ព័ត៌មាន
មន្រ្តីជំនាញក្រសួងបរិស្ថានបន្តចុះពិនិត្យបន្ថែមលើទីតាំងរោងចក្រ និងក្រុមហ៊ុននានាតាមបណ្តោយដងស្ទឹងព្រែកត្នោត បន្ទាប់ពីមានសេចក្តីរាយការណ៍ ករណីមានត្រីងាប់ កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ
នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នេះ ក្រុមមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខណ្ឌដង្កោ រដ្ឋបាលសង្កាត់ក្រាំងពង្រ និងអាជ្ញាធរភូមិទឹកថ្លា បានបន្តចុះត្រួតពិនិត្យតាមដាន រកប្រភពបំពុល ដែលបានបង្កឲ្យត្រីងាប់នៅស្ទឹងព្រែកត្នោត នាពេលកន្លងមក ស្តិតក្នុងភូមិសាស្ត្រសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រហូតដល់សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ (ផ្នែកខ្សែទឹកខាងលើនៃចំណុចដែលមានសេចក្តីរាយការណ៍ករណីមានត្រីងាប់)។
ក្រុមការងារបានធ្វើការពិនិត្យស្ថានភាព នៅតាមដងស្ទឹងព្រែកត្នោត ដែលពាក់ព័ន្ធនឹងការបញ្ចេញសំណល់រាវ ពីតាមរោងចក្រ ចូលស្ទឹងព្រែកត្នោត ចំនួន ៣ ក្រុមហ៊ុន គឺ៖
១-ក្រុមហ៊ុន GLOBAL XILIN ជាប្រភេទរោងចក្រខាលអំបោះ និងជ្រលក់ពណ៌។ ក្រុមហ៊ុននេះ មានអាងប្រព្រឹត្តិកម្មសំណល់រាវ និងបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ រួចរាល់។ សំណល់រាវក្រោយការសម្អាតរួច បានបង្ហូរចូលស្ទឹង តាមរយៈលូបង្កប់។ ក្រុមការងារបានយកសំណាកទឹកមកវិភាគ និងបានធ្វើតេស្តបឋម ឃើញកម្រិត pH=7.90។
២-ក្រុមហ៊ន HI BLUE ជាប្រភេទរោងចក្របោកគក់ខោខៅប៊យ។ ក្រុមហ៊ុននេះ មានអាងប្រព្រឹត្តិកម្មសំណល់រាវ និងបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ រួចរាល់។ សំណល់រាវក្រោយការសម្អាតរួច បានបង្ហូរចូលស្ទឹងព្រែកត្នោត តាមរយៈលូបង្កប់ ដែរ។ ក្រុមការងារបានយកសំណាកទឹកមកវិភាគ និងបានធ្វើតេស្តបឋម ឃើញកម្រិត pH=7.56។
៣-ក្រុមហ៊ន TAK SUN ជាក្រុមហ៊ុន ទទួលសេវាសម្អាតសំណល់រាវ ចេញពីរោងចក្រកែច្នែរោមសត្វ របស់ក្រុមហ៊ុន Sunjoy និងក្រុមហ៊ុន Cipel។ ក្រុមហ៊ុននេះ មានអាងប្រព្រឹត្តិកម្មសំណល់រាវ និងបានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ រួចរាល់។ សំណល់រាវក្រោយការសម្អាតរួច បានបង្ហូរចេញតាមរយៈលូសាធារណៈ និងចុងក្រោយ បានហូរចូលស្ទឹងតាមរយៈប្រឡាយទឹកលូ។ ក្រុមការងារបានយកសំណាកទឹកមកវិភាគ និងបានធ្វើតេស្តបឋម ឃើញកម្រិត pH=7.26។
ជារួមក្រុមការងារបានពិនិត្យឃើញថា កម្រិតប៉ារ៉ាម៉ែត្រ pH រកឃើញ ស្ថិតនៅក្នុងចន្លោះដែលអាចទទួលយកបានពី 6.5–8.5 ដែលបង្ហាញពីលក្ខខណ្ឌសមស្រប សម្រាប់ជីវិតក្នុងទឹក និងការប្រើប្រាស់ទឹកទូទៅ។ ការបញ្ចេញសំណល់រាវ ពីរោងចក្រទាំង ៣ ខាងលើ ពុំមានចំណុចគួរឲ្យសង្ស័យ ដែលបានបញ្ចេញសំណល់រាវបំពុលតំបន់ទឹកសាធារណៈ នោះឡើយ។
ក្រៅពីការចុះត្រួតពិនិត្យក្នុងរោងចក្រខាងលើ ក្រុមការងារបាន ធ្វើការចុះពិនិត្យស្ថានភាពតាមដងស្ទឹងព្រែកត្នោត និងបានយកសំណាកទឹកពាក់ព័ន្ធនឹងការបំពុល មកវិភាគ និងបានធ្វើតេស្តគុណភាពទឹកបឋម ឃើញមានដូចខាងក្រោម៖
– សំណាកទឹកស្ទឹង នៅនៅចំណុចស្ពានទឹកថ្លា (ផ្លូវជាតិលេខ៣) ឃើញកម្រិតអុកស៊ីសែនរលាយក្នុងទឹក DO=4.5mg/l (អនុលោមស្តង់ដា >3 mg/L) កម្រិតpH=7.25 កម្រិតសីតុណ្ហភាពT=30.54 អង្សារសេ (ម៉ោង 10.09)
– សំណាកទឹកលូ នៅចំណុចផ្សារទឹកថ្លា (ទឹកប្រឡាយបង្ហូរសំណល់រាវពីរោងចក្រ Tak Sun លាយជាមួយទឹកលូចេញពីតាមលំនៅឋាន) បង្ហូរចូលស្ទឹងព្រែកត្នោត ហើយពិនិត្យឃើញកម្រិត DO=1.80mg/l pH=7.12 T=31.41 អង្សារសេ (ម៉ោង 10.37)
– សំណាកទឹកសំណល់បង្ហូរចេញពីក្រុមហ៊ុន Tak Sun នៅចំណុចក្នុងអណ្តូងលូ ស្ថិតនៅព្រំប្រទល់រវាងភូមិទឹកថ្លា និងភូមិព្រៃសំព័រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ហើយឃើញកម្រិត DO=1.92mg/l (អនុលោមស្តង់ដា >3 mg/L) pH=7.78 T=31.68 អង្សារសេ (ម៉ោង 11.10)
– ស្ថានភាពទឹកស្ទឹងព្រែកត្នោត នៅជាប់នឹងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ពុំឃើញមានបញ្ហាគួរឲ្យកត់សម្គាល់ឡើយ គឺមានលក្ខណៈធម្មតា។ ក្រុមការងារ បានធ្វើតេស្តគុណភាពទឹកស្ទឹង នៅចំណុចក្រោយរោងចក្រ Marvel ឃើញកម្រិត DO=4.83mg/l (អនុលោមស្តង់ដា >3 mg/L) និង pH=7.99។ ប៉ុន្តែ សីតុណ្ហភាពទឹកនៅចំណុចនេះ មានកម្រិត 34.71 អង្សារសេ (នៅម៉ោង13.48 pm)។
យោងតាមការធ្វើតេស្តបឋម មន្រ្តីជំនាញបានធ្វើការវាយតម្លៃដំបូង នាពេលបច្ចុប្បន្ន ស្ថានភាពទឹកស្ទឹងព្រែកត្នោត នៅផ្នែកខ្សែទឹកខាងលើ (Upstream) នៃតំបន់ដែលសង្ស័យមានត្រីងាប់កាលពីពេលថ្មីៗកន្លងមកនេះ (ពីចំណុចស្ពានទឹកថ្លានៃផ្លូវជាតិកេខ៣ ដល់តំបន់សេដ្ឋកិច្ចភ្នំពេញ) មានលក្ខណៈធម្មតា ពុំឃើញមានបញ្ហាគួរឲ្យសង្ស័យឡើយ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបន្តដាក់បទបញ្ជាដល់ក្រុមការងារ បន្តចុះត្រួតពិនិត្យតាមដាន និងស្វែងរកប្រភព ដែលអាចបង្កឱ្យមានករណី បណ្តាលឱ្យមានត្រីងាប់ ក្នុងស្ទឹងព្រែកត្នោតកាលពីពេលថ្មីៗ កន្លងមកនេះ ជាបន្តទៀត នាវេលាថ្ងៃពុធ ទី១ ខែមេសា ឆ្នាំ២០២៦។ ក្រុមការងារនឹងចាត់វិធានការត្រួតពិនិត្យ និងទប់ស្កាត់ការបំពុលទឹកសាធារណៈនៅតំបន់ទំនប់ ៧ មករា (តំបន់កំពង់ទួល) ស្ថិតក្នុងសង្កាត់គងនយ និងសង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ជាបន្តទៀត៕












-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន6 days agoកម្ពស់ទឹកស្ទឹងពោធិ៍សាត់ហក់ឡើងយ៉ាងកំហុគ ឈានដល់កម្រិតប្រកាសអាសន្ន ប្រឈមនិងការជនលិច