ព័ត៌មាន
ក្រសួងការងារត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីជួយពលករខ្មែរនៅថៃ ក្នុងករណីមានការបញ្ជូនមកកម្ពុជាវិញ ”មានទាំងការងារ និងអត្ថប្រយោជន៍ផ្សេងៗ”
អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ស៊ុន មេសា បានថ្លែងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីជួយដល់បងប្អូនពលករខ្មែរដែលផុតសុពលភាពបណ្ណការងារនៅក្នុងប្រទេសថៃ ខណៈឱកាសការងារនៅកម្ពុជាមានរាប់ម៉ឺនកន្លែង សម្រាប់ត្រៀមផ្ដល់ជូនបងប្អូនពលករខ្មែរដែលត្រឡប់មកស្រុកវិញ។

លោក ស៊ុន មេសា ថ្លែងនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ថា រាជរដ្ឋាភិបាលដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការ បានត្រៀមខ្លួនជានិច្ចក្នុងការរង់ចាំទទួលស្វាគមន៍បងប្អូនពលករខ្មែរដែលផុតសុពលភាពបណ្ណការងារនៅប្រទេសថៃ ខណៈដែលឱកាសការងាររាប់ម៉ឺនកន្លែង កំពុងរង់ចាំបងប្អូនពលករមកពីប្រទេសថៃ។

លោកបន្តថា បុគ្គលិក និងកម្មករនិយោជិតដែលកំពុងធ្វើការងារនៅក្នុងប្រទេសកម្ពុជា មានឱកាសទទួលបានប្រាក់ខែខ្ពស់ប្រហាក់ប្រហែលនៅប្រទេសថៃដែរ ថែមទាំងមានសេវាថែទាំសុខភាព តាមរយៈបេឡាជាតិសន្ដិសុខសង្គម(ប.ស.ស.), ធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងមានប្រាក់សោធន ខណៈដែលនៅប្រទេសថៃ មិនមានសេវាទាំងអស់នេះសម្រាប់ជួយគាំពារដល់ពលករខ្មែរដែលមិនមានឯកសារគ្រប់គ្រាន់នោះទេ។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា៖«យើងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះស្ថានភាពបងប្អូនពលករយើងដែលផុតសុពលភាពត្រឹមថ្ងៃនេះ ហើយខ្ញុំក៏សូមបញ្ជាក់ថា នៅកម្ពុជាមានការងាររាប់ម៉ឺនកន្លែងដែលអាចផ្តល់ប្រាក់ចំណូលសមរម្យជូនបងប្អូនពលករ ក្នុងករណីដែលពួកគាត់ចង់រកការងារនៅក្នុងស្រុក។ បើទោះបីមិនមានជំនាញក៏យើងមានរៀបចំវគ្គបណ្តុះបណ្តាលវគ្គខ្លីៗ ហើយអាចទទួលបានថវិកាចាប់តាំងពីថ្ងៃចូលរៀនដំបូង។ ដូចនេះមិនមានអ្វីគួរឱ្យបារម្ភឡើយ»។

ក្នុងនាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានអំពាវនាវឱ្យពលករខ្មែរវិលត្រឡប់មកកាន់មាតុភូមិវិញ មុនពេលមានការបណ្តេញចេញពីសំណាក់អាជ្ញាធរថៃ ដើម្បីចៀសវាងការប្រមាថ ឬបញ្ហាផ្សេងៗ។ រាជរដ្ឋាភិបាលត្រៀមខ្លួនជាស្រេចក្នុងការទទួលស្វាគមន៍ពលករទាំងអស់ ទោះបីជាមាន ឬគ្មានឯកសារស្របច្បាប់ក៏ដោយ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ អតីតពលករខ្មែរដែលបានវិលត្រឡប់មកពីប្រទេសថៃប្រមាណជាង ៦៥ម៉ឺននាក់ ក្នុងចំណោមជាង ៨០ម៉ឺននាក់ទទួលបានឱកាសការងារ ខណៈជាង ៣៣ម៉ឺននាក់កំពុងធ្វើការងារក្នុងប្រព័ន្ធ និងអ្នកទទួលបានឱកាសការងារនៅក្រៅប្រព័ន្ធប្រមាណជាង ៣២ម៉ឺននាក់៕





-
ព័ត៌មាន1 week agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន1 week agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
កីឡា4 days agoជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំហ្វឹកហាត់ ជាមួយការផ្លាស់ប្ដូរសមាសភាពកីឡាករថ្មី ២រូប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ
-
ព័ត៌មាន4 days agoក្រសួងសុខាភិបាល និង UNICEF បន្តពង្រឹងភាពជាដៃគូ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពមាតា និងកុមារនៅកម្ពុជា
-
ព័ត៌មាន6 days agoអាជ្ញាធរខេត្តព្រៃវែង និងស្វាយរៀងអះអាងថាបណ្ដាញ Online Scams ធំៗត្រូវបានបង្ក្រាប និងបន្តតាមប្រមាញ់ក្រុមបំបែកខ្លួន
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញចូលរួមសម្ពោធទីស្នាក់ការគណបក្សឃុំស្វាយរំពារ ខេត្តកំពង់ស្ពឺ