ព័ត៌មាន
តំបន់ទេសចរណ៍ក្នុងខេត្តកំពត និងខេត្តកែប កំពុងទទួលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែម ឲ្យកាន់តែទាក់ទាញ
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងខេត្តកែប រដ្ឋបាលជលផល និងក្រុមការងារLASED បានបើកការដ្ឋានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅសហគមន៍តំបន់ឆ្នេរ សហគមន៍នេសាទព្រែកត្នោត, ត្រពាំងរពៅ, ត្រពាំងសង្កែ, កំពង់សាមគ្គី ខេត្តកំពត និងសហគមន៍នេសាទអូរក្រសារ ខេត្តកែប ដែលការវិនិយោគនេះ ដើម្បីបង្កើតមុខរបរបន្ថែមជូនប្រជាសហគមន៍,ធ្វើឱ្យជីវភាពរបស់ប្រជាសហគមន៍ទាំងអស់មានភាពល្អប្រសើរឡើង និងបង្កើនទេសចរណ៍ទៅកំសាន្តនៅក្នុងតំបន់សហគមន៍ទាំងនេះបានកាន់តែច្រើន ។
ក្នុងឱកាសអញ្ជើញបើកបឋមសិលាសាងសងហេដ្ឋារចនាសម្ព័ន្ធ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ខេត្តកែប និងខេត្តព្រះសីហនុ មានប្រសាសន៍ថា ផ្ដើមចេញពីអ្វីដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ និងក្រោមកិច្ចសហការពីអាជ្ញាធរមូលដ្ឋាន ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតនិងខេត្តកែប រដ្ឋបាលជលផល និងក្រុមការងារ LASED បានបើកការដ្ឋានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនេះ ដើម្បីបង្កើតមុខរបរបន្ថែមជូនប្រជាសហគមន៍ដែលពីមុនគឺនេសាទតាមបែបធម្មជាតិនិងប្រពៃណីទំនៀមទម្លាប់ ការចិញ្ចឹម និងដើម្បីបង្កើនទេសចរណ៍ទៅកំសាន្តនៅក្នុងតំបន់សហគមន៍ទាំងនេះបានកាន់តែច្រើនឡើងដែលនឹងជួយដល់ជីវភាពរបស់ប្រជាសហគមន៍ឲ្យកាន់តែប្រសើរ ដោយបច្ចុប្បន្ន ប្រជាជនកម្ពុជាកំពុងពេញចិត្តនឹងការទៅលំហែជាគ្រួសារ ជាក្រុមនៅតាមបណ្ដាសហគមន៍ដែលមានធម្មជាតិស្រស់ស្អាត បដិសណ្ឋារកិច្ចល្អ ម្ហូបអាហារឈ្ងុយឆ្ងាញ់និងមានអនាម័យ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យក្រុមការងារចុះមូលដ្ឋានរៀបចំអភិវឌ្ឍន៍ខេត្តទៅតាមសក្តានុពលរបស់ខេត្តនីមួយៗ សំដៅធ្វើយ៉ាងណាឱ្យជីវភាពរបស់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងបណ្តាមូលដ្ឋានសហគមន៍នៃខេត្តកំពត ខេត្តកែបនិងខេត្តព្រះសីហនុ កាន់តែល្អប្រសើរឡើង មានជីវិតរស់នៅជួបជុំគ្នាប្រកបដោយសេចក្តីសុខសុភមង្គលនិងភាពរីកចម្រើន។
ជាមួយនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ឆ្លើយតបតាមទស្សនៈវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលចង់ឱ្យជីវភាពរបស់ប្រជាពលរដ្ឋប្រសើរឡើងនោះ ក្នុងនាមក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត និងខេត្តកែប ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងធ្វើយ៉ាងណាឆ្លើយតបតាមទស្សនៈវិស័យទាំងនោះដើម្បីជំរុញបង្កើតមុខរបរឱ្យបានជាក់លាក់ជូនដល់ប្រជាពលរដ្ឋឱ្យមានប្រាក់ចំណូល មានប្រាក់សន្សំ កាត់បន្ថយបំណុលគ្រួសារ មានលំនៅឋានរស់នៅសមរម្យ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ កូនចៅប្រជាពលរដ្ឋបានទទួលការសិក្សាអប់រំចប់ចុងចប់ដើមគ្រប់ៗគ្នា និងមានពេលវេលាសម្រាប់លំហែ ដូច្នេះហើយទើបក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពតនិងខេត្តកែប បានខិតខំរៀបចំសាងសង់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសហគមន៍តំបន់ឆ្នេរសហគមន៍នេសាទព្រែកត្នោត, ត្រពាំងរពៅ, ត្រពាំងសង្កែ, កំពង់សាមគ្គី ខេត្តកំពតនិងសហគមន៍នេសាទអូរក្រសារ ខេត្តកែប នាពេលនេះឡើង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សង្ឃឹមថា ក្រោយពេលសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួចរាល់ សហគមន៍ទាំងនេះនឹងក្លាយជាសហគមន៍រុងរឿងរឹងមាំ, ជាសហគមន៍សុខសាន្តដែលលើកតម្កើងពហុវប្បធម៌ក្នុងសង្គមជាតិ, ចេះយកអាសារគ្នាទៅវិញទៅមក, ជីវភាពរស់នៅកាន់តែល្អប្រសើរជាងមុន ហើយកូនចៅប្រជាពលរដ្ឋក្នុងសហគមន៍ទាំងនេះនឹងមានលទ្ធភាពរៀនសូត្រឱ្យបានចប់ចុងចប់ដើមគ្រប់ៗគ្នា ហើយប្រជាជនកម្ពុជានឹងពេញចិត្តក្នុងការទៅលំហែជាគ្រួសារ ជាក្រុមនៅតាមបណ្ដាសហគមន៍ដែលមានធម្មជាតិស្រស់ស្អាត បដិសណ្ឋារកិច្ចល្អ ម្ហូបអាហារឈ្ងុយឆ្ងាញ់ និងមានអនាម័យ ៕ អត្ថបទបានសុខរិទ្ធិ







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច