ព័ត៌មាន
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ៖ រាជរដ្ឋាភិបាលកំពុងការពារអធិបតេយ្យ បូរណភាពដែនដី និងអាយុជីវិតប្រជាពលរដ្ឋយ៉ាងម៉ឺងម៉ាត់ តាមរយៈយុទ្ធសាស្រ្ត «ស្ងាត់តែមិនស្ងៀម»
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងជាប្រធានក្រុមចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល បានជម្រាបដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទាំងអស់ អំពីកិច្ចខិតខំយ៉ាងខ្លំាងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិ ដែលបាននិងកំពុងប្រើប្រាស់យុទ្ធសាស្រ្ត «ស្ងាត់តែមិនស្ងៀម » ដើម្បីតតាំងនឹងការឈ្លានពាន និងការគំរាមកំហែងពីខាងក្រៅ ក្នុងគោលបំណងការពារអធិបតេយ្យ បូរណភាពដែនដី និងសុវត្ថិភាព ជូនប្រជាពលរដ្ឋកម្ពុជា។
ការលើកឡើងនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញជួបសំណេះសំណាល និងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក អង្គស្នួល ខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៦ ដែលមានអ្នកចូលរួម ជាង៥០០នាក់។
សម្តេចរដ្ឋសភាធិបតីបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាបិតាសន្តិភាពនៅកម្ពុជា ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការទប់ស្កាត់ និងដោះស្រាយបញ្ហាឈ្លានពានរបស់ប្រទេសថៃ តាមរយៈយន្តការការទូតសន្តិភាពស្របតាមច្បាប់ជាតិ និងអន្តរជាតិ។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី បានតម្កល់បូរណភាពដែនដី និងអាយុជីវិតប្រជាពលរដ្ឋជាអាទិភាពខ្ពស់បំផុត ដោយប្រកាន់ខ្ជាប់នូវគោលការណ៍អត់ធ្មត់ និងការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈយន្តការច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងយន្តការទ្វេភាគី។
សម្តេចរដ្ឋសភាធិបតីបានបន្ថែមថា ការប្រើប្រាស់វិធីសាស្រ្តនេះ បានរួមចំណែកក្នុងការកាត់បន្ថយភាពតានតឹង និងជួយការពារជីវិតប្រជាពលរដ្ឋជាច្រើន។ ជាក់ស្តែង ប្រជាពលរដ្ឋជាង ៦០ម៉ឺននាក់ អាចវិល ត្រឡប់ទៅកាន់គេហដ្ឋាន និងបន្តជីវភាពរស់នៅធម្មតាវិញបាន ខណៈដែលជនភៀសសឹកប្រមាណជាង ៥ម៉ឺននាក់ ក៏កំពុងទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ហើយសង្ឃឹមថាពួកគាត់នឹងអាចវិលត្រឡប់ទៅកាន់ភូមិឋានរបស់ខ្លួនវិញក្នុងពេលឆាប់ៗនេះ។
ក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា ក៏បាននាំយកនូវការផ្ដាំផ្ញើរសួរសុខទុក្ខ និងការគិតគូរខ្ពស់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះប្រជាពលរដ្ឋទាំងអស់ ផងដែរ។
សម្តេចប្រធានក្រុមចលនាស្ត្រី នៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល បានលើកឡើងពីសកម្មភាពការទូតរបស់កម្ពុជា ក្នុងការរួមចំណែករក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងពិភពលោក។ ជាក់ស្តែង កម្ពុជាបានចូលជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) តាមការអញ្ជើញរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump កាលពីខែមករា ឆ្នាំ២០២៦ ប្រកបដោយជោគជ័យ និងជាមោទនភាពរបស់កម្ពុជា។ ក្នុងបេសកកម្មការទូតជាប្រវត្តិសាស្រ្តនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំ និងមានជំនួបការទូតជាមួយថ្នាក់ដឹកនាំអន្តរជាតិជាច្រើន ព្រមទាំងផ្តល់បទសម្ភាសជាមួយសារព័ត៌មានអន្តរជាតិល្បីៗ ដូចជា Reuters និង Fox News ដើម្បីបង្ហាញពីជំហររបស់កម្ពុជា និងលាតត្រដាងអំពីការរំលោភអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាពីសំណាក់ប្រទេសថៃ ដល់អន្តរជាតិបានដឹងផងដែរ។
ជាមួយគ្នានេះ អង្គពិធីក៏បានអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ដែលទើបតែកន្លងផុតទៅថ្មីៗនេះ។ សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសង្គម និងការលើកកម្ពស់សិទ្ធិស្ត្រី។ បើគ្មានសន្តិភាពទេ ក៏មិនអាចមានការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍប្រកបដោយចីរភាពបានឡើយ។
កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រដឹកនាំរបស់គណបក្ស ចាប់តាំងពីសម្តេចតេជោ ហ៊ុន សែន រហូតដល់សម័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បច្ចុប្បន្ននេះ បានបន្តការលើកកម្ពស់សិទ្ធិស្ត្រី និងផ្តល់ភាពអង់អាចដល់ស្ត្រី ឱ្យមានឱកាសចូលរួមជាអ្នកធ្វើសេចក្ដីសម្រេចចិត្តក្នុងការងារផ្សេងៗ ទាំងក្នុងកម្រិតការងារដឹកនាំ និងការងារសង្គម។
រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដោយចាត់ទុកស្ត្រីជាឆ្អឹងខ្នងនៃសង្គម និងសេដ្ឋកិច្ចជាតិ។ ស្ត្រីត្រូវបានលើកទឹកចិត្តតាមរយៈការដាក់ចេញនូវពាក្យស្លោក ជួយស្ត្រីដូចជាខ្លួនឯង ហើយពិភពលោកនឹងកាន់តែស្រស់បំព្រង សុវត្ថិភាព និងកក់ក្តៅ ប្រសិនបើមានស្ត្រីជាអ្នកដឹកនាំកាន់តែច្រើន។
-
ព័ត៌មាន6 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ