Connect with us

ព័ត៌មាន

គណៈកម្មាធិការ គ.ស.រ.ជ. បើកកិច្ចប្រជុំពិនិត្យ ពិភាក្សា និងការដោះស្រាយបញ្ហាប្រឈមវិស័យឯកជន

គណៈ កម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) បើកកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ ពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការ កែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ វិស័យឯកជន សំដៅលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែរស់រវើក។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានគណៈ កម្មាធិការសម្របសម្រួលការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ.) នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ ពិភាក្សា លើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តវិធានការកែទម្រង់មុត ស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ ក្រោមស្មារតីបុរេ សកម្ម ដោះស្រាយបញ្ហាប្រឈមរបស់វិស័យឯកជន សំដៅលើកកម្ពស់បរិយាកាស វិនិយោគនៅកម្ពុជាឱ្យកាន់តែរស់រវើក។

កិច្ចប្រជុំបានប្រព្រឹត្តិទៅដោយរលូន និងបានផ្តោតការពិភាក្សាយ៉ាងស៊ីជម្រៅ លើរបៀបវារៈយុទ្ធសាស្ត្រចំនួនពីររួមមាន៖ (១) ខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រចាំឆមាសទី២ ឆ្នាំ២០២៥ និង (២) ការពន្លឿនការរៀបចំសៀវភៅណែនាំស្តីពី ស្តង់ដានីតិវិធីប្រតិបត្តិ (SOP) នៃការរៀបចំនិងប្រព្រឹត្តទៅនៃយន្តការវេទិកា G-PSF ដែលគ្រោងនឹងសម្រេចឱ្យបានរួចរាល់ក្នុងឆមាសទី១ នៃឆ្នាំ២០២៦នេះ។ ឯកសារ SOP នេះ នឹងក្លាយជាត្រីវិស័យសម្រាប់តម្រង់ទិស ការធ្វើការងាររួមគ្នារវាងរដ្ឋ និងវិស័យឯកជន ឱ្យកាន់តែមានតម្លាភាព ប្រសិទ្ធភាព និងភាពច្បាស់លាស់។

អង្គប្រជុំបានពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ជាមួយស្មារតីបុរេសកម្ម និងការយកចិត្តទុកដាក់ខ្ពស់ ក្នុងដោះស្រាយ បញ្ហាប្រឈមរបស់វិស័យឯកជន សំដៅលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ អង្គប្រជុំបានធ្វើការវាយ តម្លៃខ្ពស់ និងឯកភាពទៅលើខ្លឹមសារនៃសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ប្រចាំឆមាសទី២ ឆ្នាំ២០២៥ ដែលបានរៀបចំព្រាងឡើង និងគ្រោងដាក់ជូនទៅកាន់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីពិនិត្យ និងបន្តតាម នីតិវិធី មុននឹងឈានទៅដល់ការគោរពរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាពេលខាងមុខ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រធាន គ.ស.រ.ជ. បានគូសរំលេចជាថ្មីពីសារសំខាន់នៃវិស័យឯកជន ដែលជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ចជាតិ ហើយរាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយ របស់សម្តេចមហាបវរធិបតី នាយក រដ្ឋមន្ត្រី តែងតែបាននិងកំពុងផ្តល់ការយកចិត្តទុកដាក់ ដោយទទួលស្តាប់នូវបញ្ហាប្រឈម ព្រមទាំងដាក់ចេញនូវដំណោះស្រាយជាក់ ស្តែងឱ្យបានទាន់ពេលផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានសំណូមពរឱ្យគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ឱ្យបន្តរក្សាស្មារតីសហការ យ៉ាងស្អិតរមួត និងបុរេសកម្មបំផុត ដើម្បីប្រែក្លាយបញ្ហាប្រឈមឱ្យទៅជាកាលានុវត្តភាព សំដៅជំរុញបរិយាកាសវិនិយោគនៅកម្ពុជា ឱ្យកាន់តែមានភាពរស់រវើក និងប្រកួតប្រជែងខ្ពស់ក្នុងតំបន់។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងរ៉ែ និងថាមពល អនុប្រធានទី៣ ក.អ.ក., ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ឯកឧត្តម រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, អ្នកឧកញ៉ាប្រធាន សភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលការងារផ្នែកឯកជន សម្រាប់យន្តការវេទិការរាជរដ្ឋាភិបាល-ផ្នែក ឯកជន (គ.ស.ឯ.រ.ជ.), តំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធជាសមាជិក គ.ស.រ.ជ., តំណាងក្រុមការងារទាំង១៦ នៃ គ.ស.ឯ.រ.ជ., អ្នកជំនាញនៃកម្មវិធី CAPRED និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia