ព័ត៌មាន
គណៈកម្មាធិការអាយស៊ីស៊ី ព្រះវិហារ បើកកិច្ចប្រជុំពេញអង្គលើកទី១១ ដើម្បីពិភាក្សាអំពីវិធានការសង្រ្គោះបន្ទាន់នៅប្រាសាទព្រះវិហារ និងការអភិរក្ស អភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទកោះកេរ
គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ សម្រាប់ការអភិរក្សប្រាសាទព្រះវិហារ (ICC-Preah Vihear) កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦កន្លងទៅនេះ បានរៀបចំកិច្ចប្រជុំពេញអង្គលើកទី១១ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងមានការសម្របសម្រួលពីសហប្រធានចិន-ឥណ្ឌា ដើម្បីពិនិត្យ និងពិភាក្សាអំពីវិធានការបន្ទាន់ សង្រ្គោះប្រាសាទព្រះវិហារដែលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយជម្លោះប្រដាប់អាវុធទាំងពីរលើកកាលពីឆ្នាំ២០២៥កន្លងទៅ និងការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទកោះកេរ។

មុននឹងឈានដល់កិច្ចប្រជុំនេះ អ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ កាលពីថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៦កន្លងទៅ ក៏បានចុះពិនិត្យការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានប្រាសាទកោះកេរ និងពិនិត្យផលប៉ះពាល់នៅប្រាសាទព្រះវិហារ។ ក្នុងបេសកកម្មនោះ អ្នកជំនាញការអាដហុក បានផ្តល់អនុសាសន៍ណែនាំសម្រាប់រមណីយដ្ឋានប្រាសាទកោះកេររួមមាន៖ ការរៀបចំចំណតនៅប្រាសាទប្រាំ ការរៀបចំចងក្រងឯកសារស្ថាបត្យកម្ម និងរៀបចំសុវត្ថិភាពថ្មប្រាសាទខ្នារ ដើម្បីការងារអភិរក្ស ជួសជុលនៅពេលខាងមុខ។ ការអភិរក្ស ជួសជុល និងចងក្រងទិន្នន័យ នៅប្រាសាទគោកគ្រង ប្រាសាទបល្ល័ង្កត្បូង ជួសជុលគោបុរៈខាងលិចប្រាសាទក្រចាប់ ជួសជុលច្រកចូលខាងជើងនិងត្បូងនៃប្រាសាទក្រហម។ ចំណែកប្រាសាទព្រះវិហារ អ្នកជំនាញការបានផ្តល់អនុសាសន៍សម្រាប់កិច្ចអន្តរាគមន៍បន្ទាន់ទៅលើទីតាំងដែលរងគ្រោះដោយគ្រោប់ផ្លោង និងមានហានិភ័យខ្ពស់ចាប់ពីចំណុចពើយតាឌី ដល់ស្ពាននាគគោបុរៈទី៥ និងពិនិត្យការខូចខាតបញ្ជរលក់សំបុត្រនៅជើងភ្នំប្រាសាទព្រះវិហារផងដែរ។

សូមបញ្ជាក់ថា លទ្ធផលនៃកិច្ចប្រជុំពេញមួយថ្ងៃ អង្គប្រជុំ សហប្រធានចិន-ឥណ្ឌា ព្រមទាំងបណ្តារដ្ឋសមាជិក(ICC-Preah Vihear) និងអ្នកជំនាញការអន្តរជាតិ បានប្តេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារនិងថែរក្សាបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ សម្រាប់មនុស្សជាតិជំនាន់ក្រោយៗទៀត ជាពិសេសសហប្រធានទាំងពីរបានបង្ហាញជំហរបន្តកិច្ចការអភិរក្សប្រាសាទព្រះវិហារតាមរយៈវេទិការពិគ្រោះយោបល់នេះនៅពេលដែលស្ថានភាពវិលមករកប្រក្រតីភាពវិញ៕



-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច