ព័ត៌មាន
គ្រឹះស្ថានអប់រំ និងវិស័យឯកជនជប៉ុនសហការជាមួយក្រសួងការងារបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញមេកានិចយានយន្តនៅកម្ពុជា
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) និងក្រុមហ៊ុន Toyota (Cambodia) និងបានអញ្ជើញធ្វើជាសក្ខីភាព ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពី “ការបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាល តូយ៉ូតា រួម” រវាងក្រុមហ៊ុនទាំងពីរ និងវិទ្យាស្ថានបច្ចេកទេស JVC ដើម្បីលើកកម្ពស់ជំនាញមេកានិចយានយន្តកាន់តែមានគុណភាពថែមទៀតនៅកម្ពុជា។

អនុស្សរណៈនេះ មានគោលបំណងពង្រឹងកិច្ចសហការរវាងវិស័យឧស្សាហកម្ម និងវិស័យអប់រំ ក្រោមគម្រោងសហប្រតិបត្តិការរដ្ឋ-ឯកជន និងដើម្បីលើកកម្ពស់គុណភាពអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើជំនាញមេកានិចរថយន្តឱ្យឆ្លើយតបទៅនឹងស្តង់ដាឧស្សាហកម្មទំនើបបច្ចុប្បន្ន។ អនុស្សរណៈនេះ នឹងបង្កើតកិច្ចសហការរួមលើការបង្កើតឱកាសកម្មសិក្សា និងកម្មវិធីហាត់ការ, ការគាំទ្រការបណ្តុះបណ្តាលគ្រូបង្រៀន, ការពិគ្រោះយោបល់លើកម្មវិធីសិក្សា និងការកែលម្អជាបន្តបន្ទាប់, កម្មវិធីផ្លាស់ប្តូរចំណេះដឹង និងបច្ចេកវិទ្យា និងកិច្ចសហការក្នុងការជ្រើសរើសនិស្សិតបញ្ចប់ការសិក្សា និងការអភិវឌ្ឍកម្លាំងការងារ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានសម្ដែងនូវក្តីសោមនស្សរីករាយក្រៃលែង និងបានវាយតម្លៃខ្ពស់ចំពោះវិស័យឯកជន ជាពិសេសភាគីក្រុមហ៊ុនដែលជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែមានផលិតភាពខ្ពស់ ជំនាញច្បាស់លាស់ ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ ខណៈវិស័យឧស្សាហកម្មរថយន្តកំពុងមានសន្ទុះរីកចម្រើនខ្លាំងនៅកម្ពុជា អនុស្សរណៈនេះនឹងក្លាយជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញឱ្យយុវជនកម្ពុជាទទួលបានជំនាញបច្ចេកទេសពិតប្រាកដ បង្កើនឱកាសការងារកាន់តែច្រើន និងទទួលបានប្រាក់ចំណូលកាន់តែខ្ពស់ថែមទៀតផងដែរ។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា ការសម្រេចជ្រើសរើសយក JVC ជាមជ្ឈមណ្ឌលដៃគូក្នុងការបណ្តុះបណ្តាលធនធានមនុស្សរបស់ក្រុមហ៊ុនជប៉ុននាពេលនេះ គឺមិនត្រឹមតែជាជម្រើសដ៏ល្អបំផុតក្នុងការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញដែលនឹងធ្វើការជាមួយ តូយ៉ូតា នាពេលអនាគតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការភ្ជាប់ទៅនឹងឫសគល់នៃទំនាក់ទំនងរវាងរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាមួយនឹងរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាផងដែរ។
ជាការឆ្លើយតប ភាគីក្រុមហ៊ុនទាំងពីរ បានបង្ហាញការអរគុណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំពោះការគាំទ្របង្កើតឱ្យមានកិច្ចសហការរួមគ្នានេះឡើង ដែលជាការផ្តល់ឱកាសក្នុងការរួមចំណែកអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅកម្ពុជា ហើយបានប្តេជ្ញាចិត្តថានឹងខិតខំឱ្យអស់សមត្ថភាពក្នុងការគាំទ្រដល់កម្ពុជា ជាពិសេសដល់យុវជនជំនាន់ក្រោយ៕ អត្ថបទ៖ ឈិត បូរ៉ាវី



-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
កីឡា5 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ