ព័ត៌មាន
សម្ដេចធិបតី៖ ទិវាសង្គមកិច្ចជាការបង្ហាញការយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលលើការឱ្យសេវាសង្គមកាន់តែល្អប្រសើរឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ជនរងគ្រោះ និងជនងាយរងគ្រោះ
ភ្នំពេញ៖ ក្នុងឱកាសទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការសម្រេចយកទិវាសង្គមកិច្ចពិភពលោកនេះឱ្យក្លាយជាទិវាជាតិ ដែលត្រូវប្រារព្ធរៀងរាល់ឆ្នាំនៅថ្ងៃទី១៩ ខែមីនា គឺជាការបង្ហាញពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមជាមួយនឹងពិភពលោក ដើម្បីរួមចំណែកធ្វើឱ្យសេវាសង្គមកាន់តែល្អប្រសើរឡើង ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ជនរងគ្រោះ និងជនងាយរងគ្រោះសំដៅការពារយុត្តិធម៌សង្គម ការអភិវឌ្ឍសង្គម ដោយផ្អែកលើ សិទ្ធិមនុស្ស។

តាមរយៈសារលិខិតអបអរសាទរ ទិវាជាតិសង្គមកិច្ចនេះ សម្ដេចធិបតី មានប្រសាសន៍បញ្ជាក់ថា ការប្រារព្ធ ទិវាជាតិសង្គមកិច្ចលើកទី២ និងទិវាសង្គមកិច្ចពិភពលោកលើកទី១៩ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាកសាងក្តីសង្ឃឹមនិងភាពសុខដុមរមនា» ដែលផ្តោតសំខាន់លើតួនាទីរបស់កម្លាំងសេវាសង្គមក្នុងការផ្តល់ ការគាំទ្រនូវតម្រូវការជាមូលដ្ឋាននិងអារម្មណ៍សុខសុវត្ថិភាព តាមរយៈការគាំទ្រគ្នាទៅវិញទៅមក ក៏ដូចជាបង្ហាញ អំពីតួនាទីរបស់កម្លាំងសេវាសង្គមដែលមានគុណតម្លៃនិងក្រមសីលធម៌ ចំណេះដឹងនិងជំនាញក្នុងការផ្តល់សេវា ជូនជនរងគ្រោះ និងជនងាយរងគ្រោះ ប្រកបដោយប្រសិទ្ធភាព សក្តិសិទ្ធិភាព និងបរិយាបន្ន។
សម្ដេចនាយករដ្ឋមន្រ្ដីថ្លែងថា តាមរយៈការប្រារព្ធទិវានេះ យើងរួមគ្នាកសាងពិភពលោកមួយដែលផ្តល់ក្តីមេត្តា ក្តីស្រលាញ់ សន្តិភាព និង សាមគ្គីភាព សំដៅពង្រឹងសុខុមាលភាពសង្គមកាន់តែល្អប្រសើរនិងយូរអង្វែងសម្រាប់មនុស្សគ្រប់ៗរូប។ សម្ដេចធិបតីបានបញ្ជាក់ថា ក្នុងន័យនេះ រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បាននិងកំពុងយកចិត្តទុកដាក់និងការពារដាច់ខាតនូវគុណតម្លៃនៃសន្តិភាព និងសាមគ្គីភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ ការរក្សាស្ថិរភាពសង្គម និងបន្តខិតខំដោះស្រាយបញ្ហា ប្រឈមនានា ដើម្បីសម្របខ្លួននិងឆ្លើយតបប្រកបដោយបុរេសកម្មឱ្យទាន់សភាពការណ៍សង្គម សេដ្ឋកិច្ចសកល និងតំបន់ ជាពិសេសចាប់ឱ្យជាប់នូវកាលានុវត្តភាពដែលអាចលេចចេញក្នុងបរិការណ៍នៃការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស នៃនិម្មាបនកម្មសង្គម សេដ្ឋកិច្ចសកល។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានលើកឡើងថា រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងកំណត់យកនូវអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ការយកចិត្តទុកដាក់ចំពោះសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍមនុស្ស គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយសក្តានុពលសម្រាប់ការអភិវឌ្ឍសង្គម រាជរដ្ឋាភិបាល មានចក្ខុវិស័យច្បាស់លាស់ និងអនុវត្តយ៉ាងពេញលេញក្នុងការលើកកម្ពស់សិទ្ធិនិងការពារឧត្តមប្រយោជន៍របស់ ប្រជាពលរដ្ឋក្រីក្រ ជនរងគ្រោះ និងជនងាយរងគ្រោះ ឈរលើស្មារតី មិនបោះបង់ពលរដ្ឋណាម្នាក់ គឺធ្វើយ៉ាងណា ឱ្យពួកគេទទួលបាននូវគុណភាព និងគុណតម្លៃនៃការរស់នៅក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ សមភាព និងសុវត្ថិភាព ស្របតាមរដ្ឋធម្មនុញ្ញនិងគោលការណ៍នីតិរដ្ឋ។
តាមសារលិខិតសម្ដេចធិបតីបានបង្ហាញថា តាមការសិក្សាពិនិត្យឡើងវិញលើកម្លាំងសេវាសង្គមនៅបណ្តាប្រទេសមួយចំនួនរួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ ដែលធ្វើឡើងដោយសម្ព័ន្ធកម្លាំងសេវាសង្គមសកល និងអង្គការយូនីសេហ្វ នៅឆ្នាំ២០១៩ បានបង្ហាញ ឱ្យឃើញថា នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានសេចក្តីត្រូវការក្នុងការបង្កើនការវិភាជធនធានរបស់រដ្ឋាភិបាលសម្រាប់កម្លាំងសេវាសង្គម ការបង្កើតផែនការយុទ្ធសាស្ត្រជាតិដែលផ្តល់អាទិភាពលើការអនុម័តបទដ្ឋានវិជ្ជាជីវៈ សង្គមកិច្ច ការរៀបចំក្របខ័ណ្ឌច្បាប់ដែលកំណត់អំពីតួនាទី ការទទួលខុសត្រូវ ក្របខ័ណ្ឌគណនេយ្យភាពរួម ការពង្រឹង និងការរៀបចំការបណ្តុះបណ្តាល មុនពេលនិងក្នុងពេលចូលបម្រើការងារដែលមានការបញ្ជាក់និងការទទួលស្គាល់កម្លាំងសេវាសង្គម។ បន្ថែមលើនេះ ចំនួនអ្នកអាជីពសង្គមកិច្ច និងអ្នកអាជីពសង្គមកិច្ចរងនៅមានកម្រិតទាប ដែលត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋជាមធ្យម ២៥ ០០០នាក់ក្នុង១ក្រុង ស្រុក ខណ្ឌ។ ផ្អែកលើមូលដ្ឋាននេះ រាជរដ្ឋាភិបាល នឹងពង្រឹងកម្លាំងសេវាសង្គមដោយរៀបចំធ្វើវិជ្ជាជីវៈនីយកម្មជាលក្ខណៈជាតិ និងមានបទដ្ឋានរួមសម្រាប់វិជ្ជាជីវៈ សង្គមកិច្ច បង្កើនចំនួនកម្លាំងសេវាសង្គម សមស្របតាមសមាមាត្រក្នុងតំបន់អាស៊ាន ដែលកម្លាំងសេវាសង្គមម្នាក់ សម្រាប់ប្រជាជន ៣ ៥០០នាក់។
ដោយមើលឃើញអំពីសារៈសំខាន់របស់កម្លាំងសេវាសង្គម ដែលបានពលីកម្មនិងចំណាយកម្លាំងកាយចិត្ត ដើម្បីរួមចំណែកធ្វើឱ្យសេវាសង្គមកាន់តែល្អប្រសើរឡើង ការការពារយុត្តិធម៌សង្គម ការអភិវឌ្ឍសង្គម និងសិទ្ធិមនុស្ស ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ជនរងគ្រោះនិងជនងាយរងគ្រោះ ទើបរាជរដ្ឋាភិបាលសម្រេចយកថ្ងៃទី១៩ ខែមីនា ជារៀងរាល់ឆ្នាំ ជាទិវាជាតិសង្គមកិច្ច ដើម្បីប្រារព្ធពិធីអបអរសាទរ និងរំលឹកនូវស្នាដៃ សមិទ្ធផល និង ជាការលើកទឹកចិត្តដល់កម្លាំងសេវាសង្គមនៅកម្ពុជា។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានជំនឿយ៉ាងមុតមាំថា ពិធីអបអរសាទរ “ទិវាជាតិសង្គមកិច្ចលើកទី២” និង “ទិវាសង្គមកិច្ច ពិភពលោកលើកទី១៩” នាឆ្នាំនេះ នឹងបង្ហាញឱ្យឃើញកាន់តែច្បាស់អំពីឆន្ទៈនិងការប្តេជ្ញាចិត្តកាន់តែក្លៀវក្លា របស់រាជរដ្ឋាភិបាល សមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងបរទេស និងអ្នកធ្វើការជាកម្លាំងសេវាសង្គម ទាំងអស់នឹងខិតខំធ្វើការ រួមគ្នាបង្កើនចំណងសាមគ្គីភាព លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងចែករំលែកចំណេះដឹង បទពិសោធពីជំនាន់មួយទៅជំនាន់មួយ សំដៅកសាងសង្គមមួយឱ្យមានការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ ជាពិសេស ការធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពកាន់តែល្អប្រសើរ ភាពធន់ និងចីរភាព៕
-
ព័ត៌មាន6 days agoចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
-
PR NEWS1 week agoអ្នកលេងប៉ះអ្នកមែន! គូនអន្តរជាតិ៥គូ នឹងធ្វើអោយកក្រើកលើសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE”
-
ព័ត៌មាន1 week agoសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
-
ព័ត៌មាន1 week agoរយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
-
ព័ត៌មាន3 days agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
កីឡា1 week agoHun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
-
ព័ត៌មាន1 week agoមន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ