ព័ត៌មាន
ស្ថាប័នថ្នាក់ជាតិចូលរួមអនុវត្តវិធានការសន្សំសំចៃថាមពល ខណៈវិបត្តិប្រេងឥន្ធនៈសកលបន្តហក់ឡើង
ក្នុងពេលមានវិបត្តិប្រេងឥន្ធនៈជាសកល ស្ថាប័នថ្នាក់ជាតិ បានចូលរួមអនុវត្តវិធានការសន្សំចំចៃថាម ពល ស្របទៅតាមសារាចរណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។
ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៥ ខែមីនា នេះ បានប្រាប់BTVថា ស្របទៅតាមសារាចររបស់រាជរដ្ឋាភិបាល ស្តីពីវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី ក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការមួយចំនួនដូចជា៖ កំណត់ការប្រើប្រាស់ម៉ាស៊ីនត្រជាក់ត្រឹមសីតុណ្ហភាព២៥អង្សាសេ, បិទម៉ាស៊ីនត្រជាក់១៥ទៅ៣០នាទី មុនពេលសម្រាក ឬមុនពេលបញ្ចប់ម៉ោងការងារ , បិទអំពូលភ្លើងនៅតាមកន្លែងដែលមិនចាំបាច់ ឬកន្លែងដែលមានពន្លឺគ្រប់គ្រាន់ និង បិទអំពូលភ្លើងក្នុងបន្ទប់ធ្វើការរាល់ពេលចេញទៅខាងក្រៅលើសពី១៥នាទីជាដើម។ ឯកឧត្តមបានបន្តទៀតថា ការសន្សំសំចៃថាមពលនេះ គឺអាចឆ្លើយតបបានមួយចំណែក ក្នុងគ្រាដែលពិភពលោកកំពុងជួបប្រទះការខ្វះថាមពលដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា។
បើតាមសារាចររបស់រាជរដ្ឋាភិបាល ស្តីពីវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី បានលើកឡើងថា ស្ថានការណ៍នៃសង្គ្រាមដែលកំពុងកើតមាន និងរីករាលដាលនៅតំបន់មជ្ឈិមបូព៌ា បានបង្កឱ្យមានផលប៉ះពាល់ដល់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រេងឆៅ និងជាហេតុធ្វើឱ្យថ្លៃប្រេងឥន្ធនៈជាសកល រួមទាំងព្រះរាជាណាចក្រកម្ពុជាមានការកើនយ៉ាងគំហុក។ ទន្ទឹមនេះ ថ្លៃដើមលើការផលិតអគ្គិសនី ក៏អាចនឹងមានការកើនមួយ ចំនួននាពេលខាងមុខ ដោយសារប្រេងឥន្ធនៈជាធាតុចូលសំខាន់មួយពាក់ព័ន្ធនឹងការផលិតអគ្គិសនី។ ទោះជាយ៉ាងនេះក្តី ផ្អែកតាមការពិភាក្សាជាមួយក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា និងបណ្តាក្រុមហ៊ុននាំចូលប្រេងឥន្ធនៈ សមត្ថភាពផ្គត់ផ្គង់ប្រេងឥន្ធនៈ និងអគ្គិសនីនៅកម្ពុជា នៅចំពោះមុខនេះ ត្រូវបានវាយតម្លៃថា នៅតែអាចរក្សាបាននូវស្ថិរភាពនៃការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី សម្រាប់ប្រតិបត្តិការសេដ្ឋកិច្ច និងការផ្តល់សេវាសាធារណៈរបស់ក្រសួង ស្ថាប័ន។
ឆ្លើយតបទៅនឹងស្ថានភាពចំពោះមុខនៃការកើនថ្លៃប្រេងឥន្ធនៈ និងថ្លៃដើមលើការផលិតអគ្គិសនី ខាងលើ រាជរដ្ឋាភិបាលសម្រេចដាក់ចេញនូវវិធានការសន្សំសំចៃលើការប្រើប្រាស់ប្រេងឥន្ធនៈ និងអគ្គិសនី របស់ក្រសួង ស្ថាប័នទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕អត្ថបទ៖ ទូច សោភ័ណ

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច