Connect with us

ព័ត៌មាន

កម្ពុជាគ្រោងរៀបចំការប្រកួតសិល្បៈកាហ្វេឡាតេ ជើងឯក កម្ពុជា-ចិន លើក​ដំបូង​នា​ចុង​ខែ​មីនានេះ ដើម្បី​លើកកម្ពស់ស្តង់ដាវិជ្ជាជីវៈទេសចរណ៍ និងពង្រឹងសេវាកម្មម្ហូបអាហារ និង​ភេសជ្ជៈ​នៅ​កម្ពុជា

ក្រោមកិច្ចសហការ រវាងអង្គការ Cambodia International Chamber of Commerce (CICC) ជា​មួយក្រសួងទេសចរណ៍ និងក្រសួងអប់រំ យុវជន និងកីឡា និងទទួលបា​ន​ការ​គាំ​ទ្រ​ពី​ធនាគារ​អភិវឌ្ឍន៍​ជនបទ និងកសិកម្ម និងភាគីចិន កម្ពុជានឹងមានការរៀបចំការប្រកួតសិល្បៈកាហ្វេឡាតេ ជើង​ឯក កម្ពុជា-ចិន ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៨ និង២៩ ខែមីនា ឆ្នាំ២០២៦ នៅ​រាជធានីភ្នំពេញ។

ឯកឧត្តម ឱក តារារិទ្ធិ រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅក្នុងសន្និសីទសារព័ត៌មាន កាល​ពី​រសៀលថ្ងៃ​​ទី១៨ ខែមីនាកន្លងទៅ បានមានប្រសាសន៍ឱ្យដឹងថា គោលបំណងនៃការប្រកួតនេះ គឺ​ដើម្បីលើកកម្ពស់ស្តង់ដាវិជ្ជាជីវៈទេសចរណ៍ និងពង្រឹងសេវាកម្មម្ហូបអាហារ និង​ភេសជ្ជៈ​នៅ​កម្ពុជា​។

ឯកឧត្តម បានសង្កត់ធ្ងន់លើការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ពីគ្រាប់កាហ្វេ ដល់ពែងកាហ្វេ ដើម្បី​បង្កើន​ភាពទាក់ទាញវិនិយោគិន។ ស្របជាមួយគ្នានេះ ការចូលរួមឧបត្ថម្ភពី គិរីកាហ្វេ ដែល​ជា​ម៉ាក​យី​ហោកាហ្វេខ្មែរឈានមុខគេមួយ គឺជាសក្ខីភាពនៃការគាំទ្រដល់ផលិតកម្មកាហ្វេក្នុងស្រុក និង​ការជំរុញតម្លៃគ្រាប់កាហ្វេខ្មែរឱ្យមានភាពលេចធ្លោក្នុងព្រឹត្តិការណ៍កម្រិតអន្តរជាតិនេះ។

បើ​តាម លោក ប៉ិច សានី អគ្គនាយករង នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បាន​លើក​ឡើង​ថា កម្មវិធីនេះជាវេទិកាសម្រាប់ចែករំលែកបទពិសោធ និងបង្កើតបណ្តាញទំនាក់ទំនង។ លោក ក៏​បា​នវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ ភាគីពាក់ព័ន្ធ ដែល​មិន​ត្រឹម​តែ​ផ្តល់​ការ​ឧបត្ថម្ភ​ជា​កញ្ចប់​ថវិកា ​និងសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែម​ទាំង​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​លើក​កម្ពស់​គុណ​ភាព ​និងសក្តានុពលកាហ្វេកម្ពុជា ឱ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីសាធារណជន និង​ទីផ្សារអន្តរជាតិ។

សូមបញ្ជាក់ដែរថា ការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ ជា​ព្រឹត្តិការណ៍​សិល្បៈ​ឡាតេអាតជើងឯកអន្តរជាតិលើកទី១ (1st International Championships Latte Art – ICLA)​ ដែលមានការទទួលស្គាល់ជាអន្តរជាតិពីស្ថាប័ន ICLA របស់ប្រទេសចិន។ ការ​ចូល​រួម​របស់​បណ្តា​ក្រុមហ៊ុនក្នុងស្រុកដូចជា គិរីកាហ្វេ ត្រូវបានគេ​មើល​ឃើញ​ថា​ជា​កម្លាំង​ចលករ​យ៉ាង​សំខាន់ ​ក្នុងការរុញច្រានឱ្យកម្ពុជាក្លាយជាប្រទេសដំបូងគេក្នុងតំបន់ ដែល​បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​រៀបចំកម្មវិធីខ្នាតអន្តរជាតិនេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia