ព័ត៌មាន
ប្រធានធនាគារ AIIB ប្ដេជ្ញាបន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានារបស់កម្ពុជា
លោកជំទាវ Zou Jiayi ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ប្ដេជ្ញាបន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានារបស់កម្ពុជា។

លោកជំទាវ Zou Jiayi ប្រធានធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) បានបង្ហាញនូវការប្ដេជ្ញាបែបនេះ ក្នុងឱកាស សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនៃជំនួបនេះ លោកជំទាវប្រធានធនាគារ AIIB បានកោតសរសើរសមិទ្ធផល និងការរីកចម្រើនយ៉ាងរហ័សនៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវគោលដៅអភិវឌ្ឍន៍ជាតិរយៈពេលវែងរបស់រាជរដ្ឋាភិបាល។ លោកជំទាវបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្តល់ទំនុកចិត្ត និងគាំទ្រដល់ធនាគារ AIIB នាពេលកន្លងមក។ លោកជំទាវបានគោរពជម្រាបជូនសម្តេចធិបតីអំពីគោលនយោបាយអាទិភាព ៤ របស់ធនាគារ ដែលរួមមាន៖ ការប្រែប្រួលអាកាសធាតុ និងថាមពលស្អាត, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងឆ្លងប្រទេស, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្របច្ចេកវិទ្យា, និង ការអភិវឌ្ឍវិស័យឯកជន។ លោកជំទាវបានសង្កត់ធ្ងន់ថា គោលនយោបាយអាទិភាពទាំងនេះមានសង្គតិភាព ទៅនឹងចក្ខុវិស័យអភិវឌ្ឍន៍របស់កម្ពុជា។ លោកជំទាវក៏បានបញ្ជាក់ដែរថា កម្ពុជាគឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយ និងប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានា នៅកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។
ជាការឆ្លើយតប សម្ដេចធិបតីបានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាប្រធានធនាគារ AIIB។ សម្តេចធិបតីមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោកជំទាវ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ធនាគារ AIIB នឹងកាន់តែរឹងមាំ និងមានផ្លែផ្កាបន្ថែមទៀត។ សម្តេចធិបតីបានគូសបញ្ជាក់ថា គោលនយោបាយអាទិភាពទាំង ៤ របស់ធនាគារ AIIB ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងវិស័យអាទិភាពរបស់កម្ពុជា។ សម្ដេចធិបតីបានបន្ថែមទៀតថា ចំពោះការអភិវឌ្ឍថាមពលស្អាត រាជរដ្ឋាភិបាលកម្ពុជាបានដាក់គោលដៅជំរុញការប្រើប្រាស់ថាមពលកកើតឡើងវិញឱ្យបាន៧០% នៅឆ្នាំ២០៣០ និងបានដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តឱ្យប្រើប្រាស់រថយន្តអគ្គិសនី (EV) ដើម្បីរួមចំណែកឈានទៅសម្រេចបាននូវគោលដៅ អព្យាក្រឹតកាបូន នាពេលអនាគត។ ជាមួយគ្នានេះ សម្ដេចធិបតីក៏បានគូសបញ្ជាក់ពីការកែសម្រួលវិធានការចាំបាច់មួយចំនួន ក្នុងវិស័យឡូជីស្ទិក និងថាមពល ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់ និងសកលលោក។
មុននឹងបញ្ចប់ សម្ដេចធិបតីបានលើកទឹកចិត្តឱ្យធនាគារ AIIB បន្តពិភាក្សា និងផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីជំរុញការអនុវត្តគម្រោងសហប្រតិបត្តិការជាក់ស្ដែងឱ្យសម្រេចបាននូវលទ្ធផលជាអតិបរមាសម្រាប់ប្រជាជនកម្ពុជា៕


-
PR NEWS7 days agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន7 days agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន6 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
ព័ត៌មាន3 days agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
កីឡា1 week agoMohamed Salah ប្រកាសចាកចេញពី Liverpool នៅដំណាច់រដូវកាលនេះក្រោយចំណាយពេល ៩ឆ្នាំ
-
ព័ត៌មាន2 days agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ