ព័ត៌មាន
ក្រសួងពាណិជ្ជកម្ម ជំរុញធ្វើពិពិធកម្មទីផ្សារ ដើម្បីឆ្លើយតបការកើនឡើងនៃការប្រើប្រាស់ផលិតផលជាតិ
ក្រសួងពាណិជ្ជកម្ម បើកសិក្ខាសាលាស្តីពីការធ្វើពិពិធកម្មទីផ្សារផលិតផលកម្ពុជា ដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការកើនឡើងនូវ ការប្រើប្រាស់ផលិតផលជាតិ ជំនួសឱ្យផលិតផលនាំចូល ដែលជាកម្លាំងចលករជំរុញ SME បង្កើនការផលិត និងពង្រីកសមត្ថភាពបន្ថែម ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ និងជំរុញការធ្វើពិពិធកម្មទីផ្សារនាំចេញ។

ឯកឧត្តម កៅ កោសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លើកឡើងនៅក្នុងសិក្ខាសាលាស្តីពី «ការធ្វើពិពិធកម្មទីផ្សារ ផលិតផលកម្ពុជា» នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ នេះថា ជុំវិញនិងការចូលរួមរបស់ភាគីពាក់ព័ន្ធក្នុងសិក្ខាសាលានេះ បានឆ្លុះ បញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងទំនាក់ទំនងភាពជាដៃគូនឹងគ្នារវាងរដ្ឋ និងឯកជន ដើម្បីស្វែងរកឱកាសពង្រីកទីផ្សារ និងបង្កើនសមត្ថភាពបន្ថែម លើការធ្វើយុទ្ធសាស្ត្រទីផ្សារបែបទំនើប ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ផលិតផលក្នុងស្រុក និងជំរុញការនាំចេញទៅក្រៅប្រទេសឱ្យបានទូលំទូលាយ និងប្រកបដោយចីរភាព។

ឯកឧត្តម បន្ថែម ទាក់ទិនការរៀបចំសិក្ខាសាលានេះដែរ ក៏ជាផ្នែកមួយនៃយុទ្ធនាការ ដែលកន្លងមកក្រសួងបានរៀបចំគាំទ្រ និងជំរុញការប្រើប្រាស់ផលិតផលខ្មែរជាច្រើនលើកច្រើនសារ ដើម្បីឆ្លើយតបទៅនឹងនិន្នាការនៃការកើនឡើង នូវការប្រើប្រាស់ផលិត ផលជាតិរបស់ប្រជាជនកម្ពុជា ជំនួសឱ្យផលិតផលនាំចូល ដែលនេះជាកំលាំងចលាករជំរុញឱ្យសហគ្រាសធុនតូច និងមធ្យម ចាប់ផ្តើមបង្កើនការផលិតទំនិញក្នុងស្រុក និងពង្រីកសមត្ថភាពខ្លួនឯងបន្ថែមទៀត ដើម្បីផ្គត់ផ្គង់តាមតម្រូវការទីផ្សារនាពេលបច្ចុប្បន្ន ក៏ដូចជា ដើម្បីជំរុញការធ្វើពិពិធកម្មទីផ្សារនាំចេញ និងបង្កើនចំណែកទីផ្សារអន្តរជាតិ។
ដោយឡែកផលិតករធំៗកំពុងប្រតិបត្តិការអាជីវកម្មក្នុងស្រុក ថ្លែងថា សិក្ខាសាលាស្តីពីការធ្វើពិពិធកម្មទីផ្សារផលិតផលកម្ពុជា ខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ គឺជាយុទ្ធសាស្ត្រពង្រីកវិសាលភាពនៃការលក់ ឬការនាំចេញទៅកាន់អតិថិជន តំបន់ និង ប្រទេសផ្សេងៗទៀត ដើម្បីកាត់បន្ថយការពឹងផ្អែកលើទីផ្សារតែមួយ ហើយនេះក៏ជាការបង្ហាញឱ្យឃើញអំពីការខិតខំប្រឹងប្រែងរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការជួយបើកទីផ្សារឱ្យវិស័យឯកជនកាន់តែរីកធំធាត់ឡើង។

ឯកឧត្តម កៅ កោសល លើកឡើងឱ្យដឹងថា ក្រសួងពាណិជ្ជកម្មក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បាននិងកំពុងបន្តធ្វើការកែ ទម្រង់យ៉ាងមុតស្រួច ជាពិសេសលើកិច្ចសម្រួលពាណិជ្ជកម្ម ដើម្បីជំរុញការនាំចេញ និងទាក់ទាញវិនិយោគិនទាំងក្នុងនិងក្រៅប្រទេស ឱ្យមកវិនិយោគនៅកម្ពុជាតាមរយៈ ការកសាងលិខិតបទដ្ឋានគតិយុត្តនានា ស្របតាមការវិវត្តនៃសេដ្ឋកិច្ចនិងសង្គម, ការបន្តធ្វើទំនើប កម្មប្រព័ន្ធស្វ័យប្រវត្តិកម្មលើការផ្តល់សេវាសាធារណៈរបស់ក្រសួង, ការចរចាបើកទីផ្សារតាមរយៈការរៀបចំឱ្យមានកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ទាំងក្នុងក្របខ័ណ្ឌទ្វេភាគីពហុភាគី តំបន់និងពិភពលោក, ការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា ដើម្បី តាំងបង្ហាញ និងផ្សព្វផ្សាយផលិតផលខ្មែរ, ការរៀបចំពិព័រណ៍ពាណិជ្ជកម្មកម្ពុជា, ការដាក់ឱ្យប្រើប្រាស់ផ្សារអេឡិចត្រូនិក CambodiaTrade.com និងថ្មីៗនេះក្រសួងក៏បានដាក់ឱ្យដំណើរការ “យុទ្ធនាការផលិតផលជាតិ”ជាដើម ក្នុងគោលបំណងលើក កម្ពស់ការយល់ដឹង និងជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ស្របតាមនិន្នាការកើនឡើងនៃការគាំទ្រផលិតផលខ្មែរ និងបង្ហាញក្តី ស្រលាញ់ផលិតផលខ្មែរ៕ អត្ថបទ៖ សុន រ៉ាឌី




-
ព័ត៌មាន1 week agoអង្គភាពប្រឆាំងអំពើពុករលួយ និងសភាពាណិជ្ជកម្មប្តេជ្ញារួមគ្នាកសាងវប្បធម៌ស្អាតស្អំក្នុងធុរកិច្ច
-
ព័ត៌មាន7 days agoក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី សម្តេចធិបតីក្រើនរំលឹកឲ្យកងកម្លាំងគ្រប់ប្រភេទត្រៀមអន្តរាគមន៍ជួយពលរដ្ឋរងគ្រោះដោយសារទឹកជំនន់
-
ព័ត៌មាន1 week agoសម្តេចប្រធានរដ្ឋសភា៖ សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ជាការចងក្រងបណ្តាញ អ្នកស្រលាញ់សន្តិភាពដើម្បីលើកម្ពស់វិបុលភាពរបស់ប្រជាពលរដ្ឋ
-
ព័ត៌មាន1 week agoក្រុមហ៊ុន ប៊ីវីអឹម និង Intertek ចុះហត្ថលេខាដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្រ្តលើការត្រួតពិនិត្យគុណភាពប្រេងឥន្ធនៈ
-
ព័ត៌មាន7 days agoពលរដ្ឋ៖ កេរ្ដិ៍ឈ្មោះកម្ពុជា នឹងកាន់តែល្អបន្ទាប់ពីជោគជ័យ កម្ទេចមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
-
ព័ត៌មាន1 day agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន6 days agoមន្រ្តីឧទ្យានុរក្សបន្តចុះល្បាតនិងទប់ស្កាត់ការកាប់រានដីព្រៃ ចំនួន១២ករណីនៅក្នុងឧទ្យានជាតិគិរីរម្យ
-
ព័ត៌មាន7 days agoអាជ្ញាធររៀបចំឱ្យអាជីវករដែលរងផលប៉ះពាល់ដោយគ្រោះអគ្គីភ័យនៅផ្សារនាគមាស អាចចូលទៅលក់នៅក្នុងទីតាំងអតីតដីមជ្ឈមណ្ឌលម៉ង់ឌីយ៉ាល់ជាបណ្តោះអាសន្នសិន