ព័ត៌មាន
ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីនឹងជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងស្រុកកាន់តែខ្លាំង
រាជរដ្ឋាភិបាលបានសម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី គឺតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេសខេត្តកំពង់ស្ពឺ រួមនឹងការបង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង ដែលគេរំពឹងថា នឹងបង្កើតការងាររាប់ពាន់កន្លែង ជាពិសេសក្នុងវិស័យផលិតកម្ម និងបច្ចេកវិទ្យា។ អ្នកក្នុងវិស័យអចនលទ្រព្យ លើកឡើងថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីនេះ អាចជួយជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងស្រុក។

រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យសម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀតនៅខេត្តកំពង់ស្ពឺ ដោយមានផ្ទៃដីជាង ៥០០ហិកតា គឺ«តំបន់សេដ្ឋកិច្ចពិសេសកាណាឌីយ៉ាផ្លូវជាតិលេខ៥១» ស្ថិតក្នុងភូមិសាស្ត្រនៃស្រុកសំរោងទង និងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលក៏បានសម្រេចបង្កើតតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុថ្មីមួយទៀត មានឈ្មោះថា «អាយ អេស អាយ (ISI SEZ) នឹងត្រូវសាងសង់ឡើងនៅលើផ្ទៃដី ២០៦ហិកតា ស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តំបន់សេដ្ឋកិច្ចពិសេសនេះ មានទុនវិនិយោគ ៥០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារជូនពលរដ្ឋបានប្រមាណ ៧ពាន់កន្លែង។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏ទើប សម្រេចបង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំង លើផ្ទៃដីជាង៣០ហិកតានៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងផងដែរ។ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភាកម្មកំពង់ឆ្នាំងនេះ មានទីតាំងស្ថិតនៅ ភូមិចំបក់ខ្ពស់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីបម្រើឱ្យនាវាដែលធ្វើនាវាចរណ៍ជាលក្ខណៈអន្តរជាតិ ចូលចេញ ផ្ទេរផ្ទុក និងលើកដាក់ទំនិញទូទៅ រួមទាំងកុងតឺន័រនិងទំនិញចាក់ធារ។
អ្នកឧកញ៉ាបណ្ឌិត សំ សុខនឿន ប្រធានសម្ព័ន្ធក្រុមហ៊ុន SAM SN Group បានលើកឡើងថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី អាចជួយជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក្នុងស្រុកតាមរយៈ ការទាក់ទាញវិនិយោគ និងការបង្កើតការងារជូនប្រជាពលរដ្ឋ ហើយការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ត្រូវការអភិវឌ្ឍន៍ ផ្លូវ អគ្គិសនី ទឹក សេវាកម្មដឹកជញ្ជូន និងបច្ចេកវិទ្យា ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចក្នុងសហគមន៍មូលដ្ឋាន។
សូមជម្រាបថា បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០២៥ នៅទូទាំងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការសរុប ៣៤ តំបន់ ស្ថិតនៅក្នុង ១១ រាជធានី-ខេត្ត ដែលមានកំណើន ៤តំបន់ ធៀបនឹងឆ្នាំ២០២៤។ ក្នុងចំណោមរាជធានី/ខេត្តទាំង១១ ដែលមានតំបន់សេដ្ឋកិច្ចពិសេសដំណើរការ ក្នុងនោះខេត្តស្វាយរៀងមានតំបន់សេដ្ឋកិច្ចដែលមានរោងចក្រដំណើរការច្រើនជាងគេរហូតដល់១២តំបន់ បន្ទាប់មក គឺខេត្តព្រះសីហនុ មានចំនួន៦តំបន់ ខេត្តកណ្ដាល ៣តំបន់ ខេត្តកោះកុង ៣តំបន់ ខេត្តបន្ទាយ ៣តំបន់ កំពង់ស្ពឺ ២តំបន់។ ដោយឡែកខេត្តចំនួន៥ផ្សេងទៀត រួមមានខេត្តកំពង់ចាម កំពត ក្រចេះ ពោធិ៍សាត់ និងរាជធានីភ្នំពេញ មានតំបន់សេដ្ឋកិច្ចចំនួន១តំបន់ដូចគ្នា។
CDC បានឱ្យដឹងដែរថា កាលពីឆ្នាំ ២០២៥ កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួន ២៤៣ គម្រោង នៃគម្រោងសរុប ៦៣០គម្រោង៕ អត្ថទប៖ ធូ វិរៈ
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច