ព័ត៌មាន
ឆ្នាំ២០២៥កន្លងមកនេះ កម្មវិធីជាតិកំចាត់រោគរបេង រក្សាបាន អត្រាព្យាបាលជោគជ័យបាន ៩៦% ដែលលើសពីគោលដៅចំណុចប្រចាំឆ្នាំ ដែលកំណត់ត្រឹមតែ ៩០%
ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា បានលើកឡើងថា ក្នុងឆ្នាំ២០២៥កន្លងមកនេះ កម្មវិធីជាតិកំចាត់រោគរបេង បានទទួលសមិទ្ធិផលថ្មីៗថែមទៀត ពិសេសគឺការរក្សាបាន អត្រាព្យាបាលជោគជ័យបាន ៩៦% ដែលលើសពីគោលដៅចំណុចប្រចាំឆ្នាំ ដែល កំណត់ត្រឹមតែ ៩០%។
ការថ្លែងរបស់លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា យ៉ាងដូច្នេះក្នុងពិធីបើកសន្និបាតការងារកំចាត់រោគរបេងទូទាំងប្រទេសលើកទី២៩ ប្រចាំឆ្នាំ២០២៥ រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ ក្រោមវត្តមានឯកឧត្តម វេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងអង្គការWHO ប្រចាំកម្ពុជា និងតំណាងអង្គការដៃគូអភិវឌ្ឍ និងលោក លោកស្រី ទាំងអស់ អញ្ជើញមកចូលរួម ផ្ទាល់ ក្នុងអង្គសន្និបាតការងារកំចាត់រោគរបេង ប្រចាំឆ្នាំ ២០២៥ និងចូលរួមតាមរយ:តាមប្រព័ន្ធ និម្មិត (Zoom) នៅពេលនេះ។
លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា បានបន្តថា ការងារស្រាវជ្រាវជំងឺរបេងសរុបបាន ២៩ ៧៩៤ ករណី ។ សកម្មភាពសហការការងារ របេងអេដស៍ មាននៅគ្រប់ស្រុកប្រតិបត្តិទាំងអស់នៅឆ្នាំ ២០២៥ ដែលក្នុងឆ្នាំ២០០៨ មានតែ ៥៧ ស្រុក ប្រតិបត្តិប៉ុណ្ណោះ ហើយសេវា របេងកុមារក៏មាននៅគ្រប់ស្រុកប្រតិបត្តិផងដែរ ។ ការងាររបេងសហគមន៍មាន នៅគ្រប់ស្រុកប្រតិបត្តិដោយសហការជាមួយអង្គការដៃគូ ឯសេវា PPM មាននៅ ៦៤ស្រុកប្រតិបត្តិ ក្នុង ខេត្តចំនួន ១៥ ក្នុងឆ្នាំ២០២៥។
លោកវេជ្ជបណ្ឌិត បន្ថែមទៀតថា ការងារប្រយុទ្ធនឹងជំងឺរបេងនៅព្រះរាជាណាចក្រកម្ពុជាទទួលបានជោគជ័យគួរជាទីមោទនៈ។ ជាក់ ស្តែង តាមរបាយការណ៍អង្គការសុខភាពពិភពលោកឆ្នាំ២០២៥ បង្ហាញថា អត្រាស្លាប់ដោយសារជំងឺរបេង នៅកម្ពុជាបានធ្លាក់ចុះពី ៨០ ករណី ក្នុងចំណោមប្រជាជន ១០០ ០០០ នាក់ ក្នុងឆ្នាំ២០០០ មកត្រឹម ១៨ ករណីក្នុងចំណោមប្រជាជន ១០០ ០០០ នាក់នៅឆ្នាំ២០២៤ ដែលស្មើនឹងការធ្លាក់ចុះ ៧៨%។ ចំណែកឯ អត្រាអាំងស៊ីដង់ក៏បានធ្លាក់ចុះពី ៨៥៣ ករណី ក្នុងចំណោមប្រជាជន ១០០ ០០០ នាក់ នៅឆ្នាំ២០០០ មក ត្រឹម ២៧២ ករណី ក្នុងចំណោមប្រជាជន ១០០ ០០០ នាក់នៅឆ្នាំ២០២៤ ដែលស្មើនឹងការធ្លាក់ចុះ៦៨%។ ផ្អែកតាមចំណាត់ថ្នាក់ថ្មី នៃប្រទេសដែលមានបន្ទុកជំងឺរបេងធ្ងន់ធ្ងរ ក្នុងពិភពលោកដែលបានប្រកាសដោយ អង្គការសុខភាពពិភពលោកក្នុងត្រីមាសទី២ ឆ្នាំ២០២១ កន្លងមកនេះ បានបញ្ជាក់ថាប្រទេសកម្ពុជាយើងពុំ ស្ថិតនៅក្នុងចំណោមប្រទេស៣០ ដែលមានបន្ទុកជំងឺរបេងធ្ងន់ធ្ងរ ក្នុងពិភពលោកទៀតទេ ពីឆ្នាំ២០២១ ដល់ឆ្នាំ ២០២៥ ទោះជាយ៉ាងនេះក្តីប្រទេសកម្ពុជាយើង ស្ថិតនៅក្នុងតារាងបញ្ជី ប្រទេសដែលនៅតែមានការគាំទ្រ ឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីសហគមន៍អន្តរជាតិ រាប់បញ្ចូលទាំងអង្គការសុខភាពពិភពលោកផងដែរ។ ឯលទ្ធផលនៃ ការអង្កេតរកប្រេវ៉ាឡង់ជំងឺរបេងនៅកម្ពុជាលើកទី៣បានបង្ហាញថា ប្រេវ៉ាឡង់នៃជំងឺរបេងវិជ្ជមានបេកា (Solid Culture Positive TB Prevalence) បានធ្លាក់ចុះ ប្រមាណ ៤៩% នៅចន្លោះឆ្នាំ២០១១ និង២០២៣។
នាឱកាសនោះ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ថា សម្រាប់ការងារកំចាត់រោគរបេងក្នុងអំឡុងឆ្នាំ ២០២៦-២០២៧ ខាងមុខនេះ យើងនឹងមានកិច្ចការជាច្រើនដើម្បីបំពេញ ស្របតាមយុទ្ធសាស្ត្របញ្ចប់ជំងឺរបេង និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព ។
ដើម្បីសម្រេចបានទិសដៅឆ្នាំថ្មី ២០២៦ នេះ ក៏ដូចជាឆ្នាំបន្ត សូមយកឱកាសនេះមានចំណាប់អារម្មណ៍មួយចំនួន ដូចតទៅ៖ 1. ត្រូវខិតខំធ្វើយ៉ាងណា ស្រាវជ្រាវរកករណីជំងឺរបេងគ្រប់សណ្ឋានឲ្យបានច្រើនថែមទៀត ស្របតាមទិសដៅថ្មី របស់កម្មវិធីជាតិ និងអន្តរជាតិ ពោលគឺការទទួលបានសេវាជំងឺរបេងជាសកល។
2. ត្រូវយកចិត្តទុកដាក់ពង្រឹងការអនុវត្តន៍គោលនយោបាយ ក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺរបេង ដោយពុំ ត្រូវបានបង់ថ្លៃឡើយដើម្បីជាការជំរុញលើកទឹកចិត្តអ្នកជំងឺឲ្យឆាប់មកទទួលសេវារបេងប្រកបដោយគុណភាព។
3. ត្រូវខិតខំពង្រឹងថែមទៀត ការព្យាបាលបង្ការជំងឺរបេង ការងាររបេងកុមារ និងពិសេសការអង្កេតស្រាវជ្រាវរកជំងឺ របេង ក្នុងចំណោមអ្នករស់នៅជិតស្និទ្ធិជាមួយនឹងអ្នកជំងឺរបេង និងក្រុមមានហានិភ័យខ្ពស់ ដូចជាក្នុងចំណោម អ្នកផ្ទុកមេរោគអេដស៍ អ្នកកើតទឹកនោមផ្អែម ក្រុមមនុស្សមានវ័យចំណាស់ និងនៅតាមពន្ធនាគារជាដើម ។
4. បន្តពង្រឹងការសហការការងាររបេងស៊ាំថ្នាំ និងរបេង-អេដស៍ ដើម្បីកាត់បន្ថយបន្ថែមទៀត អត្រាកើតជំងឺរបេង និងស្លាប់ដោយសារបញ្ហានេះ។
5. ត្រូវស្វែងរកធនធានបន្ថែម ដោយសហការយ៉ាងជិតស្និទ្ធិជាមួយនឹងភាគីពាក់ព័ន្ធ។
ការងារទាំងនេះទាមទារឲ្យមាន ការចូលរួមយ៉ាងជិតស្និទ្ធបន្ថែមទៀត ពីគ្រប់ភាគីពាក់ព័ន្ធ ពិសេសការរួមគ្នាជាមួយដៃគូ អភិវឌ្ឍន៍ អាជ្ញាធរដែនដី និងសហគមន៍មូលដ្ឋាន ស្ថាប័នសុខាភិបាលពាក់ព័ន្ធទាំងឡាយ ព្រមទាំងស្ថាប័នមិនមែនសុខាភិបាល ផ្សេងទៀត សំដៅបញ្ចប់ជំងឺរបេង នៅថ្ងៃអនាគត៕
អត្ថបទ រដ្ឋា





-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន7 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន5 days agoអ្នកនយោបាយគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ស្នើបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន7 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន2 days agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ