ព័ត៌មាន
អ្នកនាំពាក្យ៖ ការតវ៉ាជាផ្លូវការរបស់កម្ពុជាទៅកាន់ភាគីថៃ ជាសារព្រមានថា កម្ពុជាជាម្ចាស់កម្មសិទ្ធិលើទីតាំងទាំងនោះ និងប្រកាសប្រាប់សហគមន៍អន្តរជាតិឱ្យបានដឹងពីទង្វើឈ្លានពានរបស់ថៃ
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា ការតវ៉ាជាផ្លូវការរបស់កម្ពុជាទៅកាន់ភាគីថៃ គឺមានសារសំខាន់ក្នុងការការពារបូរណភាពទឹកដីកម្ពុជា ខណៈកាលពីថ្ងៃទីកាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៦កម្ពុជាបានធ្វើការតវ៉ាជំទាស់ជាផ្លូវការជាថ្មីម្តងទៀត ប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ទឹកដីដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតាមទីតាំងមួយចំនួន។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានគូសបញ្ជាក់ថា តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦នេះថា ការតវ៉ាជាផ្លូវការនេះមានសារសំខាន់ក្នុងការការពារបូរណភាពទឹកដីកម្ពុជា នៅត្រង់ថា ទី១៖ គឺជាសារព្រមានទៅភាគីថៃថា កម្ពុជាគឺជាម្ចាស់កម្មសិទ្ធិលើទីតាំងទាំងនោះ ដែលភាគីថៃមិនអាចធ្វើអ្វីនៅទីនោះបានឡើយ។ ទី២៖ គឺជាឯកសារភស្តុតាងដែលមានតម្លៃគតិយុត្តិសម្រាប់ដោះស្រាយបញ្ហាទឹកដីតាមច្បាប់អន្តរជាតិ និងទី៣៖ ការតវ៉ានេះក៏ជាការប្រកាសប្រាប់សហគមន៍អន្តរជាតិឱ្យបានដឹងលឺជាសាក្សីនៃការរំលោភបំពាន និងការប្រឆាំងជំទាស់របស់ភាគីកម្ពុជា។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៦ កម្ពុជាក៏បានតវ៉ាប្រឆាំងនឹងការសាងសង់ និងជីកកកាយខុសច្បាប់នៅលើពយភ្នំប្រាសាទព្រះវិហារ រួមទាំងបានសាងសង់ប៉ុស្តិ៍យាមនិងផ្លូវឆ្ពោះទៅកាន់វត្តកែវសិក្ខាគិរីស្វារៈ និងការសាងសង់ព្រះពុទ្ធរូបធំមួយព្រះអង្គ នៅតំបន់បុស្សស្បូវ-ជាំតែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក៏ដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍នៅក្នុងតំបន់ប្រាសាទតាក្របី ដូចជាផ្លូវបេតុង ជណ្តើរដែក និងរូបព្រះពុទ្ធបដិមា និងការតម្លើងទង់ជាតិ និងសាងសង់ផ្លូវបេតុង នៅតំបន់ជប់អង្គញ់និងដើមត្រាង ខេត្តឧត្តរមានជ័យ។ កម្ពុជាតែងតែតវ៉ាជាបន្តបន្ទាប់នៅគ្រប់ចំណុចទាំងអស់ដែលមានការរំលោភបំពានលើដែនអធិបតេយ្យរបស់ខ្លួន។
ឯកឧត្តមអ្នកនាំពាក្យថ្លែងថា កម្ពុជាបានធ្វើការតវ៉ាជំទាស់ជាផ្លូវការ ជាថ្មីម្តងទៀត កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៦ ប្រឆាំងនឹងសកម្មភាពឈ្លានពាន និងការកាន់កាប់ទឹកដីដោយខុសច្បាប់ដោយកងកម្លាំងប្រដាប់អាវុធថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាននៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នៅតាមទីតាំងមួយចំនួន ដូចខាងក្រោម៖
– នៅតំបន់ភាគអាគ្នេយ៍នៃប្រាសាទតាមាន់ធំ ខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធថៃបានប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ជីកកកាយដី និងសាងសង់លេណដ្ឋានបេតុងថ្មីមួយបន្ថែមទៀត។
– នៅតំបន់មុំបី ខេត្តព្រះវិហារ ម្តុំភ្នំ៤៦៩ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដី សាងសង់ផ្លូវនិងហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួនរួមទាំងរូបព្រះពុទ្ធបដិមា។
– នៅភូមិថ្មដូន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដី និងសាងសង់ផ្លូវ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួន នៅភាគខាងលិចនៃតំបន់ដំណាក់ស្តេច។
– នៅតំបន់អានសេះ ខេត្តព្រះវិហារ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដី សាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួននិងបានលើកទង់ជាតិថៃ។ សកម្មភាពស្រដៀងគ្នានេះត្រូវបានគេសង្កេតឃើញកើតមាននៅទីតាំងជាច្រើន រួមទាំងនៅម្តុំច្រកទ្វារព្រំដែនអន្តរជាតិអានសេះ អូរផ្កាស្នេហ៍ ភ្នំ៦៧៧ និងភ្នំ៥០០ ដែលកងកម្លាំងប្រដាប់អាវុធថៃរួមជាមួយព្រះសង្ឃថៃ បានសាងសង់រូបសំណាកព្រះពុទ្ធរូបមួយព្រះអង្គ។
– នៅតំបន់តាថាវ ខេត្តព្រះវិហារ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដី និងសាងសង់ផ្លូវនិងសំណង់បេតុងអចិន្ត្រៃយ៍មួយចំនួននៅក្នុងដែនអធិបតេយ្យរបស់ប្រទេសកម្ពុជា រួមទាំងម្តុំប្រាសាទដូនទុន ភ្នំ៥០៥ ភ្នំ៣៣៣ និងតំបន់ច្រកតាថាវ។
– នៅតំបន់តាសឹម និងចាក់ច្រែង ខេត្តព្រះវិហារ កងកម្លាំងប្រដាប់អាវុធថៃបានធ្វើសកម្មភាពឈូសឆាយដី និងសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍មួយចំនួន។
– កងកម្លាំងថៃ ដោយមានជំនួយពីព្រះសង្ឃថៃ បានសាងសង់រូបសំណាកព្រះពុទ្ធមួយចំនួននៅទីតាំងផ្សេងៗក្នុងទឹកដីកម្ពុជា រួមទាំងតំបន់តាថាវ និងភ្នំទ្រព្យ ខេត្តព្រះវិហារ តំបន់អូរស្មាច់ និងប្រាសាទខ្នារ ខេត្តឧត្តរមានជ័យ។
ឯកឧត្តមបញ្ជាក់បន្ថែមថា តំបន់ទាំងនេះស្ថិតនៅក្នុងដែនអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជាទាំងស្រុង ដូចដែលបានកំណត់ ដោយផែនទីមាត្រដ្ឋាន ១:២០០.០០០ របស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ស្របតាមអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧។ សកម្មភាពខាងលើគឺជាការរំលោភបន្ថែមទៀតលើមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ស្តីពីការវាស់វែង និងបោះបង្គោលព្រំដែន ដែលបានចុះហត្ថលេខានៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ក៏ដូចជាចំណុចទី១ (វិធានកាត់បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលបានធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
កម្ពុជា អំពាវនាវឱ្យប្រទេសថៃបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពដែលបានធ្វើឡើងនៅក្នុងតំបន់ដូចបាន រៀបរាប់ខាងលើ ឬនៅក្នុងតំបន់ផ្សេងទៀត ក្រោមកាលៈទេសៈស្រដៀងគ្នា ជៀសវាងសកម្មភាពឯកតោភាគីបន្ថែមទៀតនៅក្នុងតំបន់ខាងលើ និងធានានូវការអនុវត្តកិច្ចព្រមព្រៀង និងការរៀបចំពាក់ព័ន្ធទាំងអស់រវាងប្រទេសទាំងពីរឱ្យបានពេញលេញ និងស្មោះត្រង់ ក្នុងគោលបំណងបន្ធូរបន្ថយស្ថានការណ៍ លើកកម្ពស់ការជឿជាក់ និងទំនុកចិត្តគ្នាទៅវិញទៅមក ព្រមទាំងរក្សាសន្តិភាព ស្ថិរភាព និងភាពជាអ្នកជិតខាងល្អតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។
អ្នកនាំពាក្យរម្លឹកជូនដែរថា កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ ២០២៦ កម្ពុជាក៏បានតវ៉ាប្រឆាំងនឹងការសាងសង់ និងជីកកកាយខុសច្បាប់នៅលើពយភ្នំប្រាសាទព្រះវិហារ រួមទាំងបានសាងសង់ប៉ុស្តិ៍យាមនិងផ្លូវឆ្ពោះទៅកាន់វត្តកែវសិក្ខាគិរីស្វារៈ និងការសាងសង់ព្រះពុទ្ធរូបធំមួយព្រះអង្គ នៅតំបន់បុស្សស្បូវ-ជាំតែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ក៏ដូចជាការសាងសង់ហេដ្ឋារចនាសម្ព័ន្ធអចិន្ត្រៃយ៍នៅក្នុងតំបន់ប្រាសាទតាក្របី ដូចជាផ្លូវបេតុង ជណ្តើរដែក និងរូបព្រះពុទ្ធបដិមា និងការតម្លើងទង់ជាតិ និងសាងសង់ផ្លូវបេតុង នៅតំបន់ជប់អង្គញ់និងដើមត្រាង ខេត្តឧត្តរមានជ័យ។ កម្ពុជាតែងតែតវ៉ាជាបន្តបន្ទាប់នៅគ្រប់ចំណុចទាំងអស់ដែលមានការរំលោភបំពានលើដែនអធិបតេយ្យរបស់ខ្លួន។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជូនជនរួមជាតិថា ការតវ៉ាជាផ្លូវការនេះមានសារសំខាន់ក្នុងការការពារបូរណភាពទឹកដីកម្ពុជា នៅត្រង់ថា ទី១៖ វាគឺជាសារព្រមានទៅភាគីថៃថា កម្ពុជាគឺជាម្ចាស់កម្មសិទ្ធិលើទីតាំងទាំងនោះ ដែលភាគីថៃមិនអាចធ្វើអ្វីនៅទីនោះបានឡើយ។ ទី២៖ វាគឺជាឯកសារភស្តុតាងដែលមានតម្លៃគតិយុត្តិសម្រាប់ដោះស្រាយបញ្ហាទឹកដីតាមច្បាប់អន្តរជាតិ និងទី៣៖ ការតវ៉ានេះក៏ជាការប្រកាសប្រាប់សហគមន៍អន្តរជាតិឱ្យបានដឹងលឺជាសាក្សីនៃការរំលោភបំពាន និងការប្រឆាំងជំទាស់របស់ភាគីកម្ពុជា។ ជាមួយគ្នានេះ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕

-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន6 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន6 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 day agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ