ព័ត៌មាន
សប្តាហ៍នេះ ក្រសួងការងារនាំយកឱកាសការងារជាង៨ម៉ឺនកន្លែង ទៅផ្សព្វផ្សាយនៅបាត់ដំបង និងបន្ទាយមានជ័យ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៤ និង១៥ ខែមីនា ឆ្នាំ២០២៦នេះបន្តបើកយុទ្ធនាការចុះផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដែលនាំយកឱកាសការងារចំនួនជាង ៨ម៉ឺនកន្លែង ទៅផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃ។
ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្រាប់ថ្ងៃទី១៤ ខែមីនានេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល នៅខេត្តបន្ទាយមានជ័យ នឹងរៀបចំកម្មវិធីនៅស្រុកអូរជ្រៅ ស្ថិតក្នុងបរិវេណសាលាស្រុកអូរជ្រៅ។ និង នៅខេត្តបាត់ដំបង នឹងរៀបចំនៅស្រុកសំពៅលូន ស្ថិតនៅបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យកូនភ្នំ ៣២។
ក្រសួងការងារ បានឱ្យដឹងទៀតថា ដោយឡែក សម្រាប់ថ្ងៃទី១៥ ខែមីនា នឹងរៀបចំនេះដូចគ្នា ក្នុងនោះ ខេត្តបន្ទាយមានជ័យ នឹងធ្វើឡើងក្នុងស្រុកស្វាយចេក ស្ថិតនៅបរិវេណសាលាស្រុកស្វាយចេក។ និងខេត្តបាត់ដំបង នឹងរៀបចំក្នុងស្រុកថ្មគោល ស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាភូមិថ្មី និងអនុវិទ្យាល័យបន្សាយត្រែង។
ពាក់ព័ន្ធការរៀបចំព្រឹត្តការណ៍នេះ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ន តម្រូវការជ្រើសរើសកម្លាំងពលកម្មដែលត្រូវការខ្ពស់ជាងគេ គឺវិស័យឧស្សាហកម្ម, កសិកម្ម, កសិ-ឧស្សាហកម្ម និងសេវាកម្ម ដែលមានតម្រូវការការងាររាប់ម៉ឺនកន្លែងកំពុងរង់ចាំអ្នកស្វែងរកការងារ។
លោកបានអំពាវនាវប្រជាពលរដ្ឋ និងអតីតពលករ ពលការិនី ចូលរួមឱ្យបានច្រើនកុះករ ជាពិសេសអ្នកចង់បានការងារ ហើយមិនចេះសូមកុំបារម្ភ ពីព្រោះទាំងនោះ ក្រៅពីមន្រ្តីរបស់ក្រសួងការងារ ក៏មានដែររោងចក្រ សហគ្រាស នឹងចុះទៅដោយផ្ទាល់ផងដែរ ដើម្បីធ្វើការផ្តល់ព័ត៌មានកាន់តែលម្អិតជូន។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ ប្រជាពលរដ្ឋខ្មែរដែលបានចាកចេញពីប្រទេសថៃ មានចំនួនសរុបប្រមាណជិត ១លាននាក់ ដើម្បីវិលត្រឡប់មកស្វែងរកការងារ ក៏ដូចជាមករស់នៅក្នុងប្រទេសកម្ពុជាវិញ។ ក្នុងនោះ អ្នកទទួលបានការងារតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងដៃគូពាក់ព័ន្ធ ចំនួនកើនឡើងជាង ៦០ម៉ឺននាក់។ ទន្ទឹមនេះ អតីតពលករចំនួនប្រមាណ ៣២ម៉ឺននាក់ផ្សេងទៀតបានចាប់យកជីវភាពកសិកម្មបែបគ្រួសារ ការងារក្នុងកសិដ្ឋាន ការដ្ឋានសំណង់ សិប្បកម្ម ភោជនីយដ្ឋាន និងសកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕
អត្ថបទ៖ ឈិត បូរ៉ាវី





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច