ព័ត៌មាន
ឥស្សរជនជាន់ខ្ពស់ និងអ្នកជំនាញជាច្រើនធ្វើបទបង្ហាញយ៉ាងផុសផុលក្នុងសិក្ខាសាលាសភាស្តីពី «ភាពធន់ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា»
វិមានរដ្ឋសភា៖ អង្គសិក្ខាសាលាស្តីពី «ភាពធន់ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា» បានប្រព្រឹត្តទៅយ៉ាងផុសផុល ជាមួយការធ្វើបទបង្ហាញ ស៊ីជម្រៅពីសំណាក់ឥស្សរជនជាន់ខ្ពស់ និងអ្នកជំនាញមកពីស្ថាប័នគន្លឹះៗរបស់រាជរដ្ឋាភិបាល ដើម្បីតម្រង់ទិសដៅកម្ពុជាឆ្ពោះទៅរកសេដ្ឋកិច្ចឌីជីថល និងការកសាងភាពធន់ជាតិ។
ក្នុងឱកាសនោះ ឯកឧត្តម កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការក្រសួងពាណិជ្ជកម្ម បានរំលេចនូវយុទ្ធសាស្ត្រពង្រឹងភាពធន់ពាណិជ្ជកម្មកម្ពុជា តាមរយៈការអនុវត្តគោលការណ៍ «ពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី»។ ឯកឧត្តមបានសង្កត់ធ្ងន់លើការទាញយកអត្ថប្រយោជន៍ជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) និងការធ្វើពិពិធកម្មទីផ្សារនាំចេញ ដើម្បីកាត់បន្ថយការពឹងផ្អែក និងបង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជាលើឆាកអន្តរជាតិ។
ដោយឡែក លើវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងពីភាពចាំបាច់នៃការផ្លាស់ប្តូររចនា សម្ព័ន្ធឧស្សាហកម្មកម្ពុជា ទៅជាឧស្សាហកម្មដែលផ្អែកលើជំនាញ និងបច្ចេកវិទ្យា។ ឯកឧត្តមបានផ្តល់អាទិភាពខ្ពស់លើការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម (MSMEs) ការបង្កើនផលិតភាពតាមរយៈនវានុវត្តន៍ និងការរៀបចំប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ ដើម្បីគាំទ្រដល់ការរីកចម្រើននៃវិស័យសិប្បកម្ម និងឧស្សាហកម្មទំនើប។
ពាក់ព័ន្ធនឹងបរិវត្តកម្មឌីជីថល ឯកឧត្តម ជា សេរីវឌ្ឍ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មា ធិការរដ្ឋាភិបាលឌីជីថល បានបង្ហាញពីចក្ខុវិស័យដ៏មហិច្ឆតានៃ «រដ្ឋាភិបាលមិនប្រើក្រដាស» និងការជំរុញសេវាសាធារណៈឌីជីថលឱ្យកាន់តែជិតកៀកនឹងប្រជាពលរដ្ឋ។ ឯកឧត្តមបានផ្ដោតសំខាន់លើអភិបាលកិច្ចបញ្ញាសិប្បនិម្មិត AI ដោយបញ្ជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យា AI ត្រូវតែឈរលើគោលការណ៍ទទួលខុសត្រូវ ធានាសុវត្ថិភាពទិន្នន័យ និងបម្រើឱ្យផលប្រយោជន៍រួមរបស់មនុស្សជាតិ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអ្នកច្បាប់ បានធ្វើបទបង្ហាញស្តីពី «សុខដុមនីយកម្មច្បាប់ និងគោលនយោបាយ»។ ឯកឧត្តមបានពន្យល់ពីសារៈសំខាន់នៃកំណែទម្រង់រដ្ឋបាលសាធារណៈ និងការធ្វើសមស្របកម្មនៃបទប្បញ្ញត្តិច្បាប់នានា ដើម្បីសម្រួលដល់ការវិនិយោគ និងពាណិជ្ជកម្ម ដែលជាគ្រឹះដ៏រឹងមាំក្នុងការធានានូវយុត្តិធម៌សង្គម និងតម្លាភាពក្នុងកិច្ចការអភិវឌ្ឍន៍សេដ្ឋកិច្ច។
អង្គសិក្ខាសាលាបានបិទបញ្ចប់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា ដែលបានវាយតម្លៃខ្ពស់ចំពោះបទបង្ហាញដ៏មានខ្លឹមសារទាំងនេះ ដោយចាត់ទុកថាជាធាតុចូលដ៏សំខាន់សម្រាប់អង្គនីតិប្បញ្ញត្តិ ក្នុងការតាក់តែងច្បាប់ដើម្បីឆ្លើយតបនឹងការវិវត្តនៃសកលលោក និងតម្រូវការជាក់ស្តែងរបស់កម្ពុជា៕






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច