ព័ត៌មាន
ទិវាកម្ចាត់រោគរបេង៖ មណ្ឌលសុខភាព និងអង្គការដៃគូប្តេជ្ញារួមគ្នាលុបបំបាត់ជំងឺរបេងឲ្យអស់ពីមូលដ្ឋាន
នៅថ្ងៃទី២៤ ខែមីនា នេះ គឺថ្ងៃទិវាពិភពលោកកំចាត់រោគរបេង ហើយតាមរយៈទិវានេះ មណ្ឌលសុខភាពតាមឃុំសង្កាត់ និងអង្គការដៃគូនានា បានបង្ហាញការតាំងចិត្តកាន់តែខ្លាំងក្លារួមគ្នាស្រាវជ្រាវរុករកអ្នកកើតជំងឺគ្រប់ប្រភេទ សំដៅលុបបំបាត់មេរោគរបេងឲ្យអស់ពីក្នុងមូលដ្ឋាន និងសហគមន៍របស់ខ្លួន ខណៈការផ្តល់ថ្នាំ ព្យាបាលជំងឺរបេងនេះ គឺមិនមានគិតថ្លៃសេវាអ្វីទាំងអស់ នៅតាមមណ្ឌលសុខភាពនៅទូទាំងប្រទេស។

បើតាមលោក ប្រាក់ វណ្ណារ៉ា ប្រធានមណ្ឌលសុខភាពស្វាយរលំ និងអង្គការដៃគូ នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានថ្លែងប្រាប់BTV នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦នេះ ថា មណ្ឌលសុខភាពស្វាយរលំ ក៏ដូចមណ្ឌលសុខភាពនានាទូទាំងប្រទេស គឺសុទ្ធតែអនុវត្តនូវគ្រប់សកម្មភាព និងគ្រប់យុទ្ធនាការរបស់ខ្លួនរួមគ្នាកំចាត់រោគរបេងនៅក្នុងមូលដ្ឋាន ក្នុងសហគមន៍របស់ខ្លួន ដោយមានការចុះផ្សព្វផ្សាយ ចុះស្រាវជ្រាវរុករកអ្នកកើតជំងឺរបេង នៅតាមវត្តអារ៉ាម សាលារៀន តាមផ្សារ តាមទីសាធារណៈ និងក្រុមគ្រួសារណាដែលមានសមាជិកគ្រួសារកើតជំងឺរបេង សំដៅមិនទុកឲ្យពលរដ្ឋណាម្នាក់ នៅសំងំខ្លួនមិនព្យាបាលរបេង។
នៅក្នុងឱកាសទិវាពិភពលោកកំចាត់រោគរបេង បើតាមអ្នកផ្ទុករោគរបេង និងសមាជិកក្រុមគ្រួសារ បាននាំគ្នាថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុវត្តគោលនយោបាយព្យាបាលជំងឺរបេងដោយមិនមានការយកប្រាក់កំរ៉ៃអ្នកជំងឺរបេងទាំងអស់គ្នា ហើយគេនឹងខិតខំអនុវត្តតាមការណែនាំគ្រូពេទ្យ សំដៅមិនឲ្យមេរោគកាចសាហាវនេះឆ្លងទៅអ្នកដទៃ។
តាមសារលិខិតសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានសរសេរថា ទិវាពិភពលោកកម្ចាត់រោគរបេង ២៤ មីនា ក្នុងឆ្នាំ២០២៦នេះ គឺប្រារព្វក្រោមប្រធានបទ មែនហើយ! យើងអាចបញ្ចប់ជំងឺរបេង៖ ដឹកនាំដោយប្រទេសជាតិ ជំរុញដោយប្រជាជន ក្នុងគោលបំណងបន្តជំរុញ និងយកចិត្តទុកដាក់បន្ថែមទៀត លើកកម្ពស់សុខភាពប្រជាជនឲ្យកាន់តែទូលំលាយ និងបំផុសការយល់ដឹង ការយកចិត្តទុកដាក់ប្រយុទ្ធនឹងជំងឺរបេង និងផ្សព្វផ្សាយពលរដ្ឋយល់ដឹងពីទំហំបញ្ហា និងផលវិបាកនៃជំងឺរបេង សំដៅរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម និងតម្លៃ សេចក្តីថ្លៃថ្នូររបស់សង្គមជាតិ។
សារលិខិតសម្តេចធិបតី បានសរសេរដែរថា កម្ពុជាកាលពី២០ឆ្នាំមុន គឺស្ថិតក្នុងចំណោមប្រទេសមានអត្រាអ្នកកើតជំងឺរបេងខ្ពស់ជាងគេនៅក្នុងពិភពលោក តែបច្ចុប្បន្ន កម្ពុជាបានក្លាយជាប្រទេសគំរូមួយ និងបានធ្វើឲ្យអ្នកជំងឺរបេងក្នុងចំណោម១០ម៉ឺននាក់ មានអត្រាស្លាប់ធ្លាក់ចុះពី៨០ករណី នៅឆ្នាំ២០០០ ចុះមកនៅត្រឹម ១៨ករណីក្នុងឆ្នាំ២០២៤៕ អត្ថបទ៖ ស៊ុម សុខជា








-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច