Connect with us

ព័ត៌មាន

កម្ពុជាជំរុញបង្កើតថាមពលកកើតឡើងវិញឈានមុខគេក្នុងតំបន់អាស៊ាន ស្របតាមការប្តេជ្ញាចិត្តនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងផែនការជាតិកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់

កម្ពុជាជំរុញបង្កើតថាមពលកកើតឡើងវិញ ឈានមុខគេនៅក្នុងតំបន់អាស៊ាន ស្របតាមការប្តេជ្ញាចិត្តយ៉ាងមុតមាំ ចំពោះកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងផែនការ រួមចំណែកជាតិ NDC 3.0 ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ចំនួន៥៥% នៅឆ្នាំ២០៣៥។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងបែបនេះ ក្នុងឱកាសទទួលជួបសម្តែងការគួរសមជាមួយកញ្ញា Tzeporah Berman ស្ថាបនិក និងជាប្រធានសន្ធិសញ្ញាមិនរីកសាយភាយឧស្ម័នឥន្ធនៈហ្វូស៊ីល (FFNPT) នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន។

កញ្ញា Tzeporah Berman បានលើកឡើងថា សន្ធិសញ្ញាមិនរីកសាយភាយឧស្ម័នឥន្ធនៈហ្វូស៊ីល (FFNPT) ជាគំនិតផ្តួចផ្តើមសកលនិងជាកិច្ចព្រមព្រៀងអន្តរជាតិ។ កញ្ញាប្រធាន FFNPT បានកោតសរសើរកម្ពុជាចំពោះការអនុវត្តជំរុញសកម្មភាព ដើម្បីភាពស្អាត ភាពបៃតង និងចីរភាព នៃយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ដែលស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា។ កញ្ញា Tzeporah Berman ស្ថាបនិក បានបញ្ជាក់ថា លទ្ធផលដែលកម្ពុជាសម្រេចបានដោយមានការចូលរួមពីមនុស្សច្រើនលាននាក់ដែលបានអនុវត្តជាក់ស្តែងមិនមែនត្រឹមតែជាទ្រឹស្ដីទេ ជាពិសេសលើការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការជំរុញការដាំកូនឈើបង្កើនគម្របបៃតង និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ។ ដូចនេះ ពិភពលោកនឹងគួររៀនសូត្រតាម។ ជាមួយគ្នានេះកញ្ញា Tzeporah Berman បានស្នើឱ្យកម្ពុជាគាំទ្រ និងយល់ព្រមជាគោលការណ៍ ក្នុងការធ្វើជាម្ចាស់ផ្ទះសន្និសីទអន្តរជាតិលើកទី៣ ស្ដីពីការបញ្ឈប់ឥន្ធនៈហ្វូស៊ីល (The 3rd conference on fossil fuel phase-out) ដែលគ្រោងនឹងប្រារព្ធឡើងនៅដើមឆ្នាំ២០២៧ ឬ ២០២៨ ដើម្បីបង្ហាញពីភាពដឹកនាំរបស់កម្ពុជាក្នុងតំបន់អាស៊ី នៃសន្ធិសញ្ញាមិនរីកសាយភាយឥន្ធនៈហ្វូស៊ីល ដែលជាយន្តការបំពេញបន្ថែមដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីស ដើម្បីផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកវិទ្យាដល់ប្រទេស ដែលកំពុងអភិវឌ្ឍដូចជាកម្ពុជាដែរ។

ស្របជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថានឹងលើកសំណើខាងលើ ដាក់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីគោរពពិនិត្យនិងសម្រេចជាមុន។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លឺងថា បច្ចុប្បន្នកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ ក្នុងអាស៊ានលើផ្នែកថាមពលកកើតឡើងវិញ និងគ្រោងបង្កើនសមាមាត្រថាមពលចម្រុះឱ្យដល់ ៧២% នៅឆ្នាំ២០៣៥ ឆ្ពោះទៅសម្រេចបានកម្ពុជាជា ប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។ ជាមួយគ្នានេះ ក្រសួងបរិស្ថានបានដាក់ចេញកោះអព្យាក្រឹតកាបូនគំរូដំបូងគេបង្អស់ នៅក្នុងអាស៊ី(Carbon Neutral Island) ដែលត្រៀមនឹងដាក់សម្ពោធ នៅចុងខែមីនានេះ។

សូមបញ្ជាក់ថា កម្ពុជាបានបង្ហាញឆន្ទះក្នុងការជំរុញការកាត់បន្ថយឥន្ធនៈផូស៊ីល (ធ្យូងថ្ម ប្រេង ឧស្ម័ន) គឺចាំបាច់ដើម្បីទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ថាមពលកកើតឡើងវិញ (ព្រះអាទិត្យ ខ្យល់) ជំនួសវិញ។ កម្ពុជាបានធ្វើការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុតាមរយៈផែនការយុទ្ធសាស្ត្រជាតិ (CCCSP 2024-2033) និងការប្តេជ្ញាចិត្ត ជំរុញការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និងពង្រឹងភាពធន់នឹងអាកាសធាតុ តាមរយៈ ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (NDC 3.0)។ វិស័យអាទិភាព ដែលបានកំណត់ក្នុងផែនការរួមចំណែកជាត ផ្តោតលើវិស័យសំខាន់ៗរួមមាន៖ ព្រៃឈើ និងដីធ្លី ដោយជំរុញការបង្កើនគម្របព្រៃឈើ និងកាត់បន្ថយការបំភាយឧស្ម័ន។ កសិកម្ម ដោយធ្វើការកែសម្រួលបច្ចេកទេសកសិកម្មដើម្បីធន់នឹងអាកាសធាតុ។ ថាមពល ដោយលើកកម្ពស់ថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាបៃតង។ និងវិស័យសំណល់ ដោយធ្វើការគ្រប់គ្រងសំណល់ឲ្យបានប្រសើរ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia