ព័ត៌មាន
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា សម្រេចបន្ថែមប្រាក់ចំនួន ២,៥០ដុល្លារ ដល់កម្មករដើម្បីសម្រួលចំណាយថ្លៃធ្វើដំណើរ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានឯកភាពគ្នាសម្រេចផ្តល់ប្រាក់បន្ថែមចំនួន ២,៥០ដុល្លារអាម៉េរិក ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១ ខែមេសាខាងមុខតទៅ ដើម្បីជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិតវិស័យកាត់ដេរ ក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈជាសាកល។
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅក្រោយចប់កិច្ចប្រជុំពិភាក្សាដើម្បីរកដំណោះស្រាយជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិតក្នុងអំឡុងពេលវិបត្តិប្រេងឥន្ធនៈ នារសៀលថ្ងៃទី២០ ខែមីនានេះ បានមានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានឱ្យដឹងថា បន្ទាប់ពីពិភាក្សាគ្នារយៈពេលប្រហែល ៥ម៉ោង គឺទទួលបានលទ្ធផលជាវិជ្ជមានមួយ ដោយឯកភាពគ្នាថានឹងផ្តល់ប្រាក់បន្ថែមជាលក្ខណៈបណ្តោះអាសន្នជូនទៅដល់កម្មករនិយោជិតខាងផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលកាបូបនិងធ្វើដំណើរចំនួន ២ដុល្លារកន្លះ ក្នុងមួយខែបន្ថែមពីលើអ្វីដែលរោងចក្រនីមួយៗកំពុងតែបើកផ្តល់ជូនកម្មករនិយោជិតលើសោហ៊ុយធ្វើដំណើរ និងស្នាក់នៅ។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ការសម្រេចផ្តល់ប្រាក់បន្ថែមជាបណ្តោះអាសន្ននេះ នឹងអាចជួយសម្រាលបន្ទុកកម្មករនិយោជិតបានមួយចំណែកធំ ដោយសារតាមការអង្កេតរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក៏បានធ្វើតាំងពីថ្ងៃចន្ទរហូតមកដល់ពេលនេះ ជាមធ្យមគឺអ្នកផ្តល់សេវាដឹកជញ្ជូនគឺបានស្នើរសុំដំឡើងបន្ថែមចន្លោះពី ៨ពាន់រៀល ទៅ ១ម៉ឺន ២ពាន់រៀល ប៉ុន្តែកន្លែងខ្លះឆ្ងាយក៏មានការស្នើសុំបន្ថែមរហូតដល់ទៅ ២ម៉ឺនរៀល ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ការបន្ថែមប្រាក់ ២ដុល្លារកន្លះនេះ គឺជាកាយវិការប្រកបដោយភាពវិជ្ជមាន និងការទទួលខុសត្រូវរបស់អ្នកវិនិយោគ ម្ចាស់ រោងចក្រ នៅកម្ពុជា ហើយរដ្ឋាភិបាលក៏បានរួមចំណែកក្នុងការជួយរក្សាទាំងតម្លៃ និងធានាដល់ការផ្គត់ផ្គង់ប្រេងឥន្ធនៈឱ្យបានគ្រប់គ្រាន់ជូនទៅដល់ប្រជាពលរដ្ឋផងដែរ។
នៅក្នុងឱកាសនេះ លោក គឹម ចាន់សំណាង ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា បានសម្តែងការអរគុណប្រមុខរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះ ជាពិសេសក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបប្រជុំជាមួយភាគីពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយនេះ។ លោកបានបន្ថែមថា ការគិតគូរបស់រាជរដ្ឋាភិបាល គឺសំខាន់ខ្លាំងណាស់ជួយដល់ដោះស្រាយបញ្ហាជីវភាពកម្មករនិយោជិតនៅក្នុងស្ថានភាពនេះ។
កាលពីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦កន្លងទៅ សម្ដេចនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត បានណែនាំឱ្យ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំកិច្ចប្រជុំជាមួយតំណាងភាគីននិយោជក និងភាគីសហជីព ដែលតំណាងកម្មករនិយោជិត ដើម្បីពិនិត្យពិភាក្សាស្វែងរកលទ្ធភាពជួយសម្រាលបន្ទុកចំណាយថ្លៃធ្វើដំណើររបស់កម្មករនិយោជិតយើង នៅក្នុងរយៈពេលអន្តរកាលនេះឱ្យបានឆាប់បំផុត។
សូមជម្រាបជូនថា បច្ចុប្បន្ននេះ កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប មានប្រាក់ឈ្នួលអប្បបរមាចំនួន ២១០ដុល្លារ ក្នុងមួយខែ៕
អត្ថបទ៖ ឈិត បូរ៉ាវី





-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន6 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន6 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 day agoសម្តេចធិបតី៖ គម្រោង«ព្រែកជីកហ្វូណនតេជោ»នឹងធ្វើឲ្យចប់ដូចការគ្រោងទុក មិនបានជាប់គាំងដូចការលើកឡើងរបស់ជនមួយក្តាប់តូចនោះទេ