ព័ត៌មាន
ទូតកម្ពុជាប្រចាំកូរ៉េខាងត្បូង ទទួលជំនួយឱសថពីសប្បុរសជនកូរ៉េ ដើម្បីជួយកងទ័ពជួរមុខ និងជនភៀសសឹក
ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ បានទទួលជួបសំណេះសំណាលសម្តែងការគួរសម ជាមួយលោក Choongwhan NOH អគ្គនាយកក្រុមហ៊ុន Korean BL Pharm. Co., LTD រួមជាមួយលោកសាស្ត្រាចារ្យបណ្ឌិត Hyun-Chang, YU ប្រធានមូលនិធិ KNUCF (Korean National Unification Cultural Foundation និងលោក LEE Eui Taek ព្រមទាំងបានរៀបចំពិធីប្រគល់-ទទួលជានិមិត្តរូប នូវជំនួយឱសថ របស់ក្រុមហ៊ុន Yungjin Pharm. Co., Ltd និងក្រុមហ៊ុន Korean BL Pharm. Co.,Ltd ដើម្បីផ្តល់ជូនដល់កងទ័ពជួរមុខ និងជនភៀសសឹក ដែលរងការប៉ះពាល់ដោយសារសង្គ្រាមនៅតាមបណ្តោយព្រំដែនកម្ពុជា និងថៃ តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចាត់ចែងបន្ត។
នៅក្នុងជំនួបនោះ លោកអគ្គនាយក NOH បានបញ្ជាក់ថា នេះគឺជាលើកទី៥ ហើយ ដែលក្រុមហ៊ុនរបស់លោក និងក្រុមការងារ បានសម្របសម្រួលក្នុងការស្វែងរកជំនួយ និងបានផ្តល់ជូនជំនួយឱសថជាច្រើនទៅប្រទេសកម្ពុជា ហើយលោកនឹងបន្តខិតខំស្វែងរកនូវឱសថល្អៗបន្ថែមទៀត ដើម្បីផ្តល់ជូនដល់ប្រជាជនកម្ពុជានៅពេលខាងមុខ។
លោកឯកអគ្គរាជទូត បានសម្តែងនូវការពេញចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះក្រុមហ៊ុន និងក្រុមការងារ ដែលជានិច្ចកាលតែងតែប្រឹងប្រែងយ៉ាងសកម្ម ក្នុងការស្វែងរកនូវជំនួយផ្សេងៗ ជាពិសេសឱសថ ដើម្បីផ្តល់ជូនទៅប្រទេសកម្ពុជា។
ក្នុងនោះផងដែរ ឯកឧត្តមឯកអគ្គរាជទូត បានលើកទឹកចិត្តដល់អគ្គនាយក សូមសិក្សាលទ្ធភាព និងស្វែងរកនូវឱកាសសមរម្យ ដែលក្រុមហ៊ុនអាចធ្វើការវិនិយោគដោយផ្ទាល់ នៅប្រទេសកម្ពុជា ក្នុងវិស័យឱសថ និងសហគ្រាសផលិតឱសថ។
ជាមួយនោះឯកឧត្តម បានអញ្ជើញ លោកអគ្គនាយក ទៅទស្សនកិច្ចដោយផ្ទាល់នៅប្រទេសកម្ពុជា ដើម្បីស្វែងយល់ និងសិក្សាបន្ថែម អំពីសក្តានុពលវិនិយោគ និងស្ថានភាពជាក់ស្តែងនៅទីនោះ ខណៈស្ថានទូត បានត្រៀមខ្លួនជាស្រេច ក្នុងការជួយសម្របសម្រួល ជាមួយស្ថាប័នពាក់ព័ន្ធ ក៏ដូចជាដៃគូរក្នុងស្រុកដែលមានសក្តានុពល នៅក្នុងវិស័យឱសថ ប្រសិនបើក្រុមហ៊ុនមានតម្រូវការ។
លោកអគ្គនាយកក្រុមហ៊ុន មានសេចក្តីរីករាយ ព្រមទាំងបានប្តេជ្ញាចិត្តក្នុងការបន្តជួយគាំទ្រដល់ កម្ពុជា និងបានបញ្ជាក់ថា លោកនឹងអញ្ជើញទៅប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ តបតាមការអញ្ជើញរបស់លោកទូត។ លោកអគ្គនាយក បានគោរពអញ្ជើញ ឯកអគ្គរាជទូត ទៅទស្សនកិច្ចក្រុមហ៊ុនរបស់លោកផងដែរ ក្នុងឱកាសសមស្របណាមួយ ដើម្បីបង្កើននូវភាពស្និតស្នាល និងពង្រីកកិច្ចសហការឲ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ៕ អត្ថបទបាន សុខរិទ្ធិ





-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន5 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន1 week agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន2 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ