ព័ត៌មាន
ប្រធានគណៈកម្មាធិការជាតិអេស្កាប់កម្ពុជាថ្លែងអំណរគុណដៃគូអភិវឌ្ឍន៍ និង UN-ESCAP បានគាំទ្រ និងផ្តល់ជំនួយបច្ចេកទេសនានាក្នុងដំណើរអភិវឌ្ឍន៍របស់កម្ពុជា
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ក្រោមកិច្ចសហការរវាង គណៈកម្មការសេដ្ឋកិច្ចនិងសង្គមប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិករបស់អង្គការសហប្រជាជាតិ (UN-ESCAP) និងការិយាល័យតំណាងជាន់ខ្ពស់របស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ដែលគ្មានដែនសមុទ្រ និងរដ្ឋកំពុងអភិវឌ្ឍន៍កោះតូចៗ (UN-OHRLLS) គណៈកម្មាធិការជាតិអេស្កាប់កម្ពុជា បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលអាណត្តិកម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួចនៃតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ក្រោមអធីបតីភាពរបស់ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់កម្ពុជា។
កិច្ចប្រជុំនេះ មានការចូលរួមពីលោកជំទាវ Armida Salsiah Alisjahbana អគ្គលេខាធិការរង UN និងជាប្រធាន UN-ESCAP, លោកជំទាវ Rabab Fatima អគ្គលេខាធិការរង UN និងជាតំណាងជាន់ខ្ពស់ការិយាល័យ UN-OHRLLS, ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំកម្ពុជា តំណាងក្រសួងស្ថាប័នកម្ពុជា និងតំណាងមកពីប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) បង់ក្លាដេស ឡាវ នេប៉ាល់ ទីម័រឡេស្តេ ប្រទេសកោះសូឡូមុន និងកោះទូវ៉ាលូ។
ក្នុងសុន្ទរគន្លឹះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា កម្មវិធីសកម្មភាពដូហា គឺជាការប្តេជ្ញាចិត្តរួមរបស់សហគមន៍ពិភពលោកដើម្បីគាំទ្រប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច តាមរយៈការពង្រឹងភាពធន់ ការពង្រីកឱកាស និងការគាំទ្រដល់ការចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួចប្រកបដោយចីរភាព និងមិនត្រលប់ក្រោយ។ ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បានចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច និងមួយចំនួនទៀតនឹងចាកចេញនាពេលខ្លីខាងមុខ ដែលក្នុងនោះ កម្ពុជាគ្រោងនឹងចាកចេញនៅក្នុងឆ្នាំ២០២៩។
ឯកឧត្តមបានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជំរុញឱ្យមានគោលនយោបាយជាតិ ដែលលើកកម្ពស់ការអភិវឌ្ឍប្រកបដោយបរិយាន្ន ការធ្វើពិពិធកម្មសេដ្ឋកិច្ច បរិវត្តកម្មឌីជីថល និងការធ្វើសមាហរណតំបន់កាន់តែរឹងមាំ។ អាទិភាពទាំងនេះ គឺស្របតាមគោលដៅនៃកម្មវិធីសកម្មភាពដូហាសម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួច នៃតំបន់អាស៊ី និងប៉ាស៊ីហ្វិក។
ក្នុងនោះដែរ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងស្ថាប័នពាក់ព័ន្ធ ដែលបានដើរតួនាទីសំខាន់ក្នុងការងារចាកចេញពីឋានៈប្រទេសមានការអភិវឌ្ឍតិចតួច និងការអនុវត្តកម្មវិធីសកម្មភាពដូហា។ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះដៃគូអភិវឌ្ឍន៍ និងទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់នៅកម្ពុជា និងជាពិសេសចំពោះ UN-ESCAP សម្រាប់ការគាំទ្រ និងការផ្តល់ជំនួយបច្ចេកទេសនានា ក្នុងដំណើរអភិវឌ្ឍន៍របស់កម្ពុជា។










-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន7 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន7 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន6 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន1 day agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន7 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន