ព័ត៌មាន
តំណាងក្រុមហ៊ុនអូទ្រីសចំនួន១៩ ចាប់អារម្មណ៍អំពីបរិយាកាសវិនិយោគនៅកម្ពុជា
តំណាងក្រុមហ៊ុនអូទ្រីសចំនួន ១៩ បានឈ្វេងយល់ស៊ីជម្រៅអំពីបរិយាកាសវិនិយោគ ក្នុងបរិបទទីផ្សារនៅកម្ពុជា និងបង្ហាញ ចំណាប់អារម្មណ៍ខ្ពស់ ក្នុងការស្វែងរកឱកាសវិនិយោគ និងកសាងភាពជាដៃគូយូរអង្វែងជាមួយកម្ពុជា នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អូទ្រីស។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៦ នេះ បានអញ្ជើញជាអធិបតីក្នុងវេទិកាធុរកិច្ចកម្ពុជា-អូទ្រីស ដោយមានវត្តមានគណៈប្រតិភូក្រុមហ៊ុនអូទ្រីសធំៗចំនួន ១៩ ដឹក នាំដោយលោក Andreas Sumper អនុប្រធានបេសកកម្ម នៃស្ថានទូតអូទ្រីសប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីពង្រឹង និង ពង្រីកវិសាលភាពវិនិយោគទ្វេភាគី។

វេទិកាធុរកិច្ចនានេះជាផ្នែកមួយដ៏សំខាន់ នៃបេសកកម្មពាណិជ្ជកម្មធំបំផុតមិនធ្លាប់មានពីមុនមក របស់គណៈប្រតិភូក្រុមហ៊ុន អូទ្រីស នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ វេទិកានេះត្រូវបានរៀបចំឡើងឱ្យមានលក្ខណៈយុទ្ធសាស្ត្រមួយដែលអនុញ្ញាត ឱ្យវិនិយោគិន អូទ្រីស មានឱកាសទទួលបាននូវការឈ្វេងយល់ស៊ីជម្រៅអំពីបរិយាកាសវិនិយោគ បរិបទទីផ្សារនៅកម្ពុជា និងការផ្លាស់ប្តូរយោបល់ កម្រិតខ្ពស់ជាមួយបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធដោយយកចិត្តទុកដាក់ ហើយរំពឹងថា វានឹងក្លាយជាមូលដ្ឋានគ្រឹះនៃការបង្កើតទំនាក់ ទំនងធុរកិច្ចថ្មីៗនៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូអំពីបច្ច័យវិជ្ជមានរបស់កម្ពុជា ដែលជាគោលដៅវិនិយោគមួយ ក្នុង ចំណោមគោលដៅដែលមានថាមវន្ត និងចក្ខុវិស័យវែងឆ្ងាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះច្បាប់វិនិយោគរបស់កម្ពុជាគឺមាន អំណោយផលខ្ពស់, តាមរយៈការយកចិត្តទុកដាក់ចំពោះវិស័យឯកជនពីរាជរដ្ឋាភិបាល, លំនឹងម៉ាក្រូសេដ្ឋកិច្ច, កម្លាំងពលកម្មវ័យក្មេង, ហេដ្ឋារចនាសម្ព័ន្ធប្រទាក់ក្រឡាដែលបានកំពុងអភិវឌ្ឍយ៉ាងសកម្ម, ព្រមទាំងការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាល ចំពោះ ការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដែលជាកត្តាសំខាន់ ក្នុងការបង្កើតនូវបរិយាកាសដ៏ទាក់ ទាញ សម្រាប់ការស្វែងរកឱកាសវិនិយោគដោយផ្ទាល់ពីវិនិយោគិនបរទេស។

វេទិកាធុរកិច្ចនេះ ត្រូវបានរំពឹងថា នឹងក្លាយជាបោះជំហានដ៏សំខាន់មួយ ក្នុងការផ្លាស់ប្តូរពីការពិភាក្សា ទៅជាការបង្កើតនូវទំនាក់ទំនង ធុរកិច្ចទ្វេភាគី (B2B) យ៉ាងពិតប្រាកដ។ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតអូទ្រីស ភាគីទាំងពីរមានទំនុកចិត្តថា នឹងមានវត្តមានរបស់ក្រុមហ៊ុនអូទ្រីសនៅកម្ពុជាបន្ថែមមួយកម្រិតទៀត ដែលនឹងរួមចំណែកយ៉ាងសំខាន់ ដល់ការធ្វើទំនើបកម្មឧស្សាហកម្ម និងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ប្រកបដោយបរិយាបន្ន និងចីរភាព៕ អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច