ព័ត៌មាន
កំណើនស្ត្រីបម្រើការងារក្នុងវិស័យរដ្ឋ និងឯកជន កំពុងកើនឡើង ខណៈវិស័យខ្លះស្ត្រីមានចំនួនច្រើនជាងបុរស
ភ្នំពេញ៖ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី បានថ្លែងថា បច្ចុប្បន្ននេះ កំណើនស្ត្រីកម្ពុជា បម្រើការងារក្នុងវិស័យរដ្ឋ និងឯកជន កំពុងមានការកើនឡើងគួរឲ្យកត់សម្គាល់ ខណៈវិស័យខ្លះ មានចំនួនច្រើនជាងបុរសផងដែរ ។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងផែនការសកម្មភាពការងារ ឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី (ក.ជ.ក.ស) នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី មានប្រសាសន៍ថា រាជរដ្ឋាភិបាលគ្រប់នីតិកាលកន្លងមក ក៏ដូចជានីតិកាលបច្ចុប្បន្ន បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់សិទ្ធិស្ត្រី និងការផ្ដល់ភាពអង់អាចដល់ស្ត្រីនៅគ្រប់វិស័យ ។
លោកជំទាវ បានបន្តថា ការយកចិត្តទុកដាក់នេះ បានបង្ហាញចេញជារូបភាព តាមរយៈការពង្រឹងសមភាពយេនឌ័រ នៅគ្រប់កម្រិត និងគុណតម្លៃរបស់ស្ត្រីនៅក្នុងសង្គម ដែលនាំឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននូវស្ថានភាព សិទ្ធិ ឋានៈ តួនាទី និងសុខុមាលភាពរបស់ស្ត្រី ក៏ដូចជាសង្គមគ្រួសារ ទាំងក្នុងក្របខណ្ឌអភិបាលកិច្ច សេដ្ឋកិច្ច-សង្គម វប្បធម៌ និងការកសាង ថែរក្សាសន្តិភាព និងសន្តិសុខជាតិ ។
រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានបន្ថែមថា គិតត្រឹមឆ្នាំ២០២៥ សម្រាប់វិស័យដែលស្ត្រីមានកំណើនច្រើនជាងបុរស រួមមានវិស័យសហគ្រាសធុនតូច មធ្យម និងសិប្បកម្ម បានប្រើប្រាស់កម្លាំងជាស្ត្រីរហូតដល់ ៧១.២៤ភាគរយ, វិស័យទេសចរណ៍ ៦០ភាគរយ ហើយនៅឆ្នាំដដែលនេះ ការជ្រើសរើសមន្ត្រីឲ្យចូលក្នុងក្របខណ្ឌ មានចំនួន១០ក្រសួង ស្ថាប័ន ក្នុងនោះស្ត្រីមានរហូតដល់ ៥៧.៧២ភាគរយ ខណៈវិស័យខ្លះ ក៏ចំនួនស្ត្រីបម្រើការងារប្រហាក់ប្រហែលនឹងបុរសផងដែរ ។
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានគូសបញ្ជាក់ថា ប៉ុន្តែយ៉ាងណាក៏ដោយ បញ្ហាប្រឈម និងកង្វល់សម្រាប់ស្ត្រីកម្ពុជា គឺនៅតែមាន ដែលក្នុងនោះមានកង្វះស្ថិតិ ទិន្នន័យបែងចែកតាមភេទ, ការបន្តកើតឡើងនូវទម្រង់ថ្មីៗ នៃអំពើហិង្សាលើស្ត្រី និងក្មេងស្រី ជាពិសេសតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល, ចំនួនសិស្សស្រី ដែលសិក្សាមុខវិជ្ជា STEAM មិនទាន់ឆ្លើយតបនឹងតម្រូវការទីផ្សារ, សិស្សនិស្សិត ដែលបានចូលរៀនជំនាញបែបប្រពៃណី មរតកដូនតាភាគច្រើន មានការបារម្ភអំពីអនាគត នៃជំនាញ ហើយមួយទៀត សហគ្រិន ឬប្រតិបត្តិករជាស្ត្រី នៅជួបការប្រឈមក្នុងការទទួលបានសេវាហិរញ្ញវត្ថុ ក្នុងអាជីវកម្ម និងចំណេះដឹងលើបច្ចេកវិទ្យា និងបច្ចេកទេសថ្មីៗ ។
ក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានវាយតម្លៃខ្ពស់ ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្នុងការលើកកម្ពស់ និងជួយដល់ស្ត្រីកម្ពុជា ខណៈស្ត្រីគឺជាឆ្អឹងខ្នងនៃគ្រួសារ និងសេដ្ឋកិច្ចជាតិ ។
ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញបន្ថែម ទៅដល់ភាគីពាក់ព័ន្ធទាំងអស់ បន្តលើកកម្ពស់គុណតម្លៃរបស់ស្ត្រី ឲ្យស្របទៅនឹងគោលនយោបាយ របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ ៕ អត្ថបទ បាន សុខរិទ្ធិ









-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច