ព័ត៌មាន
ក្រសួងអប់រំ រៀបចំទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ ក្រោមប្រធានបទពាក់ព័ន្ធយុវជន និងសន្តិភាព
នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ ក្រោមប្រធានបទ “ជំនាន់យុវជនសន្តិភាព? ការរួមចំណែករបស់យុវជន ដើម្បីធ្វើឱ្យពិភពលោកកាន់តែមានសន្តិភាព”។ កម្មវិធីនេះក៏មានការចូលរួមពី ឯកឧត្តម Christian DESROCHES ឯកអគ្គរដ្ឋទូតកាណាដាប្រចាំប្រទេសកម្ពុជា ព្រមទាំងមានការចូលរួមពីសំណាក់តំណាងស្ថានទូតបារាំងប្រចាំនៅកម្ពុជាផងដែរ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា នេះជាការបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងសាមគ្គីភាពយ៉ាងស៊ីជម្រៅជាមួយសហគមន៍ភាសាបារាំង រួមជាមួយប្រជាជាតិចម្រុះជាតិសាសន៍ ជាពិសេសយុវជនជំនាន់ក្រោយ ដែលជាកម្លាំងចលករក្នុងការជំរុញការអភិវឌ្ឍ និងអនាគតនៃភាសាបារាំង ព្រមទាំងជាការចូលរួមចំណែកដើម្បីឱ្យពិភពលោកកាន់តែមានសុខសន្តិភាព ផ្សាភ្ជាប់ទៅនឹងប្រធានបទដែលបានលើកឡើងនៅក្នុងឆ្នាំនេះផងដែរ។
ឯកឧត្តម បានរំលេចផងដែរថា កម្ពុជាមានមោទនភាពក្រៃលែងនៅលើឆាកអន្តរជាតិ ក្នុងការទទួលរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅនាឆ្នាំ២០២៦នេះ ដែលជាព្រឹត្តិការណ៍អន្តរជាតិធំលើកទីពីរ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ ក្រោយរយៈពេលជិត ៣០ឆ្នាំ បន្ទាប់ពីត្រូវបានរៀបចំឡើងជាលើកទី១ក្នុងឆ្នាំ ១៩៩៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។
ជាមួយគ្នានេះ ឯកឧត្តម Christian DESROCHES ឯកអគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា បានលើកឡើងថា ការប្រារព្ធទិវាអន្តរជាតិហ្វ្រង់កូហ្វូនី គឺជាឱកាសក្នុងការលើកកម្ពស់ចំណងសាមគ្គីភាព តាមរយៈកិច្ចសហប្រតិបត្តិការរវាងប្រទេសដែលប្រើប្រាស់ភាសាបារាំង ដែលរួមមានប្រទេសកាណាដាផងដែរ។ ចំណងសាមគ្គីភាពនេះ ពិតជាដើរតួយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហាប្រឈមរបស់សហគមន៍ហ្វ្រង់កូហ្វូននាពេលបច្ចុប្បន្ន។
ឯកឧត្តមក៏បានគូសបញ្ជាក់ដែរថា អំឡុងពេលបំពេញការងារជាឯកអគ្គរដ្ឋទូតនៅប្រទេសកម្ពុជា ឯកឧត្តមបានសង្កេតឃើញថាភាសាបារាំងត្រូវបានប្រើប្រាស់នៅស្ទើរតែគ្រប់វិស័យនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំក្នុងការបន្តការសហការជាមួយកម្ពុជា ក៏ដូចជាស្ថានទូតបារាំងប្រចាំកម្ពុជាផងដែរ។
គួរបញ្ជាក់ផងដែរថា ទិវាអន្តរជាតិហ្វ្រង់កូហ្វូនីត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ និងជាព្រឹតិ្តការណ៍ដ៏សំខាន់ក្នុងការបង្ហាញពីតួនាទីដ៏សំខាន់នៃភាសាបារាំងនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍នានា។ ដើម្បីអបអរទិវានេះ គ្រឹះស្ថានសិក្សាប្រើប្រាស់ភាសាបារាំង បានចូលរួមសម្ដែងទស្សនីយភាពនានា រួមមាន៖ របាំប្រជាប្រិយ ចម្រៀងសម័យ និងការសម្ដែងរឿងខ្លី ជាភាសាបារាំង នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា៕ អត្ថបទ៖គឹមហុក













-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច