ព័ត៌មាន
តំណាង UN ប្រចាំកម្ពុជាកោតសរសើរកម្ពុជា លើការឆ្លើយតបនឹងមេរោគអេដស៍ប្រកបដោយភាពច្នៃប្រឌិត
ព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានជំនួបពិភាក្សាការងាររវាង ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា អមដោយលោកស្រី Patricia Ongpin នាយិកាអង្គការយូអិនអេដស៍ប្រចាំកម្ពុជា ឡាវ និងម៉ាឡេស៊ី។ ចូលរួមនៅក្នុងជំនួបនេះរួមមាន ឯកឧត្តម និងលោក ជាអនុប្រធាន នាយកខុទ្ទកាល័យ និងប្រធានការិយាល័យសម្របសម្រួលនៃការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាផងដែរ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្រ្តីបានស្វាគមន៍លោកជំទាវ Vladanka Andreeva ដែលបានត្រលប់មកកម្ពុជាម្តងទៀតក្នុងតួនាទីថ្មីនៅអង្គការសហប្រជាជាតិ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា កម្ពុជាប្តេជ្ញាធ្វើការជាមួយអង្គការសហប្រជាជាតិ ព្រោះកម្ពុជាមានការជឿជាក់លើប្រព័ន្ធរបស់អង្គការសហប្រជាជាតិ ពឹងផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងជឿទុកចិត្តលើច្បាប់អន្តរជាតិ។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានសង្កត់ធ្ងន់លើភាពជាដៃគូជាមួយអង្គការយូអិនអេដស៍ ដែលក្នុងនោះកម្ពុជាត្រូវការនូវភាពជាដៃគូ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍។
បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ដោយមានការគាំទ្រយ៉ាងរឹងមាំពីសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី កម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាព កម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨កាលពីឆ្នាំ២០២៤ ព្រមទាំងបានរៀបចំរបាយការណ៍ស្តីពីគោលនយោបាយនេះ ក្នុងឆ្នាំ២០២៥កន្លងទៅ។
បន្ទាប់មកលោកជំទាវ Vladankar Endreeva បានបង្ហាញនូវក្តីសោមនស្សចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ និងការត្រលប់មកកម្ពុជាជាថ្មី។ លោកជំទាវបានថ្លែងការកោតសរសើរចំពោះកម្ពុជាក្នុងការឆ្លើយតបនឹងមេរោគអេដស៍ថាជាប្រទេសឈានមុខមួយ ប្រកបដោយការច្នៃប្រឌិត និងធ្វើឱ្យមានវឌ្ឍនភាព។ លោកជំទាវបានអបអរសាទរចំពោះការដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ សមាជិកភាពរបស់កម្ពុជាក្នុងក្រុមប្រឹក្សាសម្របសម្រួលអង្គការយូអិនអេដស៍(PCB) និងទស្សនកិច្ចដោយជោគជ័យរបស់លោកជំទាវ Winnie Byanyima នាយិកាប្រតិបត្តិអង្គការយូអិនអេដស៍ នៅកម្ពុជាក្នុងខែឧសភា ឆ្នាំ២០២៥។ លោកជំទាវក៏បានសម្តែងនូវការអបអរសាទរដែលកម្ពុជានឹងទទួលបានជោគជ័យជាបន្តបន្ទាប់ក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍។
ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្រ្តីបានបញ្ជាក់ថា ដើម្បីអបអរសាទរសមិទ្ធផលថ្មីៗដែលកម្ពុជា សម្រេចបាន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍រៀបចំទស្សនកិច្ចរបស់លោក Eamonn Murphy នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វ៊ិច នៃអង្គការយូអិនអេដស៍ មកកម្ពុជា ក្នុងខែមិថុនា ឆ្នាំ២០២៦នេះ។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានរំឭកថា ដោយជឿជាក់លើប្រព័ន្ធ កម្ពុជាបានចូលរួមថវិកាចំនួន ១០០,០០០ ដុល្លារអាមេរិកជាមួយអង្គការយូអិនអេដស៍ កាលពីឆ្នាំ២០២៥កន្លងទៅ។
ជាទីបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងអំណរគុណចំពោះកិច្ចសហការដ៏ល្អនាពេលកន្លងមក និងសន្យាបន្តសហការជាមួយអង្គការសហប្រជាជាតិ ជាពិសេសអង្គការយូអិនអេដស៍បន្តទៅមុខទៀត ដើម្បីបញ្ចប់អេដស៍នៅកម្ពុជា៕អត្ថបទ រដ្ឋា







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច