ព័ត៌មាន
ភូមិបណ្តោះអាសន្នថ្មី បានផ្តល់ការរស់នៅកាន់តែប្រសើរឡើង ដល់ជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យ
ក្រុមគ្រួសារជនភៀសសឹក បាននិងកំពុងផ្លាស់ទីលំនៅពីជំរំតង់ ទៅកាន់ភូមិបណ្ដោះអាសន្នថ្មី ដែលរៀបចំដោយរដ្ឋាភិបាល ដើម្បីផ្តល់លក្ខខណ្ឌរស់នៅកាន់ប្រសើរឡើង ខណៈយន្តការការទូតកំពុងដំណើរការដើម្បីដោះស្រាយជម្លោះព្រំដែនជាមួយថៃ។
ឯកឧត្តម ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកសារព័ត៌មានថា ក្នុងដំណាក់កាលដំបូង ជនភៀសសឹកជាង ៨០០គ្រួសារ ដែលស្នាក់នៅជំរំក្នុងវត្តកណ្តោល បាននិងកំពុងផ្លាស់ទីទៅ រស់នៅផ្ទះបណ្តោះអាសន្នថ្មីជាបណ្តើៗហើយ។ ផ្ទះបណ្ដោះអាសន្ននេះ គឺសាងសង់សម្រាប់ផ្ដល់ជូនអតីតយុទ្ធជន ប៉ុន្ដែពេលនេះរាជរដ្ឋាភិបាលបានសម្រេចផ្តល់ឱ្យជនភៀសសឹករស់នៅជាបណ្តោះអាសន្នសិន រហូតដល់រាជរដ្ឋាភិបាលទាមទាផ្ទះសម្បែងពួកគាត់វិញ ពីយោធាថៃ ដែលបានដាក់ទូកុងតឺន័រ និងបន្លាលួសព័ន្ធកាន់កាប់ បន្ទាប់ពីមានបទឈប់បាញចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។
ឯកឧត្តម បន្ថែមថា ផ្ទះបណ្តោះអាសន្ននេះត្រូវបានសាងសង់លើដីទំហំ ២០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធពេញលេញ ដែលមាន ផ្លូវថ្នល់ ទឹកស្អាត អគ្គិសនី សាលារៀន មណ្ឌលសុខភាព និងទីស្នាក់ការភូមិ ជាដើម។ ទីតាំងផ្ទះបណ្តោះអាសន្ននេះ ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជួយ ដែលមានចម្ងាយប្រមាណ ១៥គីឡូម៉ែត្រពីជំរំចាស់។
ជាមួយគ្នានេះ ពលរដ្ឋភៀសសឹកបានថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលបានផ្តល់ជម្រកបណ្តោះអាសន្នសមរម្យដល់ពួកគាត់។ ទោះបីយ៉ាងណាពួកគាត់ នៅតែចង់ទៅរស់នៅភូមិកំណើតរបស់ពួកគាត់វិញ ដោយជឿជាក់លើរាជរដ្ឋាភិបាលនឹងទាបទាមដីពីថៃវិញបានតាមរយៈយន្តការការទូត។
សូមបញ្ជាក់ថា ជំរំក្នុងវត្តកណ្តោល គឺជាជំរំធ្វើពីតង់កៅស៊ូ និងក្រាលពីឈើផ្ទាល់ដី ដែលពិបាករស់នៅក្នុងស្ថានភាពអាកាសធាតុមិនអំណោយផល ជាពិសេសរដូវវស្សាខិតជិតមកដល់ ដូច្នេះទើបរាជរដ្ឋាភិបាលសម្រេចផ្លាស់ទីដល់ពលរដ្ឋភៀសសឹកឱ្យទៅរស់នៅក្នុងផ្ទះបណ្តោះអាសន្នថ្មីដែលរៀបចំជូនប្រមាណ ៣,០០០ ខ្នង ដើម្បីផ្ដល់ភាពងាយស្រួល និងអាចធ្វើកកម្មចិញ្ចឹមជីវិតបានថែមទៀត៕ អត្ថបទ៖ ធូ វិរៈ





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច