ព័ត៌មាន
រដ្ឋបាលខេត្តកំពតសាងសង់រូបសំណាកបាតដៃសម្រាប់ភ្ញៀវទេសចរឡើងថតរូប និងសាងសង់វិថីអាហារមានរចនាបថខ្មែរ
ក្រោយពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុង ក៏ដូចជាសមិទ្ធផលទេសចរណ៍ឯកប្លែក ថ្មីៗ បានធ្វើឱ្យកំណើនទេសចរមានការកើនឡើងជាបន្តបន្ទាប់ ហើយបានញ៉ាំងឱ្យជីវភាពរស់នៅ និងសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមានភាពល្អប្រសើរ។ ជាមួយគ្នានេះ ដើម្បីបង្កើនភាពទាក់ទាញបន្ថែមទៀត អភិបាលខេត្តកំពតបានសាងសង់រូបសំណាកបាតដៃសម្រាប់ភ្ញៀវទេសចរឡើងថតរូប និងរៀបចំសាងសង់វិថីអាហារដែលមានរចនាបថខ្មែរ ហើយសមិទ្ធផលទាំងពីរនេះនឹងសាងសង់រួចរាល់មុនពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់រូបសំណាកបាតដៃ និងវិថីអាហារ ដែលកំពុងសាងសង់ក្នុងក្រុងកំពត ដើម្បីជំរុញការសាងសង់ឱ្យបានឆាប់រហ័ស ដោយធ្វើយ៉ាងណាឱ្យបានរួចរាល់មុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមកដល់។ តាមការបញ្ជាក់របស់ឯកឧត្តមអភិបាលខេត្ត រូបសំណាកបាតដៃដែលកំពុងសាងសង់នេះ គឺមានសណ្ឋានជាបាតដៃទ្រ ដែលអាចឱ្យភ្ញៀវទេសចរឡើងទៅទស្សនាថ្ងៃលិច ជួរភ្នំបូកគោ ដងព្រែកកំពង់បាយ ពិសេសថតរូបអនុស្សាវរីយ៍បានយ៉ាងស្រស់ស្អាត។ រូបសំណាកបាតដៃនេះ ត្រូវបានសាងសង់ឡើងក្នុងបរិវេណឆ្នេរខ្សាច់ព្រែកកំពង់បាយមុខមន្ទីរពេទ្យបង្អែកខេត្ត ចន្លោះពីស្ពានចាស់ (ស្ពានឥន្ទធនូ) និងស្ពានថ្មថ្មី (ស្ពានកំពង់បាយ) ដែលមានកម្ពស់ ១២ម៉ែត្រ មានជណ្តើរឡើងចុះសងខាងរួមនឹងបង្កាន់ដៃផងដែរ ដែលមកទល់ពេលនេះការសាងសង់សម្រេចបានប្រមាណ ៦០ភាគរយហើយ។
ចំណែកឯវិថីអាហារដែលកំពុងសាងសង់នៅកណ្តាលក្រុងកំពត លើសួនច្បារផ្សារក្រណាត់ ក៏សម្រេចការសាងសង់បានប្រមាណ ៩០ភាគរយហើយ ដែលផ្សារនេះត្រូវបានសាងសង់តាមរចនាបថខ្មែរសុទ្ធសាត ជាមួយនឹងការបំពាក់នូវប្រព័ន្ធលូដោះទឹក ប្រព័ន្ធភ្លើង ដើម្បីផ្តល់ភាពងាយស្រួលដល់អាជីវករលក់ដូរក្នុងវិថីអាហានេះ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ដែរថា សម្រាប់អាជីវករដែលចូលលក់ដូរក្នុងវិថីអាហារនេះ គឺតម្រូវឱ្យស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីបង្ហាញវប្បធម៌ អរិយធម៌ជាតិ ដល់ភ្ញៀវទេសចរបរទេសដែលមកលេងកម្សាន្តក្នុងខេត្ត ក៏ដូចជាដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកម្សាន្តកាន់តែច្រើន។ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញឱ្យអាជ្ញាធរក្រុងកំពត ត្រូវចុះត្រួតពិនិត្យការលក់ដូររបស់អាជីវករជាប្រចាំ ពិសេសធ្វើការណែនាំឱ្យអ្នកលក់ទាំងអស់គោរពតាមការណែនាំរបស់អាជ្ញាធរខេត្ត និងរក្សាបរិស្ថានអនាម័យឱ្យបានស្អាតជាប្រចាំ។
តាមការរំពឹងទុក សមិទ្ធផលទេសចរណ៍ថ្មីនេះ រួមនិងវិថីអាហារ និងសាងសង់រួចរាល់នៅមុនពេលបុណ្យចូលឆ្នាំខ្មែរចូលមកដល់ ហើយសមិទ្ធផលទាំងពីរនេះនឹងកាន់តែធ្វើឱ្យក្រុងកំពត ក៏ដូចជាខេត្តកំពតមានភាពទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិ ឱ្យមកលេងកម្សាន្តកាន់តែច្រើនបន្ថែមទៀតក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខ។ សូមបញ្ជាក់ដែរថា ខេត្តកំពតក្រោមការដឹកនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ឯកឧត្តមតែងតែគិតគូរជានិច្ចចំពោះការអភិវឌ្ឍលើវិស័យទេសចរណ៍ ក្នុងន័យដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត តាមការចង្អុលបង្ហាញពីសំណាក់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕










-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច