ព័ត៌មាន
កម្ពុជា-សិង្ហបុរីពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីពង្រឹងគុណភាពប្រព័ន្ធ TVET និងបើកឱកាសការងារដល់ពលករកម្ពុជានាពេលអនាគត
(រាជធានីភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Suresh Natarajan នាយកប្រតិបត្តិនៃវិទ្យាស្ថាន ITE Education Services (ITEES) នៅប្រទេសសិង្ហបុរី នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដែលក្នុងឱកាសនោះដែរ ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពី “កិច្ចសហប្រតិបត្តិការលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET)” ដើម្បីពង្រីកកិច្ចសហការក្នុងការលើកកម្ពស់ស្តង់ដាបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជាឱ្យកាន់តែមានគុណភាពពេញលេញក្នុងការឆ្លើយតបទៅនឹងតម្រូវការផ្លាស់ប្តូរឧស្សាហកម្ម និងការប្រកួតប្រជែងជាសកល។
ការចុះកិច្ចព្រមព្រៀងនេះ គឺផ្តោតសំខាន់ទៅលើការអភិវឌ្ឍប្រព័ន្ធ TVET ដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ ភាពជាអ្នកដឹកនាំ សមត្ថភាព ការសិក្សាអប់រំ និងគុណភាព TVET ក៏ដូចជាការផ្តល់អាជ្ញាបណ្ណ និងវិញ្ញាបនបត្រ TVETជាដើម ដើម្បីធានាថា យុវជនកម្ពុជាដែលបញ្ចប់ការសិក្សានឹងមានជំនាញពិតប្រាកដ និងសមត្ថភាពពេញលេញក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ ជាពិសេស គឺឱកាសការងារនៅសិង្ហបុរី។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា MoU នេះកើតចេញពីលទ្ធផលនៃកិច្ចប្រឹងប្រែង ការប្តេជ្ញាចិត្ត និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងក្រសួង និង ITEES ដោយមានការគាំទ្រយ៉ាងរឹងមាំពីស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា និងផ្អែកលើមិត្តភាពយូរអង្វែងនៃប្រទេសទាំងពីរ ដោយឯកឧត្តមបានសម្តែងមោទកភាព ដែល ITEES បានសម្រេចជ្រើសរើសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជា«ដៃគូ» ក្នុងវិស័យជំនាញ និងសេវាអប់រំដ៏មានសារៈសំខាន់នេះ ដែលនឹងជួយលើកកម្ពស់វិស័យ TVET និងការអភិវឌ្ឍជំនាញនៅកម្ពុជាឲ្យឈានឡើងកម្រិតខ្ពស់ថែមទៀត។
ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយបើកចំហ ចំពោះអ្នកផ្តល់សេវាអប់រំបរទេស ដែលមិនត្រឹមតែសិង្ហបុរីប៉ុណ្ណោះទេ ប៉ុន្តែក្នុងពេលថ្មីៗនេះ កម្ពុជាក៏បានបង្កើតកិច្ចសហប្រតិបត្តិការជាមួយចក្រភពអង់គ្លេស និងប្រទេសអូស្ត្រាលីជាដើម។ ភាពជាដៃគូជាថ្មីនេះនឹងបន្តរួមចំណែកដល់ការបំប្លែងប្រព័ន្ធ TVET កម្ពុជា និងគាំទ្រចក្ខុវិស័យរួមគ្នា ក្នុងការអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ មានផលិតភាព និងមានសមត្ថភាពប្រកួតប្រជែង តាមរយៈ ITEES ដែលត្រូវបានស្គាល់ជាសកលសម្រាប់ប្រព័ន្ធ TVET ដ៏រឹងមាំ និងមានភាពធន់។
ជាមួយនឹងការបញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តទៅតាមស្មារតីនៃ MoU នេះ ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ITEES សម្រាប់ការគាំទ្រដោយឥតងាករេក្នុងការបន្តកិច្ចសហការ ព្រមទាំងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា សម្រាប់ការគាំទ្រយ៉ាងរឹងមាំនាពេលកន្លងមក ដោយឯកឧត្តមជឿជាក់ថា មរតកនៃកិច្ចសហប្រតិបត្តិការនេះនឹងត្រូវបានពង្រឹងបន្ថែមទៀត។
ទន្ទឹមនឹងនោះ លោក Suresh Natarajan បានលើកឡើងថា វាជាកិត្តិយស និងមោទនភាពសម្រាប់ ITEES ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងនាពេលកន្លងមក។ លោកបានបង្ហាញក្តីសេចក្តីរីករាយយ៉ាងក្រៃលេង ដែលអាចបន្ត MoU ថ្មីនេះ ដែលធានាថា វានឹងបង្កើតឱកាសចំពេល និងលើកកម្ពស់កម្រិតជំនាញសមស្រប ដើម្បីបង្កើតឱកាសឲ្យប្រជាពលរដ្ឋកម្ពុជាមួយចំនួនទទួលបានការងារនៅសិង្ហបុរីផងដែរ។ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះកម្ពុជា ដែលបានផ្តល់សេចក្តីទុកចិត្តលើ ITEES ក្នុងកិច្ចខិតខំនាំឱ្យមានកម្មវិធីដ៏មានសារៈសំខាន់នេះឡើង ហើយ ITEES នៅតែប្តេជ្ញាចិត្តគាំទ្រចក្ខុវិស័យកម្ពុជា ក្នុងការអភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ សមត្ថភាពបត់បែន និងត្រៀមខ្លួនសម្រាប់អនាគត។
ភាគីទាំងពីរក៏បានពិភាក្សាគ្នាប្រកបដោយភាពស្និទ្ធស្នាល ដើម្បីស្វែងយល់ពីស្ថានភាពទីផ្សារការងារទៅវិញទៅមក ដោយឯកឧត្តមរដ្ឋមន្រ្តីក៏មានបំណងបង្កើតឱ្យមានផ្លាស់ប្តូរកម្មវិធីសិក្សាជំនាញអនុវត្តការងារនៅកន្លែងធ្វើការផ្ទាល់ និងការពង្រីកកិច្ចសន្យាការងារដល់ពលករខ្មែររហូតដល់៣ឆ្នាំផងដែរ។
សូមបញ្ជាក់ថា ITEES បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលមន្ត្រី និងគ្រូបង្គោលកម្ពុជាបានជាង ៦ ០០០នាក់រួចមកហើយ ដែលគាំទ្រដល់ការពង្រឹងគុណភាពបណ្តុះបណ្តាល ការពង្រឹងការគ្រប់គ្រងស្ថាប័ន ឧត្តមភាពនៃការបង្រៀន និងការលើកកម្ពស់ភាពទាក់ទាញកម្លាំងពលកម្ម ក្នុងការរក្សាបាននូវភាពប្រកួតប្រជែងក្នុងតំបន់៕











-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច