ព័ត៌មាន
មកទល់ពេលនេះ នៅសល់ពលរដ្ឋភៀសសឹកជាង ៣ម៉ឺន៥ពាន់នាក់មិនទាន់អាចទៅផ្ទះវិញបានដោយសារយោធាថៃឈ្លានពាន ដាក់ទូកុងតឺន័រ និងបន្លាលួស
តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានឱ្យដឹងថា គិតមកទល់ពេលនេះ នៅសល់ពលរដ្ឋភៀសសឹកជាង ៣ម៉ឺន៥ពាន់នាក់ទៀតនៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយដោយសារតែស្ថានភាពមិនទាន់អំណោយផល ឬដោយសារមានការរារាំងពីសំណាក់កងកម្លាំងថៃតាមរយៈការដាក់ទូរកុងតឺន័រ និងបន្លាលួសដើម្បីបិទផ្លូវ។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានបានឱ្យដឹងទៀតថា ចំណែកជនភៀសសឹកប្រមាណជាង៩៤% ក្នុងចំណោមជនភៀសសឹកសរុបជាង ៦៤ ម៉ឺននាក់ បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញហើយក្រោមការសម្របសម្រួលដោយយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធររាជរដ្ឋាភិបាល។
អ្នកនាំពាក្យបញ្ជាក់ថា រាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី មានគោលនយោបាយច្បាស់លាស់ក្នុងការជួយស្តាឡើងវិញនូវជីវភាពរបស់ប្រជាពលរដ្ឋភៀសសឹក។ ទាំងពលរដ្ឋដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញរួចហើយ និងទាំងពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅវិញបាននៅឡើយសុទ្ធដឹងតែទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់រាជរដ្ឋាភិបាលទាំងសន្តិសុខ សុវត្ថិភាព និងការស្តារជីវភាពរស់នៅរបស់ពួកគេឡើងវិញ។
អ្នកនាំពាក្យអះអាងថា ជាក់ស្តែង ប្រជាពលរដ្ឋភៀសសឹកដែលបានវិលត្រឡប់ទៅផ្ទះសម្បែងវិញ ត្រូវបានក្រសួង ស្ថាប័ន និងអាជ្ញាធរមូលដ្ឋានដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលយកចិត្តទុកដាក់មើលការខុសត្រូវ និងដោះស្រាយបញ្ហាប្រឈមនានាដែលពួកគេជួបប្រទះសំដៅជួយសម្រួល និងរក្សាលំនឹងជីវភាពរបស់ពួកគេ។ ចំណែកពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅវិញបាននៅឡើយត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូនជម្រកដែលមានលក្ខណៈសមរម្យដើម្បីស្នាក់នៅបណ្តោះអាសន្នទម្រាំបញ្ហាព្រំដែនត្រូវបានដោះស្រាយរួចរាល់ដែលអនុញ្ញាតឱ្យពួកគេអាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញនាពេលខាងមុខ។
អ្នកនាំពាក្យបញ្ជាក់ថា ការយកចិត្តទុកដាក់ចំពោះបងប្អូនជនភៀសសឹកត្រូវបានគិតគូរមិនត្រឹមតែលើសន្តិសុខ សុវត្ថិភាព សុខមាលភាព និងជីវភាព ប៉ុណ្ណោះទេ ប៉ុន្តែ រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធក៏គិតគូរដល់ការគាំទ្រផ្នែកស្មារតីផងដែរ។ ជាក់ស្តែង កម្មវិធីជួបសំណេះសំណាលជាមួយបងប្អូនពលរដ្ឋភៀសសឹកក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ត្រូវបានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាប្រារព្ធធ្វើកាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០២៦ ដោយអនុញ្ញាតឱ្យបងប្អូនពលរដ្ឋភៀសសឹកបានចូលរួមកម្សាន្តសប្បាយតាមទំនៀមទម្លាប់ប្រពៃណីជាតិដូចពលរដ្ឋដទៃដែរ។
កម្មវិធីនេះត្រូវបានប្រារព្ធឡើងក្នុងអត្ថន័យផ្សារភ្ជាប់រវាងសមរភូមិមុខនិងសមរភូមិក្រោយ រវាងយុវជន និងជនភៀសសឹក និងដើម្បីបញ្ជាក់ថា គ្មានពលរដ្ឋណាម្នាក់ត្រូវបានបោះបង់ឱ្យនៅឯកាឡើយទោះជាក្នុងកាលៈទេសៈណាក៏ដោយ។ កម្មវិធីបែបនេះ បានធ្វើឱ្យប្រជាពលរដ្ឋភៀសសឹកមានអារម្មណ៍កក់ក្តៅយ៉ាងខ្លាំងដោយបានឃើញការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះសុខទុក្ខរបស់ពួកគេក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ៕
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ