ព័ត៌មាន
កម្ពុជាបង្ហាញពីបេតិកភណ្ឌវប្បធម៌របស់ខ្លួន នៅក្នុងព្រឹត្តិការណ៍សប្តាហ៍ហ្វ្រង់កូហ្វូនី នៅទីក្រុងតូក្យូ
ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានចូលរួមក្នុងព្រឹត្តិការណ៍សប្តាហ៍ហ្វ្រង់កូហ្វូនីឆ្នាំ២០២៦ ដែលប្រារព្ធឡើងនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាស្ថានភាសាបារាំងនៃទីក្រុងតូក្យូ ប្រទេសជប៉ុន ដោយបានរៀបចំស្តង់វប្បធម៌មួយដែលបង្ហាញពី បេតិកភណ្ឌ ប្រពៃណី ផលិតផលក្នុងស្រុកដ៏សម្បូរបែបរបស់កម្ពុជា និងទំនាក់ទំនងដ៏រស់រវើករបស់ខ្លួនទៅ កាន់ពិភពហ្វ្រង់កូហ្វូន។
ក្នុងព្រឹត្តិការណ៍នេះ ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បាន អញ្ជើញចូលរួមជាមួយឯកអគ្គរាជ/រដ្ឋទូត ភារធារី និងតំណាងស្ថានទូតនៃប្រទេស/រដ្ឋជាសមាជិកនៃអង្គការ អន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ប្រចាំប្រទេសជប៉ុន។ ព្រឹត្តិការណ៍នេះត្រូវបានសហការរៀបចំឡើងដោយ ក្រុមប្រឹក្សាលើកតម្កើងហ្វ្រង់កូហ្វូនីនៅជប៉ុន (CPFJ) និងស្ថានទូតនៃប្រទេស/រដ្ឋជាសមាជិកOIF និងស្ថាប័ន ហ្វ្រង់កូហ្វូនផ្សេងទៀត។
ព្រឹត្តិការណ៍ខាងលើ បានផ្តល់ឱ្យអ្នកទស្សនាជប៉ុននិងសហគមន៍អន្តរជាតិ នូវឱកាសស្វែងយល់ពីវប្បធម៌ កម្ពុជា កន្លែងទាក់ទាញទេសចរណ៍ ផលិតផលខ្មែរ និងការចូលរួមយូរអង្វែងរបស់កម្ពុជានៅក្នុងសហគមន៍ ហ្វ្រង់កូហ្វូន។ នេះក៏ជាវេទិកាដ៏មានតម្លៃសម្រាប់ការផ្លាស់ប្តូរវប្បធម៌ និងការសន្ទនាក្នុងចំណោមបណ្តា ប្រទេសហ្វ្រង់កូហ្វូន និងសាធារណជនជប៉ុនផងដែរ។
ឆ្លៀតក្នុងឱកាសនោះ ស្ថានទូតបានតាំងបង្ហាញនូវស្នាដៃសិល្បៈ និងចែកជូននូវសៀវភៅផ្សព្វផ្សាយនានា ដែលបង្ហាញពីប្រវត្តិសាស្ត្រ អត្តសញ្ញាណវប្បធម៌ និងគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ព្រមទាំង ការចាក់បញ្ចាំងវីដេអូផ្សព្វផ្សាយដែលកម្ពុជាជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែល គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។
សូមកត់សម្គាល់ផងដែរថា តាមការស្នើរបស់ស្ថានឯកអគ្គរាជទូតកម្ពុជា មុខម្ហូបខ្មែរ “សាច់គោឡុកឡាក់” ត្រូវបានបង្ហាញនៅក្នុងបញ្ជីមុខម្ហូបរបស់ភោជនីយដ្ឋាន L’Oiseau de France ដែលមានទីតាំងនៅក្នុង វិទ្យាស្ថានភាសាបារាំងនៃទីក្រុងតូក្យូ និងជាទីតាំងនៃការរៀបចំព្រឹត្តិការណ៍។ ការដាក់បញ្ចូលមុខម្ហូបកម្ពុជា ដ៏ល្បីនេះបានផ្តល់ឱ្យអ្នកទស្សនានូវរសជាតិនៃកេរដំណែលស្នាដៃម្ហូបខ្មែរ និងបានបន្ថែមនូវមុខម្ហូបដ៏ពិសេស មួយនៅក្នុងព្រឹត្តិការណ៍នេះ។
ក្នុងនាមជាប្រទេសសមាជិកដ៏សកម្មនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី កម្ពុជាបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ផ្នែកវប្បធម៌ និងភាសាបារាំង។ ការចូលរួមក្នុងព្រឹត្តិការណ៍នានា ដូចជាសប្តាហ៍ហ្វ្រង់កូហ្វូនី នៅទីក្រុងតូក្យ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹងការទូតវប្បធម៌ និងលើកកម្ពស់មិត្តភាពរវាងបណ្តា ប្រទេសប្រើប្រាស់ភាសាបារាំង និងប្រទេសជប៉ុន៕






-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច