ព័ត៌មាន
ក្រសួងការងារទទួលអំណោយពីសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា សម្រាប់ចែកជូនជនភៀសសឹក និងកងទ័ពជួរមុខ
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមក្នុង ”ព្រឹត្តិការណ៍សប្បុរសធម៌ សម្រាប់ជួយដល់ជនរងគ្រោះកម្ពុជានៅតាមព្រំដែន” របស់សមាគមធុរកិច្ចកូរ៉េនៅកម្ពុជា សម្រាប់ផ្តល់ជាអំណោយជូនដល់ជនភៀសសឹក និងវីរកងទ័ពជួរមុខ កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា បើទោះបីជាបទឈប់បាញ់ រវាងកម្ពុជា និងថៃ បានចូលជាធរមានយ៉ាងណាក៏ដោយ ក៏នៅមានជនភៀសសឹករាប់ម៉ឺននាក់ ដែលរួមមានទាំងស្រ្តី និងកុមារផងដែរ នៅពុំទាន់អាចវិលទៅលំនៅឋានវិញនៅឡើយ។ ហេតុនេះ ការឧបត្ថម្ភជាថវិកា ជាសម្ភារ និងគ្រឿងឧបភោគបរិភោគជូនដល់ជនរងគ្រោះពីជម្លោះព្រំដែន ជាពិសេសការបរិច្ចាគឈាមនាពេលនេះរបស់សមាគម គឺមិនទាន់យឺតពេលនោះទេ គឺចំពេលតែម្តង ដែលនេះបានបង្ហាញយ៉ាងច្បាស់ពីមនោសញ្ចេតនា ក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅ និងការយកចិត្តទុកដាក់ដល់បងប្អូនដែលកំពុងបន្តរងទុក្ខលំបាកពីការឈ្លានពានរបស់យោធាថៃ។ លើសពីនេះ ទឹកចិត្តសប្បុរសនេះ ក៏ជាសាក្សីថ្មីមួយទៀតបញ្ជាក់ថា ការរាប់អានគ្នានៃប្រជាជាតិទាំងពីរពិតជាមានតម្លៃជ្រាលជ្រៅមិនអាចកាត់ថ្លែបានផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តី ជឿជាក់ថា បងប្អូនជនភៀសសឹក និងវីរកងទ័ព ពិតជាសប្បាយរីករាយចំពោះអំណោយសប្បុរសនេះ ហើយក្នុងនាមរាជរដ្ឋាភិបាល និងក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏ដូចជាក្នុងនាមជាពលរដ្ឋខ្មែរមួយរូប ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏ប្រពៃ និងក្តីស្រឡាញ់ដោយស្មោះរបស់សមាជិកសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា ព្រមទាំងសប្បុរសជន ដែលបន្តចូលរួមក្នុងសកម្មភាពសប្បុរសធម៌ជួយដល់ជនរងគ្រោះនៅសមរភូមិមុខ ដែលបញ្ជាក់ឱ្យឃើញថា ក្រៅពី “ស្មារតីខ្មែរជួយខ្មែរ” កម្ពុជាក៏មាន ស្មារតីបងប្អូនកូរ៉េជួយបងប្អូនខ្មែរផងដែរ ដែល “ឈរនៅជាមួយកម្ពុជា”។
លោក អ៊ីម អ៊ូថេក (Lim Woo-taek) អនុប្រធានសមាគមធុរកិច្ចកូរ៉េនៅកម្ពុជា បានលើកឡើងថា សមាគមមិនអាចមើលរំលងទុក្ខលំបាកបងប្អូនជនភៀសសឹកបាននោះទេ ទើបរៀបចំសកម្មភាពសប្បុរសធម៌នេះសម្រាប់ផ្តល់ជាអំណោយចាំបាច់មួយចំនួនជួយសម្រាលទុក្ខលំបាកក្នុងជីវភាពប្រចាំថ្ងៃ។ លោកសង្ឃឹមយ៉ាងមុតមាំថា ដួងចិត្តសប្បុរសដែលប្រមូលផ្តុំនេះ នឹងក្លាយជាសារបញ្ជូនទៅកាន់ជនភៀសសឹកថា “បងប្អូនមិនឯកាទេ ប្រជាជនកូរ៉េនៅទីនេះនឹងគាំទ្រ និងឈរនៅជាមួយអ្នកទាំងអស់គ្នា”។ ការចែករំលែកនេះ នឹងក្លាយជាគ្រឿងលើកទឹកចិត្តដល់បងប្អូនដែលកំពុងរងទុក្ខឱ្យក្រោកឈរឡើងវិញ ហើយលោកសង្ឃឹមថាសកម្មភាពនេះនឹងក្លាយជាស្ពាននៃមិត្តភាព និងភាពជឿជាក់រវាងប្រជាជន និងប្រទេសទាំងពីរបន្ថែមទៀតផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី


-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន5 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន2 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ