ព័ត៌មាន
គណៈកម្មាធិការជាតិជំរុញចលនា ភូមិ១ ផលិតផល១ ចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយផលិតផលខ្មែរ
គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ (ភ១.ផ១) ឬ (OVOP) បានចាប់ផ្ដើម រៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផលខ្មែរ ភូមិ១ ផលិតផល១ ទូទាំងប្រទេស អមដោយការបណ្តុះបណ្តាលសហគ្រិនខ្មែរទាំងអស់ឱ្យមានសមត្ថភាពពង្រីកមុខរបររបស់ខ្លួនផងដែរ។

គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ (ភ១.ផ១) ឬ (OVOP) សហការឧបត្ថម្ភដោយសហគ្រិនខ្មែរ (KE) បានរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយផលិតផលខ្មែរ ភូមិ១ ផលិតផល១ នៅដីឡូត៍លេខ878 ផ្លូវវេងស្រេង រាជធានីភ្នំពេញ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦ ដែលមានផលិតផលដាក់តាំងបង្ហាញជិត១០០ស្តង់ អមដោយការប្រគុំតន្ត្រីខ្នាតធំ ដែលព្រឹត្តិ ការណ៍ផ្សព្វផ្សាយនេះ នឹងត្រូវធ្វើឡើងនៅតាមរាជធានីខេត្តទូទាំងប្រទេស។
ឯកឧត្តម ផល សុជាតិ អគ្គលេខាធិការគណៈកម្មាធិការជំរុញចលនាភូមិ១ ផលិតផល១ បានឱ្យដឹងថា យុទ្ធនាការផ្សព្វផ្សាយផលិតផលខ្មែរ នឹងធ្វើឡើងនៅតាមរាជធានីខេត្តទូទាំងប្រទេស ព្រមជាមួយនឹងការបណ្តុះបណ្តាលសហគ្រិនខ្មែរឱ្យចេះធ្វើទីផ្សារផ្សព្វផ្សាយលក់ចែកចាយផលិតផលខ្លួន ជំនាញគ្រប់គ្រងអាជីវកម្ម លក់តាមប្រព័ន្ធអនឡាញ ជំនាញរៀបចំហិរញ្ញវត្ថុ និងជំនាញទន់នានាទៀត សំដៅឱ្យពួកគេទទួលបានតម្លៃបន្ថែម សិប្បកម្ម អាជីវកម្មមានភាពរឹងម៉ាំ។
ឯកឧត្តម ផល សុជាតិ បន្តថា រហូតមកដល់បច្ចុប្បន្ន គណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ បានទទួលស្គាល់ផលិតផលខ្មែរ ប្រមាណជិត១០០០ផលិតផល ក្នុងនោះ ផលិតផលជាទំនិញ មានជាង៧០០មុខ ហើយក្រៅពីនេះ ជាផលិតផលជាសេវាកម្ម កើតពីសហគ្រាស មីក្រូខា្នតតូចខ្នាតមធ្យម និងខ្លះកើតពីសិប្បកម្មលក្ខណៈគ្រួសារ ដែលមានភាពទន់ខ្សោយ ហើយត្រូវជំរុញបំពាក់បំប៉នបន្ថែម ដើម្បីកុំឲ្យសិប្បកម្មដួលរលំទៅវិញ។
លោកស្រី តិមា វិច្ឆិកាល អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា នៅរាជធានីភ្នំពេញ ឆ្នាំ២០២៦នេះ មានមូលដ្ឋានសហគ្រាសធន់តូច មធ្យម ប្រមាណជាង៦០០០កន្លែង បានស្រូបទាញពលករចូលបម្រើការជាង១១ម៉ឺននាក់ ហើយក្រៅពីនេះ ក៏មានរោងចក្រ ប្រមាណជាង៨០០កន្លែង បានស្រូបទាញកម្លាំងពលកម្មប្រមាណជាង៤២ម៉ឺននាក់ ដោយមិនបូកបញ្ចូលរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រសហគ្រាសកម្រិតថ្នាក់ជាតិផ្សេងៗទៀត
លោកស្រី បានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្នដែរ រដ្ឋបាលរាជធានីភ្នំពេញ បានជំរុញ និងបានចុះបញ្ជីម៉ាកផលិតផលប្រមាណ១៨០០ផលិតផល និងបានចងក្រងផលិតផលខ្មែរចូលក្នុងភូមិ១ផលិតផល១ ប្រមាណ៧៦មុខផលិតផល ដែលភាគច្រើន ជា ម្ហូបអាហារ សម្លៀកបំពាក់ តម្បាញ ចម្លាក់ វត្ថុអនុស្សាវរីយ៍ និងផលិតផលសម្រាប់ប្រើប្រាស់នានាទៀត៕ អត្ថបទ៖ ស៊ុម សុខជា






-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន7 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន5 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន7 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន2 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ