ព័ត៌មាន
ធុរជនចិនគ្រោងបោះទុន៥លានដុល្លារ វិនិយោគការកែច្នៃកាកសំណល់ទៅជាជី នៅខេត្តកំពង់ស្ពឺ ដើម្បីនាំចេញ
កំពង់ស្ពឺ៖ អ្នកវិនិយោគិន នៃប្រទេសចិន គ្រោងបោះទុនជំហានទី១ ចំនួន៥លានដុល្លារ ដើម្បីវិនិយោគលើវិស័យគ្រប់គ្រង និងកែច្នៃកាកសំណល់ ដែលចេញពីរោងចក្រ និងកសិដ្ឋានចិញ្ចឹមសត្វ ដើម្បីផលិតធ្វើជាជីកសិកម្ម នៅក្នុងខេត្តកំពង់ស្ពឺ ដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។
ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោក Lee តំណាងឱ្យអ្នកវិនិយោគិនចិន បានឲ្យដឹងថា ដោយមើលឃើញពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ ពិសេសភាពរីកចម្រើននៃវិស័យកសិកម្ម ឧស្សាហកម្ម និងវិស័យទេសចរណ៍ ដែលអំណោយផលដល់ការងារវិនិយោគក្រុមហ៊ុនរបស់លោក ខណៈបច្ចុប្បន្ន កំពុងត្រៀមលក្ខណៈ ក្នុងការពង្រីកប្រតិបត្តិការ ប្រមូលកាកសំណល់ផ្សេងៗ ពីតាមបណ្តារោងចក្រ សហគ្រាស និងកសិដ្ឋានយកមកកែច្នៃផលិតជាជីកសិកម្ម ដែលក្នុងនោះ កាកសំណល់ដែលចេញពីរោងចក្រកែច្នៃផ្លែឈើ អំពៅ និងលាមកសត្វចេញពីកសិដ្ឋាន ។
លោកបានបន្ថែមថា គោលបំណងចម្បងនៃគម្រោងនេះ ដើម្បីចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់បរិស្ថាន ជាពិសេស ការលុបបំបាត់បញ្ហាក្លិនស្អុយ ដែលបង្កឡើងដោយកាកសំណល់គរទុក ដែលជាបញ្ហាប្រឈមក្នុងតំបន់មួយចំនួន ហើយមួយវិញទៀត រោងចក្រនេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបំប្លែងវត្ថុធាតុដើម ដែលជាសំណល់ ឱ្យក្លាយទៅជាផលិតផលដែលមានតម្លៃ សម្រាប់បម្រើឱ្យវិស័យកសិកម្មក្នុងស្រុក ។
លោក Lee បានបន្តថា លើសពីនេះ ក្រុមហ៊ុនក៏មានចក្ខុវិស័យវែងឆ្ងាយ ក្នុងការជំរុញការនាំចេញផលិតផលជី ដែលផលិតបានក្នុងខេត្តនេះ ទៅកាន់ទីផ្សារអន្តរជាតិក្នុងតំបន់អាស៊ី ដែលនឹងជួយនាំចំណូល ត្រឡប់មកកាន់សេដ្ឋកិច្ចជាតិ ក៏ដូចជាបង្កើតឱកាសការងារ ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ស្ពឺ ផ្ទាល់ផងដែរ ដូចនេះហើយក្នុងករណីដំណើរជំហានទី១ ទទួលបានជោគជ័យ ក្រុមហ៊ុន និងពង្រីកទុនវិនិយោគរហូតដល់ ៥០លានដុល្លាបន្ថែមទៀត ជាជំហានទី២ ។
ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានលើកទឹកចិត្តដល់ក្រុមអ្នកវិនិយោគិនចិន ដែលបានជ្រើសរើសយកខេត្តកំពង់ស្ពឺជាគោលដៅវិនិយោគលើវិស័យគ្រប់គ្រង និងកែច្នៃកាកសំណល់ ខណៈបច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាសជាង ១៦០០កន្លែង និងមានកម្មករ កម្មការិនីប្រមាណជាង ៣០ម៉ឺននាក់បម្រើការងារ ។ ទន្ទឹមនោះ ផ្ទៃដីខេត្តកំពង់ស្ពឺ មានផ្ទៃដីដាំដំណាំស្វាយជិត ៥ម៉ឺនហិកតា ដែលជាខេត្តឈានមុខគេមួយ ក្នុងការដាំដុះស្វាយនៅកម្ពុជា ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្នុងនោះ ផ្ទៃដីដែលអាចប្រមូលផលបានមានជិត ៤ម៉ឺនហិកតា ស្មើនឹងជិត ៩លានដើម ដោយភាគច្រើនជាប្រភេទ ស្វាយកែវរមៀត សម្រាប់នាំចេញ ចំពោះផ្ទៃដីដាំអំពៅសរុបប្រមាណជាង ២ម៉ឺនហិកតា ដែលវិនិយោគដោយក្រុមហ៊ុនកសិ-ឧស្សាហកម្មជាច្រើន។ ផ្ទៃដីទាំងនេះ ភាគច្រើនស្ថិតនៅក្នុងស្រុកឱរ៉ាល់ និងស្រុកថ្ពង ដែលជាកន្លែងមានគម្រោងវិនិយោគចំការអំពៅ និងរោងចក្រស្ករអំពៅខ្នាតធំ ។ រីឯកសិដ្ឋានចិញ្ចឹមសត្វមានជាង ៥០០កន្លែង និងសហគមន៍ចិញ្ចឹមសត្វចំនួន៥៥ ដែលផ្តោតសំខាន់លើការចិញ្ចឹមមាន់ ទា ជ្រូក និងគោ ។
ឯកឧត្តមបាន បានបញ្ជាក់បន្ថែមថា ស្ថិតិផ្ទៃដី នៃការដាំដុះនិងការចិញ្ចឹមនេះ អាចផ្តល់ជាវត្ថុធាតុដើម សម្រាប់ផ្គត់ផ្គង់ដល់ផលិតកម្មគ្រប់គ្រង និងកែច្នៃកាកសំណល់របស់ក្រុមហ៊ុន ឱ្យដំណើរការបានដោយរលូន ហើយរដ្ឋបាលខេត្តបានត្រៀមខ្លួនរួចរាល់ ក្នុងការចូលរួមសម្របសម្រួលនីតិវិធី លើការងារដែលក្រុមហ៊ុន មានការរាំងស្ទះ៕ អត្ថបទ៖ បាន សុខរិទ្ធិ






-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន5 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន7 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន5 days agoគោលដៅចំនួន៥ទីតាំងនៅកម្ពុជា នឹងត្រូវរឹតបន្តឹងខ្លាំងខាងផ្នែកចរាចរណ៍ ដើម្បីរួមចំណែកកាត់បន្ថយការគ្រោះថ្នាក់
-
ព័ត៌មាន7 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន2 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ