ព័ត៌មាន
សមត្ថកិច្ចខេត្តព្រះសីហនុបង្ក្រាបបទល្មើស Online Scams ឃាត់ខ្លួនជនសង្ស័យចំនួន៥០នាក់
ក្រុមការងារចម្រុះ នៃរដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ បានបន្តយុទ្ធនាការយ៉ាងសកម្មក្នុងការអនុវត្តអនុក្រឹត្យលេខ០៣ និងការត្រួតពិនិត្យបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ដោយបានចុះត្រួតពិនិត្យទីតាំងស្នាក់នៅប្រមូលផ្តុំចំនួន ២៦ទីតាំង និងឈានទៅបង្ក្រាបបានចំនួន ៤ទីតាំងជាក់ស្តែង ។
រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ទីតាំងទាំង៤កន្លែង ដែលសមត្ថកិច្ចចុះបង្ក្រាបនោះ រួមមានៈ សណ្ឋាគារ ជីនសា ហូលីដេ , វីឡាភូមិគ្រឹះ , អគារខុនដូរ ស៊ែង យូរ និង ផ្ទះជួល នៅសង្កាត់៤។
ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យសរុបចំនួន ៥០ នាក់ ក្នុងនោះមានជនជាតិចិនចំនួន៣៦, ជនជាតិខ្មែរចំនួន ៣ នាក់ (ស្រី្ត ១ នាក់), ជនជាតិឥណ្ឌា ចំនួន ៥ នាក់ (ក្នុងនោះ ស្រី្ត ២ នាក់), ជនជាតិបង់ក្លាដេស ចំនួន ៣ នាក់, ជនជាតិប៉ាគីស្ថាន ចំនួន ២ នាក់ និងស្រ្តីជនជាតិភូមា ចំនួន ១ នាក់ រួមទាំងបានដកហូតវត្ថុតាង មានដូចជាកុំព្យូទ័រលើតុ ទូរសព្ទដៃ និងកុំព្យូទ័រយួរដៃមួយចំនួន។
ក្រៅពីការបង្ក្រាបទីតាំងទាំង៤ខាងលើ ក្រុមការងារបានចុះត្រួតពិនិត្យនៅកាស៊ីណូ ហ្គោលដិន ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ផងដែរ ដោយរកឃើញសម្ភារៈសង្ស័យពាក់ព័ន្ធនឹងការធ្វើ សកម្មភាពឆបោកតាមអនឡាញរួមមាន កុំព្យូទ័រលើតុចំនួន ១៨៦ គ្រឿង និងទូរសព្ទដៃចំនួន ១៥៤ គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើនេះ ត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុដើម្បីអនុវត្តតាមនីតិវិធីច្បាប់ និងឈានទៅកំណត់មុខសញ្ញាមេខ្លោងពាក់ព័ន្ធជាបន្តទៀត។
លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) សូមជម្រាបជូនថា ការបោសសម្អាតOnline Scams នៅទួទាំងប្រទេស គិតចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ នេះ សមត្ថកិច្ច និងអាជ្ញាធរក្នុងរាជធានី-ខេត្ត បានបង្ក្រាបដល់ទីតាំង និងបិទសៀល(មិនឱ្យមានសកម្មភាព) សរុបចំនួន ២៣៦ ទីតាំង នៅក្នុងបណ្តារាជធានី ខេត្ត ក្នុងនោះទីតាំងកាស៊ីណូ ចំនួន ៩១ ទីតាំង ទៅតាំងជាប្រភេទបុរី វីឡា ខុនដូ លំនៅឋាន ចំនួន ១៤៥ ទីតាំង។
តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធីផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញ សរុបចំនួន ៧៩ សំណុំរឿង ដើម្បីផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ៦៩៧ នាក់ ចំណោមនោះមានជនជាតិចិន វៀតណាម ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូង មីយ៉ាន់ម៉ា បង់ក្លាដេស សិង្ហបុរី នេប៉ាល់ ឥណ្ឌា ម៉ាឡេស៊ី ខ្មែរ ប៉ាគីស្ថាន ថៃ ហើយក្នុងនោះរាប់បញ្ចូលទាំងសំណុំរឿង ចេន ស៊ី , សំណុំរឿងឧកញ៉ា លី គួង និងសំណុំរឿងធំៗពាក់ព័ន្ធនឹងមេខ្លោងជាជនបរទេសផ្សេងទៀត។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានប្ដេជ្ញាចិត្តបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជានៅត្រឹមខែមេសា ឆ្នាំ២០២៦។ សម្តេចធិបតីបានបញ្ជាក់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជន បច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តការឆបោក ឬបទល្មើសឆ្លងដែនឡើយ។ រាល់បុគ្គល ឬអង្គភាពទាំងឡាយណាដែលនៅពីក្រោយសកម្មភាព ឆបោកទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុតដោយ គ្មានការយោគយល់ ឬការអន្តរាគមន៍ណាមួយឡើយ ៕




-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច