ព័ត៌មាន
កម្ពុជាបើកការប្រកួតជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន លើកទី១ ដើម្បីលើកកម្ពស់សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ
ក្រោមកិច្ចសហការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះ បានប្រកាសបើកដំណើរការប្រកួតសិល្បៈឡាតេអាតជើងឯក កម្ពុជា-ចិន ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ស្តង់ដាវិជ្ជាជីវៈទេសចរណ៍ និងពង្រឹងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈនៅកម្ពុជា។

កម្មវិធីការប្រកួតជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា, ឯកឧត្តម ឱក តារារិទ្ធិ រដ្ឋលេខាធិការក្រសួងទេសចរណ៍, លោក Mo Shun Kan ប្រធានប្រតិបត្តិគណៈកម្មាធិការកិច្ចសហប្រតិបត្តិការឧស្សាហកម្ម អាសិន (RCEP) និងភ្ញៀវកិត្តិយសជាច្រើនរូបផ្សេងទៀត។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន បានចាត់ទុកកម្មវិធីការប្រកួតជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន នេះថា មិនត្រឹមតែជាការបង្ហាញពីសិល្បៈហត្ថកម្មកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសកម្មភាពដ៏សំខាន់មួយក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវការផ្លាស់ប្តូរវប្បធម៌ និងឧស្សាហកម្មរវាងប្រទេសទាំងពីរ។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា ប្រទេសកម្ពុជាមានវប្បធម៌កាហ្វេ ដែលចាក់ឫសយ៉ាងជ្រៅនៅក្នុងជីវិតប្រចាំថ្ងៃ ដោយសារកាហ្វេត្រូវបានបញ្ចូលទៅក្នុងចង្វាក់នៃទីក្រុង និងសហគមន៍របស់ខ្លួនបែបធម្មជាតិ។ ចំណែកនៅក្នុងប្រទេសចិន ដោយមានខេត្តយូណាន ជាតំបន់ផលិតកម្មកាហ្វេចម្បងគេ លក្ខខណ្ឌធម្មជាតិអំណោយផល និងការកែលម្អគុណភាពជាបន្តបន្ទាប់ បាននាំឱ្យមានការអភិវឌ្ឍប្រព័ន្ធឧស្សាហកម្មកាហ្វេដ៏ទូលំទូលាយ ចាប់ពីការដាំដុះ និងការផលិតកែច្នៃ រហូតដល់ការដាក់ស្លាកសញ្ញា និងការទទួលទាន។

បន្ទាប់ពីការថ្លែងបើកកម្មវិធីរួចមក ក៏មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដែលបង្ហាញពីជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងចិន នៅក្នុងវិស័យអភិវឌ្ឍន៍ឧស្សាហកម្មកាហ្វេ ការអប់រំ និងនវានុវត្តន៍ផងដែរ ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាព និងសក្តានុពលកាហ្វេកម្ពុជាឱ្យកាន់តែទទួលបានការចាប់អារម្មណ៍ពីសាធារណជន និងទីផ្សារអន្តរជាតិ។
ការប្រកួតជើងឯកសិល្បៈកាហ្វេឡាតេអាត កម្ពុជា-ចិន លើកទី១ ឆ្នាំ២០២៦ ប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៨ និង២៩ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតំបន់បឹងកក់ រាជធានីភ្នំពេញ។ កម្មវិធីនេះ មានការទទួលស្គាល់ពីស្ថាប័ន ICLA របស់ប្រទេសចិន។ ក្នុងនោះក៏មានការចូលរួមរបស់បណ្តាក្រុមហ៊ុនក្នុងស្រុក ដូចជា គិរីកាហ្វេជាដើម ត្រូវបានមើលឃើញថា ជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការរុញច្រានឱ្យកម្ពុជាក្លាយជាប្រទេសដំបូងគេក្នុងតំបន់ ដែលបានទទួលជោគជ័យក្នុងការរៀបចំកម្មវិធីខ្នាតអន្តរជាតិនេះ៕ អត្ថបទ៖ ឈិត បូរ៉ាវី











-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច