ព័ត៌មាន
សមត្ថកិច្ចខេត្តព្រះសីហនុ បង្ក្រាបទីតាំងសង្ស័យ Online Scams នៅកាស៊ីណូ ជីន យូ មេន តាំង ឃាត់ខ្លួនមនុស្ស ៩នាក់
ព្រះសីហនុ៖ ក្នុងយុទ្ធនាការរឹតបន្តឹងសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ កម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុបានបន្ត ចុះត្រួតពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យ មានការពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ជាបន្តបន្ទាប់។ យោងតាមរបាយការណ៍ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ សមត្ថកិច្ចចម្រុះនៃរដ្ឋបាលខេត្តបានឱ្យដឹងថា ក្រុមការងារបានចុះត្រួតពិនិត្យផ្ទះដែលជាទីតាំងសង្ស័យ ចំនួន ៨០ខ្នង ក្នុងបុរី គុជ អាស៊ី ស្ថិតនៅភូមិ២ សង្កាត់លេខ៣ ក្រុងព្រះស៊ីហនុ។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានដកហូតសម្ភារៈ សង្ស័យរួមមានកុំព្យូទ័រចំនួន ១៣៣គ្រឿង, ទូរសព្ទដៃ ៤៣៩គ្រឿង និងកាំភ្លើងខ្យល់ចំនួន ៥ដើម។
ក្នុងការចុះត្រួតពិនិត្យជុំទី៣នៅ កាស៊ីណូ ជីន យូ មេន តាំង ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះស៊ីហនុ សមត្ថកិច្ចបានប្រទះឃើញ ជនសង្ស័យ ចំនួន ៩នាក់ រួមជាមួយវត្ថុតាងមួយចំនួនពាក់ព័ន្ធ នឹងការធ្វើ សកម្មភាពឆបោក ដូចជាកុំព្យូទ័រ និងទូរសព្ទដៃ ដែលសមត្ថកិច្ចបានប្រមូលទុកជាភស្តុតាង សម្រាប់ការបន្តនីតិវិធីច្បាប់។ បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាង ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ តាមនីតិវិធីច្បាប់។
គិតត្រឹមថ្ងៃទី២៦ ខែមីនានេះ សមត្ថកិច្ចចម្រុះនៃរដ្ឋបាល ខេត្តព្រះស៊ីហនុ បានបង្ក្រាបទីតាំងពាក់ព័ន្ធនឹងបទល្មើស Online Scams បានចំនួន ១៦ទីតាំងហើយ ក្នុងចំណោមទីតាំងសង្ស័យ សរុបចំនួន ៥៩៦ ដែលបានត្រួតពិនិត្យក្នុងក្របខណ្ឌនៃ ការអនុវត្តអនុក្រឹត្យលេខ ០៣។
លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) សូមជម្រាបជូនថា យុទ្ធនាការបោសសម្អាត Online Scams នៅទូទាំងប្រទេស គិតចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ នេះ សមត្ថកិច្ច និងអាជ្ញាធររាជធានី-ខេត្ត បានបង្ក្រាប និងបិទខ្ទប់ (Sealed) ទីតាំងសរុបចំនួន ២៣៦ កន្លែង។ ក្នុងនោះមានទីតាំងកាស៊ីណូ ៩១កន្លែង និងប្រភេទបុរី វីឡា ខុនដូ លំនៅឋាន ចំនួន ១៤៥កន្លែង។
តាមរបាយការណ៍របស់ក្រសួងយុត្តិធម៌ ក្នុងរយៈពេល ៨ខែចុងក្រោយនេះ តុលាការកម្ពុជាបានអនុវត្តនីតិវិធី ផ្លូវច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងការឆបោកអនឡាញសរុបចំនួន ៧៩ សំណុំរឿង ដោយផ្តន្ទាទោសមេខ្លោង និងបក្ខពួកចំនួន ៦៩៧ នាក់ (មានច្រើនសញ្ជាតិ រួមទាំងសំណុំរឿងធំៗដូចជា ចេន ស៊ី និង លី គួង ជាដើម)។ អាជ្ញាធរកត់សម្គាល់ថា មានក្រុមមេខ្លោង និងអ្នកពាក់ព័ន្ធប្រមាណជាង ២២ម៉ឺននាក់ បានគេចខ្លួនចេញពីកម្ពុជា ទាំងតាមផ្លូវអាកាស និងផ្លូវគោក។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបោសសម្អាតឱ្យអស់នូវបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាចេញពីកម្ពុជា ត្រឹមខែមេសា ឆ្នាំ២០២៦។ សម្តេចធិបតីបានបញ្ជាក់យ៉ាងច្បាស់ថា កម្ពុជាមិនមែនជាកន្លែងសម្រាប់ឧក្រិដ្ឋជនបច្ចេកវិទ្យាប្រើប្រាស់ក្នុងការប្រព្រឹត្តបទល្មើសឡើយ ហើយបុគ្គល ឬអង្គភាពណាដែលនៅពីក្រោយសកម្មភាពទាំងនេះ នឹងត្រូវប្រឈមមុខនឹងទោសទណ្ឌខ្ពស់បំផុត ដោយគ្មានការយោគយល់ ឬអន្តរាគមន៍ឡើយ៕




-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន7 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន5 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន7 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន2 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ