ព័ត៌មាន
ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ជួបជាមួយអាជ្ញាធរកូរ៉េ ដើម្បីពង្រឹងសហប្រតិបត្តិការជួយដល់ពលករខ្មែរ
ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងសហការី បានជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយលោក Baek Seong Hyeon អភិបាលក្រុងនន់សាន នៅសាលាក្រុងនន់សាន់ ក្នុងខេត្តឈុងឆុងណាំដូ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ ផ្ដល់ព័ត៌មានដល់គ្នាទៅវិញទៅមកជួយដល់ពលករខ្មែរ ដែលកំពុងបម្រើការងារក្នុងក្រុងមួយនេះ។

ក្នុងជំនួបកាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណ លោកអភិបាលក្រុងនន់សាន់ ដែលបានទទួលស្វាគមន៍ក្រុមការងារស្ថានទូតយ៉ាងកក់ក្តៅ ព្រមទាំងថ្លែងអំណរគុណសាលាក្រុង ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខសុវត្ថិភាពរបស់បងប្អូនពលករកម្ពុជា ដែលកំពុងបំរើការងារ និងរស់នៅក្នុងតំបន់នន់សាន់ ប្រមាណ ១ ៧០០នាក់ ដែលជាចំនួនច្រើនជាងគេប្រៀបទៅនឹងពលករបរទេសដទៃទៀត។
ជាមួយគ្នានេះ ឯកឧត្តម ឃួន ផុនរតនៈ បានស្នើសាលាក្រុងនន់សាន់ បន្តពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយស្ថានទូត ក្នុងការផ្តល់ព័ត៌មានគ្នាទៅវិញទៅមក ដើម្បីរក្សាឱ្យបាននូវសុវត្ថិភាព និងដោះស្រាយបញ្ហាឱ្យទាន់ពេលវេលា ជូនបងប្អូនពលករដែលកំពុងរស់នៅក្នុងតំបន់នេះ ។

ដោយសំលឹងឃើញពីសក្តានុពលកសិកម្ម របស់ក្រុងនន់សាន់ ឯកឧត្តមឯកអគ្គរាជទូត ក៏បានស្នើឱ្យសាលាក្រុងនុនសាន់ ពិចារណាក្នុងការភ្ជាប់ទំនាក់ទំនងសហប្រត្តិបត្តិការរវាងក្រុងនន់សាន់ និងខេត្តក្រុងណាមួយរបស់ប្រទេសកម្ពុជា ជាពិសេសខេត្តបាត់ដំបង ដែលជាខេត្តមួយដ៏មានសក្តានុពលលើវិស័យកសិកម្ម របស់កម្ពុជា ។
ឯកឧត្តមឯកអគ្គរាជទូត ក៏បានអញ្ជើញលោកអភិបាលក្រុង មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ក្នុងឱកាសសមស្របណាមួយ ហើយជាការឆ្លើយតប លោកអភិបាលក្រុង មានប្រសាន៍ថា នឹងទៅទស្សនាប្រទេសកម្ពុជា ក្នុងឱកាសណាមួយក្នុងពេលខាងមុខ ។

នៅថ្ងៃដដែល ឯកឧត្តម ឃួន ផុនរតនៈ និងសហការី បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Yeo Sang-bong ស្នងការក្រុងនន់សាន ព្រមទាំងបានថ្លែងអំណរគុណដល់លោកស្នងការ ដែលតែងតែយកចិត្តទុកដាក់ក្នុងការថែរក្សាសុខសុវត្ថិភាពជូនពលករខ្មែរ និងសហគមន៍ខ្មែរ នៅតំបន់នន់សានកន្លងមក ។
ក្នុងជំនួបនេះ ភាគីទាំងពីរ ក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថានទូតកម្ពុជា និងស្នងការក្រុងនន់សាន នាពេលខាងមុខ ដោយផ្តោតលើការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក ក៏ដូចជាការបន្តសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានារបស់ពលករខ្មែរ ឱ្យកាន់តែមានប្រសិទ្ធភាព និងទាន់ពេលវេលា៕ អត្ថបទ បាន សុខរិទ្ធិ





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច