Connect with us

ព័ត៌មាន

ឧបនាយករដ្ឋមន្ត្រីប្រចាំការ៖ ស្ថានភាពសកលលោកបច្ចុប្បន្ន និងបញ្ហាជម្លោះព្រំដែន​បាន​បង្ហាញ​ច្បាស់ថា «យើងត្រូវចេះប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះឯង»

ភ្នំពេញ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួល​បន្ទុក​ទីស្តី​ការ​គណៈ​រដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ស្ថានភាពសកលលោកបច្ចុប្បន្ន និងបញ្ហាជម្លោះ​ព្រំដែនជាមួយ​អ្នក​ជិត​ខាងយើងនាពេលថ្មីៗនេះ បានបង្ហាញឱ្យកាន់តែច្បាស់ថា ផ្លូវដែលយើងត្រូវជ្រើសរើស និង​ត្រូ​វធ្វើ​ដំណើរ ឆ្ពោះទៅមុខទៀត ក្នុងការការពារជាតិ, ការកសាងជាតិ, ការអភិវឌ្ឍជាតិ និងការ​កសាង​សមត្ថភាពប្រទេសកម្ពុជា ឱ្យស្មើគេស្មើឯង, អាចរស់ដោយខ្លួនឯងបាន និងអាចពឹង​លើខ្លួន​ឯងបាន គឺយើងត្រូវចេះប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះឯង។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ឆ្នាំ២០២៦ ក្រោមប្រធានបទ «នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ» បន្ទាប់ពីបានដំណើរការប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ប្រកបដោយភាពជោគជ័យ និងបានបង្ហាញពីវឌ្ឍនភាពដ៏ស្វាហាប់នៃដំណើរនវានុវត្តន៍នៅកម្ពុជានៅល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថា ទិវាជាតិនេះ បាននាំមកនូវកិច្ចពិភាក្សាដ៏រស់រវើក, ការតាំងពិព័រណ៍នវានុវត្តន៍បច្ចេកវិទ្យាដែលបានផ្តល់តម្លៃដល់វិទ្យាសាស្ត្រ និងការប្រកួតប្រជែងនវានុវត្តន៍ ថែមទាំងបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ថា កម្ពុជាកំពុងឈានចូលដំណាក់កាលថ្មីមួយ ដែលវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្លាយជាមូលដ្ឋានសម្រាប់ការរីកចម្រើនរយៈពេលវែង។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែបន្តប្តេជ្ញាចិត្ត ពង្រឹងប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាតិ ដោយផ្តល់អាទិភាពលើការលើកកម្ពស់ ការស្រាវជ្រាវនិងអភិវឌ្ឍន៍, ការគាំទ្រការផ្ទេរបច្ចេកវិទ្យា, ការជំរុញកំណើនសហគ្រាសថ្មីៗ (Startups) និងការលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ និងឧស្សាហកម្ម។ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបន្តថា គោលនយោបាយរបស់រដ្ឋាភិបាលតែមួយមុខគឺមិនគ្រប់គ្រាន់ឡើយ។ ដូចនេះ ដើម្បីកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍មួយដ៏រឹងមាំ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការដ៏ស្អិតរមួត និងមានប្រសិទ្ធភាព ពីបណ្តាតួអង្គវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាតិ និងអន្តរជាតិ ក៏ដូចជាការចូលរួមពីក្រសួង-ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ដោយត្រូវកំណត់តួនាទីច្បាស់លាស់ ដើម្បីធានាលទ្ធផលជាក់ស្តែងតាមការរំពឹងទុក។ ប៉ុន្តែអ្វីដែលសំខាន់មិនអាចខ្វះបាននោះ គឺទស្សនៈ, ផ្នត់គំនិត, ការយល់ដឹង, ការគាំទ្រ និងការចូលរួមរបស់ពលរដ្ឋ, គ្រួសារ, សហគមន៍, ស្ថាប័នសាធារណៈ, ក្រុមហ៊ុនឯកជន, សហគ្រិន និងដៃគូអភិវឌ្ឍ ក្នុងការលើកស្ទួយ, ការផ្ដល់តម្លៃ និងការជឿជាក់លើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយឈរលើអភិក្រមរដ្ឋាភិបាលទាំងមូល (Whole-of-Government Approach) និងអភិក្រមសង្គមទាំងមូល (Whole-of-Society Approach)។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានថ្លែងថា៖«ស្ថានភាពសកលលោកបច្ចុប្បន្ន និងបញ្ហាជម្លោះព្រំដែនជាមួយអ្នកជិតខាងយើងនាពេលថ្មីៗនេះ បានបង្ហាញឱ្យកាន់តែច្បាស់ថា ផ្លូវដែលយើងត្រូវជ្រើសរើសនិងត្រូវធ្វើដំណើរ ឆ្ពោះទៅមុខទៀត ក្នុងការការពារជាតិ, ការកសាងជាតិ, ការអភិវឌ្ឍជាតិ និងការកសាងសមត្ថភាពប្រទេសកម្ពុជា ឱ្យស្មើគេស្មើឯង, អាចរស់ដោយខ្លួនឯងបាន និងអាចពឹងលើខ្លួនឯងបាន គឺយើងត្រូវចេះប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នេះឯង»។

ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ក៏មានប្រសាសន៍ផងដែរថា លោកចង់ឃើញកាន់តែច្រើនថែមទៀតពីការចេះប្រែក្លាយនវានុវត្តន៍ ឱ្យទៅពាណិជ្ជូបនីយកម្ម (Innovation to Commercialization)ក្នុងន័យបង្កើតដើម្បីដោះស្រាយបញ្ហា, បង្កើតផលិតផលថ្មីដែលមានទីផ្សារ, បង្កើតផលិតផលដើម្បីបង្កើតតម្លៃបន្ថែមសេដ្ឋកិច្ច និងបង្កើនប្រសិទ្ធភាពដំណើរការការងារ ផលិតកម្ម ឬសេវាកម្ម និងបង្កើនសមត្ថភាពប្រសិទ្ធភាពរបស់ស្ថាប័ន ឬក្រុមហ៊ុន។ ដូច្នេះហើយមួយជំហានទៅមុខទៀត ដែលជាជំហានសំខាន់ គឺការប្រែក្លាយការរកឃើញ និងការបង្កើតថ្មី ឱ្យក្លាយទៅជាផលិតផលដែលអាចលក់ដាច់លើទីផ្សារ និងប្រទេសជាតិត្រូវការ។ ប៉ុន្តែកិច្ចការនេះ ទាមទារការចូលរួម ការគាំទ្រ និងកិច្ចសហការរវាងអ្នកស្រាវជ្រាវ, នវានុវត្តករ, ស្ថាប័នរដ្ឋ និងធនាគារ ព្រមទាំងអ្នកផលិត ដោយរួមទាំងអ្នកប្រើប្រាស់ នៅក្នុងប្រព័ន្ធអេកូឡូស៊ីប្រទាក់ក្រឡាមួយ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia