ព័ត៌មាន
អនុប្រធានទី២ព្រឹទ្ធសភា៖ កម្ពុជាបោះជំហានកាន់តែរឹងមាំក្នុងការកសាងភាពធន់ជាតិ និងអធិបតេយ្យសេដ្ឋកិច្ច តាមរយៈការជំរុញវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
សិក្ខាសាលាដ៏មានសារៈសំខាន់ស្តីពី «ការពង្រឹងភាពធន់ជាតិ និងកាលានុវត្តភាពនៃយុទ្ធសាស្ត្រវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ ឧស្សាហកម្ម និងពាណិជ្ជកម្មកម្ពុជា»ដែលសហការរៀបចំរវាងសភានិងរាជរដ្ឋាភិបាល បានបិទបញ្ចប់ដោយជោគជ័យ កាលពី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា បន្ទាប់ពីរៀបចំប្រារព្ធពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃដដែលក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជណាចក្រកម្ពុជា។ អង្គសិក្ខាសាលាទាំងមូលបានបង្ហាញពីឆន្ទៈមោះមុត និងឯកភាពគ្នាជាធ្លុងមួយ ក្នុងការចាត់ទុកវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាកម្លាំងចលករមិនអាចខ្វះបាន ដើម្បីរក្សាលំនឹងសេដ្ឋកិច្ចជាតិ និងការកសាងអធិបតេយ្យនៃសេដ្ឋកិច្ច ក្នុងកាលៈទេសៈដែលពិភពលោកកំពុងជួបប្រទះនូវភាពមិនច្បាស់លាស់ ។
លទ្ធផលជាផ្លែផ្កានៃអង្គសិក្ខាសាលាបានគូសបញ្ជាក់ថា ភាពធន់របស់ជាតិទាមទារឱ្យមានវិន័យ ការបត់បែន និងចក្ខុវិស័យវែងឆ្ងាយ ដែលក្នុងនោះការជំរុញចលនាជាតិ «គាំទ្រផលិតផលខ្មែរ» គឺជាយុទ្ធសាស្ត្រគន្លឹះក្នុងការកសាងភាពម្ចាស់ការលើសេដ្ឋកិច្ច និងកាត់បន្ថយហានិភ័យនៃការពឹងផ្អែកលើបរទេស ។ ជាមួយគ្នានេះ ការអភិវឌ្ឍធនធានមនុស្សតាមរយៈការអប់រំ STEM និងការបង្កើនក្រមសីលធម៌ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI) ត្រូវបានដាក់ចេញជាអាទិភាពជាតិ ដើម្បីធានាថាបច្ចេកវិទ្យានឹងបម្រើដល់ការអភិវឌ្ឍរបស់មនុស្សជាតិប្រកបដោយចីរភាព ។ ការបន្ស៊ីគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ក្នុងការរៀបចំក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិដែលគាំទ្រដល់នវានុវត្តន៍ ក៏ជាចំណុចជោគជ័យដ៏សំខាន់ដែលអង្គសិក្ខាសាលាសម្រេចបាន ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ។
ថ្លែងក្នុងពិធីបិទអង្គសិក្ខាសាលា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានវាយតម្លៃខ្ពស់ចំពោះស្មារតី «គិតរួមគ្នា និងធ្វើរួមគ្នា» ដែលជាកម្លាំងសាមគ្គីភាពជាតិដ៏រឹងមាំក្នុងការជម្នះរាល់បញ្ហាប្រឈម និងហានិភ័យទាំងឡាយ ។ ឯកឧត្តមអនុប្រធានទី២ ក៏បានលើកទឹកចិត្តដល់សមាជិកព្រឹទ្ធសភា និងរដ្ឋសភា ឱ្យបន្តយកចិត្តទុកដាក់តាមដានរាល់កិច្ចការទាំងពួងដែលជាប្រយោជន៍ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសការជំរុញឱ្យស្មារតីនៃអង្គសិក្ខាសាលានេះក្លាយជាសកម្មភាពជាក់ស្តែង ក្នុងការកសាងសេដ្ឋកិច្ចកម្ពុជាមួយដែលរឹងមាំ មានភាពធន់ និងមានអធិបតេយ្យពេញលេញផងដែរ៕



-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន6 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន6 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ