ព័ត៌មាន
កម្មវិធីរត់កម្សាន្ដ អបអរបុណ្យទន្លេ ថ្ងៃសុក្រនេះ មានអ្នកចូលរួមលើសការរំពឹង ខណៈគណៈកម្មការនឹងចែកអាវ ២ថ្ងៃមុនថ្ងៃរត់
នៅសល់ ៣ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍បុណ្យទន្លេ លើកទី១០ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ នៅខេត្តក្រចេះ ដោយក្រសួងទេសចរណ៍ រួមជាមួយរដ្ឋបាលខេត្ត បានត្រៀមរៀបចំកម្មវិធីកម្សាន្ដជាច្រើន ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលនឹងប្រព្រឹត្តទៅក្រោមប្រធានបទ «ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល» នេះ។
ជាមួយគ្នា អ្វីដែលគួរឲ្យកត់សម្គាល់ គឺកម្មវិធីរត់កម្សាន្ដមហាជនចម្ងាយ ៥គីឡូម៉ែត្រ ដើម្បីអបអរសាទរព្រឹត្តិការណ៍បុណ្យទន្លេ ដែលនឹងត្រូវរៀបចំនាព្រឹកព្រលឹមថ្ងៃទី២៧ ខែមីនា បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ រហូតមានការចុះឈ្មោះលើសការរំពឹងទុក ខណៈគណៈកម្មការនឹងរៀបចំចែកអាវយឺត តាមការកំណត់រយៈពេល ២ថ្ងៃមុនកម្មវិធីមកដល់ នាថ្ងៃទី២៥-២៦ ខែមីនានេះ។
ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាប្រធានអនុគណៈកម្មការរៀបចំសកម្មភាពកីឡា អបអរព្រឹត្តិការណ៍បុណ្យទន្លេ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៤ ខែមីនានេះ គណៈកម្មការរៀបចំ បានទទួលអ្នកចុះឈ្មោះសរុប ២,២៣៣នាក់ ។ នេះគឺជាតួរលេខលើសពីការរំពឹង ដ្បិតក្នុងកិច្ចប្រជុំ កាលពីថ្មីៗ ផ្អែកលើសន្ទុះនៃការចុះឈ្មោះ ឯកឧត្តមសង្ឃឹមមានអ្នកចូលរួមចន្លោះពី ១,៥០០នាក់ ទៅ ២,០០០នាក់ប៉ុណ្ណោះ។
ក្នុងនាមអនុគណៈកម្មការរៀបចំ ឯកឧត្តមបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ចំពោះការគាំទ្រ និងចូលរួមយ៉ាងផុសផុលរបស់ប្រជាពលរដ្ឋគ្រប់ទិសទី ដើម្បីត្រៀមចូលរួមរត់លេងកម្សាន្ដ ក្នុងន័យដើម្បីអបអរសាទរខួបលើកទី១០ នៃព្រឹត្តិការណ៍បុណ្យទន្លេ ផង និងជាចលនាលើកកម្ពស់សុខភាពប្រជាពលរដ្ឋ តាមរយៈសកម្មភាពកីឡា ផ្សារភ្ជាប់ជាមួយវិស័យទេសចរណ៍ ផង។
ឯកឧត្តមបន្ដទៀតថា ក្នុងចំណោមអ្នកចុះឈ្មោះជាង ២ពាន់ ដូចបានកំណត់ក្នុងការជូនដំណឹងនាពេលថ្មីៗ សម្រាប់អ្នកចុះឈ្មោះ ១,៥០០នាក់ដំបូង ក្រសួងនឹងមានរៀបចំអាវយឺតដ៏ស្រស់ស្អាតសម្រាប់ចែកជូនម្នាក់ ១ ហើយរដ្ឋបាលខេត្តក្រចេះ នឹងផ្ដល់ក្រមា ម្នាក់ ១ បន្ទាប់ពីរត់បញ្ចប់ទី ដែលគ្រោងនឹងមានការអញ្ជើញចូលរួមបំពាក់ក្រមាផ្ទាល់ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ។ ចំពោះអាវយឺត ក្រុមការងារអនុគណៈកម្មការរៀបចំសកម្មភាពកីឡា នឹងរៀបចំចែកជូន រៀងរាល់ម៉ោងធ្វើការ នាថ្ងៃទី២៥-២៦ ខែមីនានេះ នៅមុខសាលាខេត្តក្រចេះ។
បន្ថែមលើនេះ ឯកឧត្តម វ៉ាហេង ដាវុធ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ទោះបីបានចុះឈ្មោះក្ដី ឬមិនបានចុះឈ្មោះក្ដី ហើយទទួលបានអាវយឺតក្ដី ឬពុំទទួលបានក្ដី អាចចូលរួមរត់លេងកម្សាន្ដឲ្យបានច្រើនកុះករ នាព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ ដ្បិតគណៈកម្មការរៀបចំបានត្រៀមនូវភេសជ្ជៈ ទឹក និងអាហារសម្រន់ជាផលិតផលក្នុងខេត្តជាច្រើន ដូចជាក្រូចថ្លុងកោះទ្រង់ ក្រឡាន ជាដើម សម្រាប់ផ្ដល់ជូនអ្នកចូលរួមរត់ដោយឥតគិតថ្លៃ ។ តាមរយៈនេះ ឯកឧត្តមសង្ឃឹមថា ប្រជាពលរដ្ឋនឹងចូលរួមដោយសប្បាយរីករាយទាំងអស់គ្នា។
គួរដឹងថា បុណ្យបុណ្យទន្លេ លើកទី១០ ដែលរាជរដ្ឋាភិបាល បានសម្រេចរៀបចំនៅខេត្តក្រចេះ រយៈពេល ៣ថ្ងៃ នាចុងសប្ដាហ៍នេះ ក្រសួងទេសចរណ៍ ក្រោមកិច្ចសហការពីម្ចាស់ផ្ទះ បានត្រៀមកម្មវិធីសំខាន់ៗជាច្រើន ក្នុងនោះក៏មានសកម្មភាពកីឡាជាច្រើន រួមមានរត់កម្សាន្ដ ៥គីឡូម៉ែត្រ, កីឡាហោះហើរ, កីឡាវាយសី, អុក និងកីឡាប្រជាប្រិយ ដូចជាលេងរែក លោតម៉ឹក និងបោះអង្គញ់ជាដើម ដើម្បីផ្ដល់នូវទស្សនីយភាព និងបរិយាកាសសប្បាយរីករាយជូនដល់ភ្ញៀវជាតិ និងអន្ដរជាតិ ដែលនឹងចូលរួមលេងកម្សាន្ដនាឱកាសនោះ៕ អត្ថបទ លី ឈុនឡា




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច