ព័ត៌មាន
NOCC ពិចារណាផែនការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ថ្មី នៅកោះរ៉ុង
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បាននឹងកំពុងពិចារណាផែនការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងថ្មីមួយ នៅកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីពង្រីក និងផ្សព្វផ្សាយសក្ដានុពេលទេសចរណ៍តំបន់កោះដ៏ស្រស់ស្អាតមួយនេះ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបង្ហើប កាលពីថ្មីៗថា បន្ទាប់ពីរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅខេត្តព្រះសីហនុ នាថ្ងៃទី២២ ខែមីនាខាងមុខ ឯកឧត្តម និងដឹកនាំក្រុមការងារជំនាញ ទៅពិនិត្យស្ថានភាពផ្លូវ នៅកោះរ៉ុង ក្រោមកិច្ចសហការ និងសម្របសម្រួលពីរដ្ឋបាលខេត្ត។
ឯកឧត្តមបន្ដថា ជាការពិតការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ ពិសេសកម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុង និងម៉ារ៉ាតុង សុទ្ធតែផ្ដល់នូវផលចំណាយច្រើន ក្នុងការផ្សាភ្ជាប់គោលដៅទេសចរណ៍នានា ប៉ុន្ដែសម្រាប់គម្រោងរៀបចំព្រឹត្តិការណ៍រត់ប្រណាំង នៅកោះរ៉ុង ក្នុងនាមគណៈកម្មការជំនាញ ចាំបាច់ត្រូវសិក្សាឲ្យបានល្អិតល្អន់ ជាពិសេសមធ្យោបាយធ្វើដំណើរពីដីគោក ទៅកោះ និងស្នាក់នៅជាដើម។
យ៉ាងណាមិញឯកឧត្តមទទួលស្គាល់ថា កោះរ៉ុងពិតជាមានសក្ដានុពល និងហេដ្ឋារចនាសម្ព័ន្ធល្អ ដែលអាចរៀបចំកម្មវិធីរត់ប្រណាំងបាន ដូចដែលរដ្ឋបាលខេត្តធ្លាប់បានរៀបចំសាកល្បងម្ដងរួចមកហើយ ដោយបានទាក់ទាញអ្នកចូលរួមជាង ១ពាន់នាក់ ។ គួរផ្សំមានភ្ញៀវទេសចរបរទេសរស់នៅកោះរ៉ុងច្រើនផង ឯកឧត្តមថា ប្រសិនបើការត្រួតពិនិត្យទៅរលូន ហើយអាចរៀបចំព្រឹត្តិការណ៍នេះ នឹងអាចទាក់ទាញអ្នកចូលរួមកាន់តែច្រើនថែមទៀត ដែលទាមទារឲ្យគណៈកម្មការរៀបចំ ត្រូវផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព នៃការធ្វើដំណើរ។
គួរដឹងថា ចំពោះមុខនាពេលឆាប់ៗខាងមុខ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយមានកិច្ចសហការពីរដ្ឋបាលខេត្តព្រះសីហនុ នឹងរៀបចំទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុង លើកទី១១ នៅឆ្នេរអូឈើទា ជាមួយការពង្រីកតម្រាយផ្លូវតាមឆ្នេរកាន់តែវែង ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកចូលរួម ហើយទៅថ្ងៃអនាគត គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏មានគម្រោងពង្រីកព្រឹត្តិការណ៍នេះ ទៅជាព្រឹត្តិការណ៍ម៉ារ៉ាតុង ចម្ងាយ ៤២គីឡូម៉ែត្រទៀតផង៕ អត្ថបទ លី ឈុនឡា


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច