ព័ត៌មាន
អគ្គលេខាធិការរង UN៖ កម្ពុជាស្ថិតលើដំណើរផ្លូវត្រឹមត្រូវឈានចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
លោកជំទាវ Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ និងជាតំណាងជាន់ខ្ពស់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសកំពុងអភិវឌ្ឍន៍ គ្មានព្រំដែនជាប់សមុទ្រ និងប្រទេសដីកោះកំពុងអភិវឌ្ឍន៍តូចៗ បានមើលឃើញថា ប្រទេសកម្ពុជា កំពុងស្ថិតលើដំណើរផ្លូវត្រឹមត្រូវ ដើម្បីឈានចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩។

លោកជំទាវ Rabab Fatima អគ្គលេខាធិការរង អង្គការសហប្រជាជាតិ បានបង្ហាញនូវការគត់សម្គាល់ឃើញបែបនេះ ក្នុងឱកាសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាពនាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះ។
ក្នុងឱកាសនៃជំនួប លោកជំទាវ Rabab Fatima បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើជាម្ចាស់ផ្ទះនៃ «កិច្ចប្រជុំត្រួតពិនិត្យពាក់កណ្ដាលអាណត្តិថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិក នៃកម្មវិធីសកម្មភាពទីក្រុងដូហា (DPoA)»។ លោកជំទាវបានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានដាក់ចេញនូវផែនការអភិវឌ្ឍ និងការអភិរក្សបេតិកភណ្ឌ។ លោកជំទាវ អគ្គលេខាធិការរង បានគូសបញ្ជាក់ថា អង្គការសហប្រជាជាតិ ប្ដេជ្ញាបន្តគាំទ្រកម្ពុជាក្នុងដំណើរការចាកចេញពីប្រទេសអភិវឌ្ឍតិចតួច ហើយអង្គការសហប្រជាជាតិក៏បានបង្កើតក្រុមការងារចំពោះកិច្ច ដើម្បីគាំទ្រដល់ដំណើរការចាកចេញនេះ។ លោកជំទាវអគ្គលេខាធិការរង ក៏បានគូសបញ្ជាក់ផងដែរថា កម្ពុជាបានសម្រេចតាមលក្ខណៈវិនិច្ឆ័យរួចរាល់សម្រាប់ការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) តាមរយៈការវាយតម្លៃចំនួនពីរលើក កន្លងមក។ ជាមួយគ្នានេះ លោកជំទាវបានគូសបញ្ជាក់ថា កម្ពុជាស្ថិតក្នុងដំណើរផ្លូវ ដើម្បីឈានចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩។
ជាការឆ្លើយតប សម្ដេចធិបតីថ្លែងអំណរគុណចំពោះវត្តមានរបស់លោកជំទាវ និងគណៈប្រតិភូ ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្ដាលអាណត្តិសម្រាប់ថ្នាក់តំបន់ អាស៊ីប៉ាស៊ីហ្វិក នៃកម្មវិធីសកម្មភាពទីក្រុងដូហា DPoA ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាឱកាសនេះ និងបានថ្លែងអំណរគុណដល់អង្គការសហប្រជាជាតិ ដែលបានរួមចំណែកដល់ការកសាង ស្ដារ និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ សម្ដេចធិបតី ក៏បានស្វាគមន៍ចំពោះការបង្កើតក្រុមការងារចំពោះកិច្ចរបស់អង្គការសហប្រជាជាតិ ដើម្បីគាំទ្រដំណើរការចាកចេញពីក្រុមប្រទេស LDC របស់កម្ពុជា។ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការជាក់ស្ដែង ដើម្បីកសាងភាពធន់របស់កម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលផ្ដោតលើ ការអភិវឌ្ឍមូលធនមនុស្ស ការដាក់ចេញការកែទម្រង់វិស័យអប់រំ សុខាភិបាល និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុស្របតាមការវិវត្តនៃបច្ចេកវិទ្យារបស់ពិភពលោក និងការជំរុញភាពជាដៃគូជាមួយវិស័យឯកជន ជាដើម។ សម្ដេចធិបតីបានបន្ថែមទៀតថា កម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ ក្នុងក្របខ័ណ្ឌសន្តិភាព និងក្របខ័ណ្ឌដទៃទៀត៕


-
PR NEWS1 week agoសង្វៀនគុនខ្មែរ និងការប្រគំតន្ត្រី GANZBERG Kun Khmer Tour concert រយៈពេល២ថ្ងៃពេញកាន់តែកក្រើក!
-
ព័ត៌មាន1 week agoកម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
-
ព័ត៌មាន1 week agoលិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
-
ព័ត៌មាន7 days agoកម្ពុជាស្នើស្នើសហភាពអឺរ៉ុបបន្តគាំទ្រចក្ខុវិស័យឆ្ពោះទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងបោសសម្អាតយុទ្ធភណ្ឌគ្រឿងបន្សល់ទុកដោយយោធាថៃ
-
ព័ត៌មាន6 days agoរដ្ឋមន្រ្តីជំរុញឱ្យមន្រ្ដីសុខាភិបាលរាជធានី ខេត្តយកចិត្តទុកដាក់លើមរណភាពមាតា និងទារកពេលបង្កកំណើត
-
ព័ត៌មាន3 days agoប្រធានក្រុមការងារចុះមូលដ្ឋានឃុំទងត្រឡាច អំពាវនាវពលរដ្ឋជឿជាក់លើការដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាល
-
កីឡា1 week agoMohamed Salah ប្រកាសចាកចេញពី Liverpool នៅដំណាច់រដូវកាលនេះក្រោយចំណាយពេល ៩ឆ្នាំ
-
ព័ត៌មាន2 days agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ