ព័ត៌មាន
ទិវាជាតិ STI ឆ្នាំ២០២៦ ចាប់ផ្តើមបើកដំណើរការផ្តោតលើនវានុវត្តន៍ជាកាតាលីករសម្រាប់វឌ្ឍនភាពជាតិ
ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី៤ (STI) បានចាប់ផ្តើមបើកដំណើរការក្រោមប្រធានបទ «នវានុវត្តន៍ដើម្បី វឌ្ឍនភាពជាតិ» ដោយមានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អ្នកស្រាវជ្រាវ តំណាងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ដើម្បីរួមគ្នា ពង្រឹងប្រព័ន្ធនវានុវត្តន៍ជាតិ។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី លើកឡើងក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ឆ្នាំ២០២៦ (STI) នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នេះថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មិនមែនជាវិស័យដាច់ដោយឡែកទេ ប៉ុន្តែជាវិស័យយុទ្ធសាស្ត្រគន្លឹះ ដែលគាំទ្រគ្រប់វិស័យផ្សេងទៀត ក្នុងនោះគ្រប់ស្ថាប័នទាំងក្នុងវិស័យសាធារណៈ និងឯកជន រួមទាំងសហគ្រាសធុនមីក្រូ តូច និងមធ្យម សុទ្ធតែមាន ឱកាសចាប់យកសក្ដានុពលដ៏ខ្លាំងក្លារបស់វិទ្យាសាស្ត្របច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីជំរុញកំណើននិងអភិវឌ្ឍស្ថាប័នរបស់ខ្លួន។

ឯកឧត្តមក៏បានលើកឡើងពីភាពចាំបាច់ នៃការបង្កើនការវិនិយោគលើការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) ដោយតម្រង់ទិស ការស្រាវជ្រាវឱ្យស្របតាមតម្រូវការជាតិ និងជំរុញនវានុវត្តន៍ដោយយកប្រជាជនជាស្នូល ខណៈប្រទេសជឿនលឿនជាច្រើនវិនិយោគ ប្រមាណ ២% ទៅ ៣% នៃផលិតផលក្នុងស្រុកសរុបលើការស្រាវជ្រាវនិងអភិវឌ្ឍន៍។ រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតមូលនិធិស្រាវ ជ្រាវជាតិ និងកំពុងពង្រឹងកិច្ចសហការរវាងស្ថាប័នជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ និងវិស័យឯកជន ដើម្បីប្រែក្លាយលទ្ធផលស្រាវជ្រាវ សម្រាប់ពាណិជ្ជូបនីយកម្ម និងលើកកម្ពស់ការផលិតដែលមានតម្លៃបន្ថែមខ្ពស់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្នើឱ្យគ្រប់ តួអង្គក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ បង្កើនសមត្ថភាពបច្ចេកវិទ្យាចាំបាច់ ពិសេសហេដ្ឋារចនាសម្ព័ន្ធឌីជីថល ថាមពល ប្រព័ន្ធស្បៀងអាហារ សុខាភិបាល និងការពារជាតិ ដោយបញ្ជាក់ថា នៅក្នុងបរិបទដែលសណ្ដាប់ធ្នាប់ពិភពលោកត្រូវបានគំរាមកំហែង អធិបតេយ្យភាព បច្ចេកវិទ្យា គឺជាអធិបតេយ្យភាពជាតិ។

ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាន លើកឡើងថា ការវិនិយោគលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាគន្លឹះសំខាន់ក្នុងការកសាងសមត្ថភាពជាតិ និងលើកកម្ពស់ ភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និងពិភពលោក។ បញ្ហានេះរាជរដ្ឋាភិបាលក៏កំពុងជំរុញការចាប់យកបច្ចេកវិទ្យាថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេវាសាធារណៈ ដោយផ្តោតលើការប្រើប្រាស់ បច្ចេកវិទ្យា ប្រកបដោយក្រមសីលធម៌ បរិយាបន្ន និងការទទួលខុសត្រូវ។

សូមបញ្ជាក់ថា ទិវាជាតិលើកទី៤ មានកម្មវិធីអមសំខាន់ៗ ដូចជាពិព័រណ៍វិទ្យាសាស្ត្រ វេទិកាជជែកពិភាក្សា សកម្មភាពជំរុញនវានុវត្តន៍ និងពានរង្វាន់វិទ្យាសាស្ត្រថ្នាក់ជាតិ ដែលមានគោលបំណងលើកកម្ពស់សមត្ថភាពវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីអភិវឌ្ឍ សេដ្ឋកិច្ចសង្គមកម្ពុជា។ ក្នុងព្រឹត្តិការណ៍នេះ ពន្លារដ្ឋាភិបាល និងស្តង់ពិព័រណ៍ជាង ២០០ ស្តង់ របស់ក្រសួងស្ថាប័ន វិស័យឯកជន និង ស្ថាប័នសិក្សាស្រាវជ្រាវ ត្រូវបានរៀបចំឡើង ដើម្បីរួមគ្នាបង្ហាញការរីកចម្រើន ជាក់ស្តែងនៃសមត្ថភាពនវានុវត្តន៍ជាតិ រួមទាំងការ តាំងបង្ហាញគ្រឿងម៉ាស៊ីនទំនើបៗប្រព័ន្ធផលិតកម្មឆ្លាតវៃនិងដំណោះស្រាយឌីជីថល ដែលកំពុងបម្រើទាំងក្នុងវិស័យឧស្សាហកម្ម រហូតដល់វិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម៕ អត្ថបទ៖ សុន រ៉ាឌី





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច