ព័ត៌មាន
ទិវាពិភពលោកកម្ចាត់រោគរបេង៖ កម្ពុជាទទួលបានជោគជ័យគួរជាទីមោទនៈលើការប្រយុទ្ធនឹងជំងឺរបេង
នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ ក្រសួងសុខាភិបាលកម្ពុជា បានប្រារព្ធ ទិវាពិភពលោកកម្ចាត់រោគរបេង ក្រោមប្រធានបទ«មែនហើយ! យើងអាចបញ្ចប់ជំងឺរបេង៖ ដឹកនាំដោយប្រទេសជាតិជំរុញដោយប្រជាជន» នៅក្នុងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន (រាជធានីភ្នំពេញ) ខណៈកម្ពុជាទទួលបានជោគជ័យគួរជាទីមោទនៈលើការប្រយុទ្ធនឹងជំងឺរបេង ដោយអត្រាស្លាប់ដោយសារជំងឺរបេងនៅកម្ពុជា បានធ្លាក់ចុះពី ៨០ករណីក្នុងឆ្នាំ២០០០ មកត្រឹម ១៨ករណីនៅឆ្នាំ២០២៤ ដែលស្មើនឹងការធ្លាក់ចុះ ៧៨%។

ទិវាពិភពលោកកំចាត់រោគរបេងឆ្នាំនេះធ្វើឡើងក្រោមអធិបតី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងមានការអញ្ជើញចូលរួមពីសំណាក់ តំណាងអង្គការសុខភាពពិភពលោកប្រចាំប្រទេសកម្ពុជា,តំណាងស្ថានទូតអូស្ត្រាលី ប្រចាំប្រទេសកម្ពុជា និងនាយកប្រតិបត្តិអង្គការ KHANA តំណាងអង្គការសង្គមស៊ីវិលជាច្រើនទៀត។
លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានលើកឡើងថា កម្ពុជាយើងប្រារព្ធទិវានេះ លើកដំបូងនៅឆ្នាំ១៩៩៩ ហើយលើកនេះគឺជាឆ្នាំទី២៨ ហើយដែលមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន នៃក្រសួងសុខាភិបាល បាននឹងកំពុងរៀបចំប្រារព្ធធ្វើទិវានេះ។ នៅឆ្នាំ២០២៤នៅទូទាំងសកលលោក មានអ្នកជំងឺរបេងថ្មី កើតមានប្រមាណចំនួន ១០លាន ៧សែននាក់ ក្នុងនោះមានតែ ៨លាន ៣សែន ករណីប៉ុណ្ណោះ ដែលបានស្រាវជ្រាវរកឃើញ និងរាយការណ៍ទៅអង្គការសុខភាពពិភពលោក ដូចនេះនៅសល់ជំងឺប្រមាណ ២លាន ៤សែននាក់ទៀត ពុំបានទទួលសេវាស្រាវជ្រាវ និងព្យាបាលនៅឡើយ។ លើសពីនេះទៀត ជំងឺរបេងនៅតែឆក់យកអាយុជីវិតមនុស្សក្នុងមួយឆ្នាំៗ ប្រមាណជាង១លាននាក់។

លោកបានបន្ថែមថា ការងារប្រយុទ្ធនឹងជំងឺរបេងនៅព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យគួរជាទីមោទនៈ។ ជាក់ស្តែងតាមរបាយការណ៍អង្គការសុខភាពពិភពលោកឆ្នាំ២០២៥ បង្ហាញថាអត្រាស្លាប់ដោយសារជំងឺរបេងនៅកម្ពុជា បានធ្លាក់ចុះពី ៨០ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ ក្នុងឆ្នាំ២០០០ មកត្រឹម ១៨ករណីក្នុងចំណោម ប្រជាជន ១០០,០០០ នាក់ នៅឆ្នាំ២០២៤ ដែលស្មើនឹងការធ្លាក់ចុះ៧៨%។ ចំណែកឯអត្រាអាំងស៊ីដង់ រឺអត្រា កើតជំងឺរបេងករណីថ្មី ក៏បានធ្លាក់ចុះពី ៨៥៣ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០០០ មកត្រឹម ២៧២ករណី ក្នុងចំណោមប្រជាជន ១០០,០០០នាក់ នៅឆ្នាំ២០២៤ ដែលស្មើនឹងការធ្លាក់ចុះ៦៨%។
ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាពិភពលោក កំចាត់រោគរបេង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ។
ឯកឧត្តមរដ្ឋមន្រី្ត បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលមានជំនឿយ៉ាងមុតមាំថា ប្រធានបទដែលត្រូវបានកំណត់នៅក្នុងឆ្នាំនេះ នឹងសង្កត់ធ្ងន់ឱ្យពិភពលោកទាំងមូលមានជំនឿយ៉ាងមុតមាំថា យើងទាំងអស់គ្នាអាចបញ្ចប់ជំងឺរបេងបាន ដោយយើងទាំងអស់គ្នា ត្រូវរួបរួមប្តេជ្ញា វិនិយោគ អនុវត្ត និងបង្កើនល្បឿន ដើម្បីបំពេញកិច្ចការដ៏ច្រើនបន្ថែមទៀត ជាពិសេសពង្រឹងសេវាថែទាំ បង្កើនការស្រាវជ្រាវ និងព្យាបាលជំងឺរបេងជាសកលនៅគ្រប់ទីកន្លែងសម្រាប់ជនគ្រប់រូប៕ អត្ថបទ រដ្ឋា







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន7 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច