ព័ត៌មាន
ការវិភាគមុខងារ បានកាត់បន្ថយអគ្គនាយកដ្ឋានចំនួន៣នាយកដ្ឋាន២៦ និងបន្តកាត់អង្គភាពដែលមិនដំណើរការ
ការវិភាគមុខងារ និងហេដ្ឋារចនាសម្ព័ន្ធក្រសួងស្ថាប័ន ជាកិច្ចការគន្លឹះមួយ ក្នុងចំណោមវិធានការគន្លឹះទាំង ៣នៃការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ នៃរាជរដ្ឋាភិបាលនីតិកាលទី៧។ បច្ចុប្បន្នការវិភាគមុខងារនេះ បានឈានដល់ការកាត់បន្ថយ អគ្គនាយកដ្ឋានចំនួន ៣ និងនាយកដ្ឋានចំនួន ២៦រួចមកហើយ សម្រាប់ ១៣ក្រសួងស្ថាប័ន រាប់បញ្ចូលទាំងក្រសួងមុខងារសាធារណៈ ដែលជាសេនាធិការលើការងារកំណែទម្រង់រដ្ឋបាលសាធារណៈ។
ក្រសួងមុខងារសាធារណៈ កន្លងទៅបានរៀបចំជាសិក្ខាសាលាជាបន្តបន្ទាប់ ជាមួយគ្រប់ក្រសួងស្ថាប័នទាំងអស់ ស្ដីពីការវិភាគមុខងារ និងហេដ្ឋារចនាសម្ព័ន្ធក្រសួងស្ថាប័ន។ កិច្ចការនេះ បន្តអនុវត្តមកទល់បច្ចុប្បន្ន ដោយមានការសម្រេចជាលទ្ធផលផ្លែផ្កាមួយចំនួន ទៅតាមការដាក់ចេញនូវអភិក្រម របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា “ពង្រឹងជាជាងពង្រីក” ដោយមិនពង្រីកលើសពីអ្វីដែលកំពុងមាន ហើយពង្រឹងអ្វីដែលមានស្រាប់ និងកែសម្រួលមួយចំនួនឱ្យបានសមស្រប។ លទ្ធផលផ្លែផ្កានេះ ក៏ជាការចង់បានរបស់ប្រជាពលរដ្ឋ ដែលចង់ឱ្យមានការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈផងដែរ។
លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានបញ្ជាក់ថា ចំពោះការរៀបចំរចនាសម្ព័ន្ធឡើងវិញ, ក្រសួងមុខងារសាធារណៈ និងក្រសួងស្ថាប័នមួយចំនួន សរុប ១២ ក្រសួងស្ថាប័ន គិតត្រឹមបច្ចុប្បន្ន មិនត្រឹមតែមិនមានការពង្រីកនោះទេ តែបានកាត់បន្ថយអគ្គនាយកដ្ឋាន ចំនួន ៣ និងនាយកដ្ឋាន ចំនួន ២៦ ហើយធនធានមនុស្សរបស់ក្រសួងក៏មិនមានកំណើននោះទេ តែទទួលបានការពង្រឹងសមត្ថភាព និងការទទួលខុសត្រូវបន្ថែម ដើម្បីបង្កើនប្រសិទ្ធភាពការងារ។
លោកជំទាវបញ្ជាក់ដែរថា ការកាត់បន្ថយអគ្គនាយកដ្ឋាន នាយកដ្ឋាន ការិយាល័យ ឬអង្គភាពចំណុះក្រសួងស្ថាប័ន នេះ ពុំមែនធ្វើតាមចិត្តនឹកឃើញនោះទេ។ ការកាត់បន្ថយនេះ គឺឆ្លងកាត់ការប្រជុំពិភាក្សា ពិនិត្យពីភាពចាំបាច់នានាយ៉ាងល្អិតល្អន់ និងធានាថាមិនប៉ះពាល់ដល់ដំណើរការនៃការបំពេញការងារនៅតាមក្រសួងស្ថាប័ន។ លោកជំទាវបញ្ជាក់ថា ការកាត់បន្ថយអង្គភាពណាមួយ គឺដោយដោយសារអង្គភាពទាំងនោះលែងមានភាពចាំបាច់ មិនមានដំណើរការ ឬមានការត្រួតជាន់ការងារគ្នា ដែលត្រូវសម្រេចលុបចោល ផ្ទេរទៅក្រសួងស្ថាប័នតែមួយផ្ដាច់មុខ។
បច្ចុប្បន្ន ក្រសួងមុខងារសាធារណៈ ក៏កំពុងធ្វើការជិតស្និទ្ធជាមួយក្រសួងស្ថាប័នដទៃទៀត ដោយនឹងពិនិត្យមើលភាពជាក់ស្ដែង នៃក្រសួងស្ថាប័នទាំងនោះ ថាតើត្រូវកាត់បន្ថយ ឬកែសម្រួលរចនាសម្ព័ន្ធបែបណា។ លោកជំទាវបញ្ជាក់ដែរថា នេះពុំមែនជាការងារងាយស្រួលនោះទេ។ មិនងាយស្រួល ព្រោះត្រូវដោះស្រាយចំពោះមន្ត្រីដែលរងការប៉ះពាល់ពី ការកែសម្រួលទាំងនេះ។ លោកជំទាវថា គ្មានការកាត់មន្ត្រីនោះទេ តែពួកគាត់ត្រូវបំពេញតួនាទី នៅតាមផ្នែកផ្សេងទៀត ដែលមិនមានការប៉ះពាល់។ ចំពោះប្រាក់បៀវត្សនៅរក្សាដដែល តែអាចមានការប៉ះពាល់លើប្រាក់មុខដំណែង។
គួរបញ្ជាក់ថា ក្រសួងស្ថាប័ន ដែលមានការកែសម្រួល និងមានការកាត់បន្ថយ អគ្គនាយកដ្ឋាន៣ នាយកដ្ឋាន២៦ខាងលើនោះ គឺសំដៅលើ ក្រសួងមុខងារសាធារណៈ ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងពាណិជ្ជកម្ម ក្រសួងសុខាភិបាលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងរ៉ែនិងថាមពល បណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មកម្ពុជា និង អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព៕
អត្ថបទ៖គឹមហុក





-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច