរកងរាជអាវុធហត្ថដែលកំពុងខិតខំការពារជាតិ បូរណភាពទឹកដី និងប្រជាជន។

ឯកឧត្តមបានថ្លែងថា ជាក់ស្ដែង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញប្រគល់ផ្ទះថ្មីជូនក្រុមគ្រួសារវីរកងទ័ពពលី នៅក្នុងមូលដ្ឋានខេត្តកំពង់ឆ្នាំង និងបាននាំអំណោយរបស់សម្តេចធិបតីនិងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ជូនដល់ក្រុមគ្រួសារនៃសពដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃផងដែរ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិតក៏បានអញ្ជើញគោរពវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីក្នុងសមរភូមិដើម្បីការពារបូរណភាពទឹកដី និងបានពាំនាំប្រសាសន៍ចូលរួមរំលែកមរណៈទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះក្រុមគ្រួសារសពផងដែរ។

ការប្រគល់ផ្ទះថ្មីនិងអំណោយសម្បុរសធម៌ជាច្រើន រួមទាំងការជួយជ្រោមជ្រែងជីវភាពគ្រួសារ និងកូនៗរបស់វីរយុទ្ធជនពលី គឺជាសកម្មភាពដ៏លេចធ្លោមួយដែលលោកជំទាវបណ្ឌិតតែងតែធ្វើជាបន្តបន្ទាប់នារយៈពេលចុងក្រោយនេះនៅក្នុងបណ្តាខេត្តនានាដែលស្តែងឱ្យឃើញពីការផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចបវរធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត លើគ្រួសារយុទ្ធជនពលីដែលបានលះបង់ជីវិតដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាពលរដ្ឋខ្មែរ។ សកម្មភាពនេះក៏សបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាទាំងអស់ចងចាំជានិច្ចនូវវីរភាពដ៏អង់អាចក្លាហានរបស់វីរកងទ័ព វីរនគរបាលជាតិ និងវីរកងរាជអាវុធហត្ថ ដែលបានបូជាអាយុជីវិតដើម្បីការពារបូរណភាពទឹកដី និងការពារសេចក្តីសុខជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប។

ឯកឧត្តមបន្តថា ជាការតបស្នងចំពោះការលះបង់ដ៏ថ្លៃថ្លានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់ចេញគោលនយោបាយ និងយន្តការជាច្រើនដើម្បីជួយសម្រួលដល់ក្រុមគ្រួសាររបស់យុទ្ធជនពលី ដូចជា៖ ការផ្តល់ជូនមុខរបរចិញ្ចឹមជីវិត ការស្រោចស្រង់សមាជិកគ្រួសារ ការផ្តល់អាហារូបករណ៍ដល់កូនៗឱ្យបានសិក្សារហូតដល់កម្រិតបរិញ្ញាបត្រ ការរៀបចំឥណទានសារជាថ្មី និងការដោះស្រាយបំណុលជូនវីរយុទ្ធជនក្នុងសមរភូមិ ថែមទាំងមានការគិតគូររហូតដល់ការបង្កើតជាមូលនិធិសម្រាប់ជួយទ្រទ្រង់ដល់ក្រុមគ្រួសារវីរយុទ្ធជនពលីថែមទៀតផង។
សម្រាប់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ការស្វះស្វែងរកបទឈប់បាញ់ និងការគោរព និងអនុវត្តបទឈប់បាញ់គឺជាការផ្តល់តម្លៃដល់ជីវិតមនុស្សពោលគឺជាការបញ្ចប់ការស្លាប់ ការរងរបួស និងការខូចខាតផ្សេងៗទៀតមកលើប្រជាពលរដ្ឋ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធសង្គម ហើយងាកមកដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការការទូតវិញ។ ជម្រើសសន្តិភាពនេះទទួលបានការសាទរនិងគាំទ្រយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ ទន្ទឹមនឹងនោះ ការតបស្នងសងគុណចំពោះគ្រួសារវីរយុទ្ធជនពលី គឺជាគុណធម៌ដ៏ប្រពៃរបស់ថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជាគ្រប់រូប ខណៈដែលរាជរដ្ឋាភិបាលកំពុងខិតខំដោះស្រាយបញ្ហាព្រំដែនយ៉ាងសកម្មដោយមធ្យោបាយសន្តិវិធីតាមរយៈយន្តការការទូត។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា។

អ្នកនាំពាក្យរាជរដ្ឋាភិបាលគូសបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន7 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន7 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ
-
ព័ត៌មាន2 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ