ព័ត៌មាន
ក្រសួងអប់រំ និងក្រសួងការងារ ជំរុញការវិនិយោគលើការរៀបចំទារកដ្ឋាន ដើម្បីគាំពារ និងអភិវឌ្ឍកុមារតូចនៅកម្ពុជា
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ ណូវ៉ូតែល ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាគណៈអធិបតី និងថ្លែងសុន្ទរកថាក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិ ស្តីពីការលើកកម្ពស់ការគ្រប់គ្រងទារកដ្ឋាន ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈកម្មាធិការជាតិគាំពារនិងអភិវឌ្ឍកុមារតូច។
សិក្ខាសាលាថ្នាក់ជាតិនេះរៀបចំឡើងក្នុងគោលបំណងស្វែងរកការគាំទ្រ និងជំរុញការវិនិយោគលើការបង្កើតទារកដ្ឋានប្រកបដោយស្តង់ដានៅតាមសហគមន៍ សហគ្រាស និងទារកដ្ឋានឯកជន ព្រមទាំងចែករំលែកចំណេះដឹងពីការពង្រឹងការគាំពារ និងអភិវឌ្ឍកុមារតូច។
នៅក្នុងអង្គសិក្ខាសាលាដែលមានអ្នកចូលរួមជាង ២០០រូប មកពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន មានអាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានមានប្រសាសន៍ថា ការយកចិត្តទុកដាក់លើការពង្រឹងយន្តការគ្រប់គ្រងទារកដ្ឋាន គឺជាសមិទ្ធផលថ្មីមួយទៀតដែលឆ្លុះបញ្ចាំងពីការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅផ្តល់អត្ថប្រយោជន៍ផ្ទាល់ដល់កុមារតូច ដែលជាអ្នកបន្តវេនដ៏មានសក្តានុពល។
ឯកឧត្ដមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ការផ្តល់សេវាទារកដ្ឋានក្នុងយុគសម័យទំនើប មិនមែនគ្រាន់តែជាការមើលថែទាំកុមារធម្មតាប៉ុណ្ណោះទេ ប៉ុន្តែវាជាប្រព័ន្ធផ្តល់សេវាអប់រំក្នុងដំណាក់កាលដំបូងនៃជីវិត ដែលរួមបញ្ចូលនូវបំណិនគ្រប់ជ្រុងជ្រោយ តាមរយៈការរៀនសូត្រដោយការលេង ការអប់រំសង្គមនិងអារម្មណ៍ ព្រមទាំងការផ្តល់សេវាប្រកបដោយសុវត្ថិភាព សុខភាព អាហារូបត្ថម្ភ និងអនាម័យ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា ការជំរុញការយល់ដឹងដល់ភាគីពាក់ព័ន្ធ និយោជក និងអ្នករៀបចំដំណើរការទារកដ្ឋាន អំពីយន្តការគ្រប់គ្រងទារកដ្ឋានប្រកបដោយប្រសិទ្ធភាព គឺពិតជាមានសារៈសំខាន់បំផុត។ ឯកឧត្តមបានលើកឡើងពីទស្សនវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី នាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះស្ត្រី ជាពិសេសបងប្អូនកម្មការិនី តាមរយៈការដាក់ចេញនូវវិធានការ និងគោលនយោបាយលើកកម្ពស់សុខភាព ជីវភាព និងការគាំពារកុមារតូច។ ជាក់ស្តែង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងអនុវត្តការផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលជូនកម្មការិនីមានផ្ទៃពោះ (សមាជិក ប.ស.ស.) ចំនួន៣ដំណាក់កាល ដើម្បីធានាថាម្តាយនិងទារកមានសុខភាពល្អ និងលូតលាស់បានពេញលេញ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើការការពារសិទ្ធិស្ត្រីនៅកន្លែងធ្វើការ ឈរលើគោលការណ៍មិនរើសអើង ដូចជាការធានាការឈប់សម្រាកលំហែមាតុភាព ការអនុញ្ញាតឱ្យស្ត្រីមានផ្ទៃពោះចាប់ពី៣ខែឡើងទៅអាចចេញធ្វើការមុនម៉ោង ការរក្សាអតីតភាពការងារ និងការហាមឃាត់ដាច់ខាតនូវការបញ្ឈប់កម្មការិនីដោយសារការមានផ្ទៃពោះ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចពីវឌ្ឍនភាពនៃការរៀបចំទារកដ្ឋាននៅតាមរោងចក្រ ដូចជាករណីរោងចក្រ ម៉ាវ៉ល ហ្កាមិន (Marvel Garment) កាលពីឆ្នាំ២០២៥ និងបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រសួង ក្នុងការបន្តជំរុញ និងលើកទឹកចិត្តឱ្យរោងចក្រ សហគ្រាស រៀបចំ ឬគាំទ្រដល់ការផ្តល់សេវាទារកដ្ឋានសម្រាប់កូនកម្មករនិយោជិតបន្ថែមទៀត អាស្រ័យតាមជម្រើសនិងតម្រូវការជាក់ស្ដែង។
ជាទីបញ្ចប់ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន និងឯកឧត្តម ហេង សួរ បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តកិច្ចសហការ និងបង្កើនការវិនិយោគលើកុមារតូច តាមរយៈការរៀបចំទារកដ្ឋានប្រកបដោយស្តង់ដា ដើម្បីពង្រីកសេវាថែទាំ និងផ្តល់ឱកាសរៀនសូត្រក្នុងវ័យដំបូងដល់ទារកនិងកុមារតូច ប្រកបដោយសមធម៌ និងបរិយាបន្ន៕









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន24 hours agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ