ព័ត៌មាន
កម្ពុជា-ប្រេស៊ីលផ្លាស់ប្តូរទស្សនៈ និងស្វែងរកដំណោះស្រាយលើផលប៉ះពាល់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ
កម្ពុជា-ប្រេស៊ីល ពិភាក្សាផ្លាស់ប្តូរទស្សនៈជុំវិញស្ថានការណ៍ពិភពលោកបច្ចុប្បន្ន និងការស្វែងរកដំណោះស្រាយនានា ដើម្បីកាត់ បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ចជាតិរៀងៗខ្លួន និងបានពិភាក្សាអំពីការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយសហរដ្ឋអាម៉េរិក។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ នេះ បានអនុញ្ញាតលោកជំទាវឯកអគ្គរដ្ឋទូត Susan Kleebank អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃក្រសួងការបរទេសប្រេស៊ីល និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ អមដំណើរពីសំណាក់ លោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវអនុរដ្ឋមន្ត្រី បានបញ្ចប់បេសកកម្មប្រកបដោយជោគជ័យ ក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់ទ្វេ ភាគីលើកទី២ រវាងកម្ពុជានិងប្រេស៊ីល កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។ ក្នុងស្មារតីនេះ ថ្នាក់ដឹកនាំទាំងពីរ បានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃទំនាក់ទំនងការទូត ដែលកំពុងមានការរីកចម្រើនគួរឱ្យកត់ សម្គាល់ និងបានឯកភាពគ្នា ក្នុងការបន្តជំរុញយន្តការកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ឱ្យចេញជាលទ្ធផលជាក់ស្តែង ឆ្លើយតប ទៅនឹងសក្តានុពលនៃប្រទេសទាំងពីរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីភាពវិជ្ជមាននៃបរិយាកាសវិនិយោគនៅកម្ពុជា ដែលមានភាពអនុគ្រោះខ្ពស់ ក្រោមការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល។ជាមួយគ្នានេះ ឯកឧត្តមបានគូសបញ្ជាក់អំពីផែនការបេសកកម្មគោះទ្វារវិនិយោគ ទៅកាន់ប្រទេសប្រេស៊ីល និងបណ្តាប្រទេសសំខាន់ៗជុំវិញពិភពលោក ដើម្បីបង្ហាញពីសក្តានុពលពិតរបស់កម្ពុជា ដោយរំពឹងថា នឹង អាចទាក់ទាញវិនិយោគិនប្រេស៊ីលបន្ថែមទៀត ជាពិសេសលើវិស័យកសិ-ឧស្សាហកម្ម និងឧស្សាហកម្មកែច្នៃចំណីអាហារ ដែលជា វិស័យបង្គោលមានតម្លៃបន្ថែមខ្ពស់។

ជុំវិញពន្ធបដិការ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនលោកជំទាវអនុរដ្ឋមន្ត្រីថា កម្ពុជាជាប្រទេសទី១ក្នុងពិភពលោក ដែលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការនេះជាផ្លូវការ ហើយវាគឺជាការផ្តល់នូវភាពប្រាកដប្រជា និងជំនឿចិត្តយុទ្ធសាស្ត្រដល់ វិនិយោគិនអន្តរជាតិ ជាពិសេសវិនិយោគិនពីប្រទេសប្រេស៊ីល ក្នុងការសម្រេចចិត្តជ្រើសរើសកម្ពុជាជាមូលដ្ឋានផលិតកម្មដ៏រឹងមាំ ដើម្បី ទាញយកអត្ថប្រយោជន៍ និងផ្គត់ផ្គង់ទៅកាន់ទីផ្សារដ៏មហិមារបស់សហរដ្ឋអាម៉េរិក ប្រកបដោយភាពប្រកួតប្រជែងខ្ពស់។
ជាការឆ្លើយតប, លោកជំទាវ Susan Kleebank បានបង្ហាញនូវឆន្ទៈ ក្នុងការគាំទ្រ សម្របសម្រួលយ៉ាងពេញទំហឹង ដល់ បេសកកម្មគោះទ្វារវិនិយោគរបស់កម្ពុជានៅប្រេស៊ីល ដើម្បីឱ្យទទួលបានលទ្ធផលត្រចះត្រចង់ ក្នុងនោះលោកជំទាវក៏បានលើកឡើង អំពីក្រុមហ៊ុនសហគ្រាសធំៗមួយចំនួន ដែលមានសក្តានុពលខ្លាំងនៅប្រេស៊ីល ដែលគណៈប្រតិភូកម្ពុជាគួរជួបពិភាក្សា ដើម្បីបង្កើត ភាពជាដៃគូសេដ្ឋកិច្ចយូរអង្វែង៕ អត្ថបទ៖ សុន រ៉ាឌី


-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច